ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​ស​ន្ទុ​ក ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​៤​នាក់

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​៤​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ដោយសារ​ហេតុការណ៍​គ្រោះ​រវាង​ម៉ូតូ​និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​១៨ និង​៤០​នាទី ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ នៅ​ចំណុច​ភូមិ​សា​លាស​ន្ទុ​ក ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន ១-​ឈ្មោះ អ៊ី វឌ្ឍនៈ ភេទ​ប្រុស អាយុ​៦​ឆ្នាំ (​ស្លាប់​), ២-​ឈ្មោះ យូ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​របួសធ្ងន់​), ៣-​ឈ្មោះ ថៃ សុ​គ​ន្ធា ភេទ​ស្រី អាយុ​៣១​ឆ្នាំ (​របួសធ្ងន់​) ទាំង​៣​នាក់​ជា​ប្តី​ប្រពន្ធ​និង​កូន រស់នៅ​ភូមិ​ស្តុកស្តម្ភ ឃុំ​ជ្រាប ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​, ៤-​ឈ្មោះ ជា សា​រ៉េ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត ឃុំ​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ (​របួសធ្ងន់​) និង ៥-​ឈ្មោះ មាស ស៊ី​ថា​ន ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ (​របួសស្រាល​) ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ ជា សា​រ៉េ​ត (​អ្នក​បើក​ម៉ូតូ​) និង​ឈ្មោះ មាស ស៊ី​ថា​ន បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1D-7769 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក សង់​កូរ៉េ ពណ៌​ក្រ​ហាម ពាក់​ស្លាក​លេខ ដ​-4245 កំពង់ធំ ជិះ​គ្នា​៣​នាក់​ប្តី​ប្រពន្ធ​និង​កូនប្រុស បណ្ដាល​ឲ្យ​ស្លាប់ និង​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់​ទាំង​២​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​ក ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕