ខ្មែរ-ថៃ​ព្រមព្រៀង​គ្នា​យក​សោ​មក​ចាក់​បិទ​ច្រក​ទ្វារ​ព្រំដែន​មុខ​ប្រាសាទ​ព្រះវិហារ​វិញ

មេបញ្ជាការ​យោធា​ការពារ​ព្រំដែន​ខ្មែរ-​ថៃ នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែ​ធ្នូ ក្នុង​បំណង​ធានា​ឱ្យ​ស្ថានភាព​ប្រឈមមុខ​ដាក់​គ្នា​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​រឿង​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ ដែល​ស្ងប់ស្ងាត់​ជា​យូរ​មក​ហើយ បាន​ស្ថិត​ក្នុង​សភាព​ដដែល​តទៅទៀត។

ការ​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ទាហាន​ឈុត​ខ្មៅ ទាហាន​ប៉ារ៉ា ព្រមទាំង​ជន​ស៊ីវិល​ថៃ ខ្លះ​ទៀត នាំ​គ្នា​ទៅ​កាត់ផ្ដាច់​ច្រវាក់​សោ​ទ្វារ​ដែល​ចាក់​បិទ​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ អស់​រយៈពេល ៧​ឆ្នាំ​មក​ហើយ​នោះ​មក។

មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​គ្រប់​គង​កម្លាំង​ការពារ​ព្រំដែន​ខ្មែរ ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​លោក​ឧត្ដមសេនីយ៍​ឯក ស្រី ឌឹក។ លោក​មាន​ប្រសាសន៍​កាល​ពី​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​សុក្រ ទី​១៨ ខែ​ធ្នូ ថា មេបញ្ជាការ​ទាហាន​ខ្មែរ-ថៃ បាន​យល់ព្រម​ជាមួយ​គ្នា​យក​សោ​ថ្មី​មក​ចាក់​បិទ​ទ្វារ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​វិញ​ហើយ តាំង​តែ​ពី​ព្រឹក​ព្រលឹម​ម្ល៉េះ។

លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក បញ្ជាក់​ថា មេបញ្ជាការ​យោធា​ខ្មែរ បាន​សំណូមពរ​ទៅ​មេបញ្ជាការ​យោធា​ថៃ កុំ​ឱ្យ​មាន​ពលទាហាន​មក​ធ្វើ​សកម្មភាព​កាត់ផ្ដាច់​សោ​ទ្វារ​ព្រំដែន​ដោយ​ឯកតោ​ភាគី​បែប​នេះ​ត​ទៅ​ទៀត។ លោក ស្រី ឌឹក មិន​ហ៊ាន​ប្រើ​ពាក្យ​ធ្ងន់ធ្ងរ​ទៅ​កាន់​ភាគី​ថៃ​ទេ ប៉ុន្តែ​លោក​ថា ប្រសិនបើ​ទាហាន​ថៃ នៅ​ធ្វើ​បែប​នេះ​ត​ទៀត ហើយ​បើ​ចូល​មក​ទឹកដី​ខ្មែរ​ពេល​ណា គឺ​កង​ការពារ​ព្រំដែន​ខ្មែរ​នឹង​ប្រើ​សិទ្ធិ​ការពារ​អធិបតេយ្យភាព៖ «»។

កាល​ពី​វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​១៧ ខែ​ធ្នូ កន្លង​ទៅ ទាហាន​ឈុត​ខ្មៅ និង​ប៉ារ៉ា ព្រមទាំង​មាន​ជន​ស៊ីវិល​ថៃ ខ្លះ​ទៀត បាន​បើក​រថយន្ត​ជា​ច្រើន​គ្រឿង​មក​ឈប់​នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ហើយ​នាំ​គ្នា​យក​កន្ត្រៃ​ធំ​កាត់​ផ្ដាច់ និង​យក​ច្រវាក់​ចាក់​សោ​ទ្វារ​ព្រំដែន នៃ​ប្រាសាទ​ព្រះវិហារ ទៅ​បាត់ ដោយ​មិន​បាន​ប្រាប់​ឱ្យ​កង​ការពារ​ព្រំដែន​ខ្មែរ​ដឹង​ជា​មុន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។