អគ្គិភ័យ​ឆេះ​ផ្ទះ​ឈើ​១​ខ្នង​អស់ទាំង​ស្រុង​នៅ​ស្រុក​ស្ទឹង​សែន

ខេត្តកំពង់ធំ ៖ ផ្ទះ​ឈើ​១​ខ្នង​ដំបូល​ប្រក់​ស័ង្កសី ស្ថិត​នៅ​ក្នុងភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ។

ប្រភព​ព័​ត៌​ពី​ស្ត្រី​ដែល​ត្រូវជា​ម្ចាស់ផ្ទះ​ឈ្មោះ ជិ​ម ណា​រិ​ន អាយុ​៣៦​ឆ្នាំ ជា​ជំនួយការ​ភូមិ​អាចារ្យ​លាក់ មាន​ប្តី ឈ្មោះ ហួ​ន សុខា អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​បរិស្ថាន​ស្រុក​កំពង់ស្វាយ មានកូន​២​នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​របស់​គាត់​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ ទំហំ​៣,៥​ម៉ែត្រ​គុណ​៤,៥​ម៉ែត្រ ។ នៅ​មុន​ពេល​ចេញ​ទៅ​ធ្វើការ​ព្រឹក​ថ្ងៃ​ទី​១៨​ខែធ្នូ​នេះ គាត់​បាន​ពន្លត់ភ្លើង​ធូប​អស់ ហើយដាក់​ដាំបាយ​ខ្សែភ្លើង​ចោលរួច​​ក៏​នាំ​គ្នា​ចេញ​ទៅ​បំពេញការងារ​អស់ ចំណែក​កូន​ៗ​ទាំង​២​នាក់​គាត់​បាន​យក​ទៅ​ផ្ញើរ​បងប្អូន ទើប​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិ​នោះ​ទេ គ្រាន់តែ​អស់​សំលៀក​បំពាក់ សម្ភារៈ និង​ថវិការ​មួយ​ចំនួន​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លើង​ឆេះ​ត្រូវ​បាន​អ្នក​ជិតខាង​នាំ​គ្នា​រត់​មក​ដងទឹក​ពន្លត់ភ្លើង​ដែរ តែ​ពុំ​អាច​ជួយ​បាន​ទេ ទម្រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​ទៅ​ដល់​ផ្ទះ​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ទៅ​ហើយ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​បណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង​ចេញពី​ឆ្នាំ​ដាំបាយ ។

នៅ​រសៀល​ថ្ងៃ​កើតហេតុ លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន ក៏​បាន​នាំ​យក​អំណោយ​សាខា​កាកបាទក្រហម​ក្រុង​ស្ទឹង​សែន​មួយ​ចំនួន និង​របស់​សាខា​កាកបាទក្រហម​ខេត្តកំពង់ធំ​មួយ​ចំនួន ទៅ​ជួយ​ឧបត្ថម្ភ​ដើម្បី​ជួយ​សម្រាលទុក្ខ​ធុរៈ​ដល់​ជន​រង​គ្រោះ​នៅ​ក្នុង​ឧប្បទ្ទវហេតុ​ភ្លើង​ឆេះ​ផ្ទះ​នេះ​មួយ​គ្រា​សិន ។

ក្នុង​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សំណូមព​ដល់​ក្រសួងមហាផ្ទៃ សូម​មេត្តា​ធ្វើ​យ៉ាងណា​ពង្រឹង​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ឲ្យ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​ជួយ​អន្តរាគមន៍​នៅ​ពេល​ណា​ដែល​មាន​អគ្គិភ័យ​កើតឡើង​ផង ពីព្រោះ​កន្លង​មក​នៅ​ពេល​ដែល​មាន​ករណី​អគ្គិភ័យ​កើត​មាន​ម្តង​ៗ មិន​ថា​នៅ​ជិត ឬ​ក៏​ឆ្ងាយ​នោះ​ទេ ទម្រាំ​តែ​មក​ដល់​ភ្លើង​ឆេះ​ស្ទើរ​គ្មាន​សល់​ទៅ​ហើយ ជាក់ស្តែង​ដូច​ជា​ករណី​, ករណី​​ឆេះ​ផ្ទះ​របស់​លោកស្នងការ​ខេត្តកំពង់ធំ ដែល​នៅ​ទល់មុខ​ស្នងការ​ស្រាប់ និង​ឆេះ​ផ្ទះ​លោកស្រី​ស្នងការ​ង​ជាដើម នេះ​ជា​ចំណុចខ្សោយ​របស់​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ខេត្តកំពង់ធំ ៕