គ.ជ.ប​ពិភាក្សា​ពី​ទម្រង់​ឯកសារ​ជំនួស​អត្តសញ្ញាណប័ណ្ណ​សម្រាប់​បម្រើ​ការ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​គ្នា​លើ​សេចក្ដី​ព្រាង​សេចក្ដី​ណែនាំ​ស្ដីពី​នីតិវិធី​នៃ​ការ​ស្នើ​សុំ​ និង​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​បោះឆ្នោត។ ការ​ពិភាក្សា​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នៅ​ទីស្ដីការ​ គ.ជ.ប ក្នុង​គោលដៅ​ដាក់​ឆ្លង​នូវ​គំរូ ស្ដីពី​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត។

គ.ជ.ប កំពុង​ពិគ្រោះ​ពិភាក្សា​លើ​ទម្រង់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ដើម្បី​ប្រើប្រាស់​ជំនួស​ឲ្យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​២០១៧ ខាង​មុខ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ពី​ការ​ពិភាក្សា ឬ​មាន​ការ​ឯកភាព​ណា​មួយ​ពី​គំរូ​នៃ​ទម្រង់​ឯកសារ និង​ខ្លឹមសារ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្រុម​ការងារ​បាន​ពិភាក្សា​ផ្ដោត​សំខាន់​លើ​ចំណុច​ទម្រង់​ឯកសារ​ដែល​នឹង​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​រឹងមាំ​ខាង​ផ្លូវ​ច្បាប់ ដែល​មាន​នៅ​អាជ្ញាធរ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត និង​សាមី​ខ្លួន៖ «»។

ការ​លើក​យក​បញ្ហា​នេះ​មក​ជជែក នៅ​បន្ទាប់​ពី​មាន​ជំនួប​រវាង គ.ជ.ប និង​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​រៀបចំ​គំរូ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោត និង​សម្រាប់​បោះឆ្នោត។

លោក​បណ្ឌិត ហង្ស ពុទ្ធា បញ្ជាក់​ថា ការ​គិតគូរ​ធ្វើ​ទម្រង់​ឯកសារ​ជំនួស​អត្តសញ្ញាណប័ណ្ណ​សម្រាប់​បម្រើ​ការ​បោះឆ្នោត​នេះ ដោយ​យោង​លើ​ការ​លើក​ឡើង​ពី​ក្រសួង​មហាផ្ទៃ ដែល​អះអាង​ថា នៅ​ឆ្នាំ​២០១៦ ក្រសួង​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​ចំនួន​តែ ៧​លាន​សន្លឹក​ប៉ុណ្ណោះ ស្រប​ពេល​ដែល គ.ជ.ប រក​ឃើញ​ថា អាច​មាន​ពលរដ្ឋ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រមាណ ១០​លាន​នាក់។ ដូច្នេះ គ.ជ.ប ត្រូវ​បង្កើត​ទម្រង់​នេះ ដើម្បី​ដោះស្រាយ​ដល់​ពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​ដែល​អត់​ទាន់​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះ។

ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ តំណាង​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) លោក គល់ បញ្ញា ថ្លែង​ថា ទម្រង់​ឯកសារ​មិន​សំខាន់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ឯកសារ​ត្រូវ​ការ​តម្លាភាព​គឺ​ការ​បើក​ចំហ​ព័ត៌មាន​ឲ្យ​ធ្វើ​សវនកម្ម​បាន ដូច​ជា ការ​ចេញ​ទម្រង់​ឯកសារ​មាន​ចំនួន​ប៉ុន្មាន ត្រឹមត្រូវ​ប៉ុន្មាន និង​ខុស​ប៉ុន្មាន ជៀសវាង​ភាព​មិន​ប្រក្រតី​ដូច​ទម្រង់​ចាស់​នា​ពេល​កន្លង​មក។ លោក​ថា ស្នើ​ឲ្យ គ.ជ.ប គិត​ពី​បញ្ហា​តម្លាភាព និង​ការ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ៖ «»។

សមាជិក គ.ជ.ប ដឹកនាំ​ដោយ​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​ធ្នូ បាន​បើក​កិច្ច​ប្រជុំ​តាម​របៀបវារៈ​មួយ​ចំនួន ក្នុង​នោះ​មាន​របៀបវារៈ​ពិនិត្យ​សេចក្ដី​ព្រាង​សេចក្ដី​ណែនាំ​ស្ដីពី​នីតិវិធី​នៃ​ការ​ស្នើ​សុំ និង​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​ការ​ពិភាក្សា​នេះ​ពុំ​មាន​លទ្ធផល គ.ជ.ប នឹង​បន្ត​ពិភាក្សា​ពី​បញ្ហា​នេះ​បន្ត​ទៀត នៅ​ថ្ងៃ​អង្គារ សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។