សាលាក្ដី​ខ្មែរក្រហម​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​ជន​សង្ស័យ អ៊ឹម ចែម

នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ថា កិច្ច​ស៊ើបសួរ​ប្រឆាំង​ជន​សង្ស័យ អ៊ឹម ចែម នៅ​ក្នុង​សំណុំរឿង ០០៤ បាន​បញ្ចប់​ហើយ។

មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​ថា សហ​ចៅក្រម​ការ​ស៊ើបអង្កេត​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ គឺ​ជា​ការ​បិទ​បញ្ចប់​កិច្ច​ស៊ើបសួរ​លើ​អ្នកស្រី អ៊ឹម ចែម ដែល​ធ្វើ​ឡើង​អស់​រយៈ​ពេល ៦​ឆ្នាំ បន្ទាប់​ពី​ទទួល​បាន​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបអង្កេត​ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​ដាក់​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៩។

លោក​បញ្ជាក់​បន្ថែម​ជំហាន​បន្ទាប់​គឺ​ការ​វាយ​តម្លៃ​ភស្តុតាង ដែល​ប្រមូល​បាន​ពី​អ្នកស្រី អ៊ឹម ចែម៖ «ចំពោះ​ករណី​លោកស្រី អ៊ឹម ចែម នេះ បន្ទាប់​ពី​បិទ​ការ​ស៊ើបអង្កេត គឺ​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ​នឹង​ធ្វើការ​វាយ​តម្លៃ និង​វិភាគ​ទៅ​លើ​ភស្តុតាង ឯកសារ​ផ្សេង​ដែល​ជា​ភស្តុតាង ដើម្បី​ឈាន​ទៅ​ដល់​ចុង​ក្រោយ​ធ្វើការ​កំណត់​ថា តើ​ជន​សង្ស័យ​ពិត​ជា​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​យុត្តាធិការ ដែល​ត្រូវ​ធ្វើការ​ជំនុំជម្រះ​ក្ដី ឬ​មួយ​ក៏​យ៉ាង​ណា ដែល​ការ​សម្រេច​ចុង​ក្រោយ​នេះ នឹង​ចេញ​ជា​ដីកា​ដំណោះស្រាយ ដែល​គេ​រំពឹង​ថា នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៦»

កិច្ច​ស៊ើបសួរ​ចំពោះ​អ្នកស្រី អ៊ឹម ចែម ដែល​បាន​បញ្ចប់​នៅ​ពេល​នេះ គឺ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​មនុស្សឃាត ដែល​ជា​ការ​រំលោភ​បំពាន​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​ក្នុង​នោះ​មាន​ការ​ធ្វើ​មនុស្សឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត នៅ​មន្ទីរសន្តិសុខ​ភ្នំ​ទ្រយោង និង​នៅ​ការដ្ឋាន​ស្ពាន​ស្រែង ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បាន​ដាក់​អ្នកស្រី អ៊ឹម ចែម ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​នៅ​ក្នុង​សំណុំ​រឿង ០០៤ ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នេះ ដែល​បាន​ប្រព្រឹត្ត​ឡើង​រវាង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។

លោក នេត្រ ភក្ត្រា ថ្លែង​ថា ជន​សង្ស័យ​នៅ​ក្នុង​សំណុំរឿង ០០៤ ពីរ​រូប​ផ្សេង​ទៀត គឺ​លោក អោ អាន និង យឹម ទិត្យ នៅ​តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ និង​ការ​ស៊ើបអង្កេត​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។