ការឈឺចាប់​ត្រង់​កន្លែង​ណា​មួយ​លើ​រាងកាយ​ខាងក្រោម​នេះ​ ​ជា​សញ្ញា​ប្រាប់​ថា​អ្នក​មាន​ជំងឺ​អ្វី​មួយ​ហើយ​

ការឈឺចាប់​ត្រង់​កន្លែង​ណា​មួយ​លើ​រាងកាយ​ខាងក្រោម​នេះ​ ​ជា​សញ្ញា​ប្រាប់​ថា​អ្នក​មាន​ជំងឺ​អ្វី​មួយ​ហើយ​

​យើង​មិន​ត្រូវ​ព្រងើយកន្តើយ​ចំពោះ​ការឈឺចាប់​ដែល​កើតមាន​ឡើង​លើ​ចំណុច​ណាមួយ​នៃ​រាងកាយ​នោះទេ ព្រោះ​វា​អាច​ជា​សញ្ញា​បញ្ជាក់ថា​មាន​ជំងឺ​អ្វី​មួយ​កើតឡើង​ហើយ​បាន​។ បើ​តាម​ពួក​គ្រូពេទ្យ ការឈឺចាប់​៩​ប្រភេទ​ខាងក្រោម​នេះ​មាន​ការទាក់ទង​ផ្ទាល់​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​។​
១- បេះដូង​
​បើ​មាន​ជំងឺ​បេះដូង អ្នក​អាច​នឹង​មាន​ការ​ឈឺទ្រូង នៅ​ពី​ខាងក្រោយ​សន្ទះ​ទ្រូង​។ តែ​អ្នក​ក៏​អាច​ឈឺ​នៅ​ដៃ​ខាងឆ្វេង ឬ​ឈឺ​ខ្នង​ផ្នែក​ខាងលើ ផងដែរ​។ ការឈឺចាប់​នៅ​កន្លែង​ដែល​ជាប់ទាក់ទង​ទៅ​នឹង​បេះដូង ត្រូវតែ​មាន​ការយកចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំង ព្រោះ​វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​បាន​។​
២- សួត និង​សន្ទះ​ទ្រូង​
​ការ​មាន​ជំងឺ​នៅ​សួត ឬ​នៅ​សន្ទះ​ទ្រូង​អាច​ធ្វើឱ្យ​មាន​ការឈឺចាប់​នៅ​ក ឬ​ផ្នែក​ខាង​លើ​ស្មា​។ ហេតុការណ៍​នេះ​កើតមានឡើង​នៅពេលដែល​មាន​បញ្ហា​នៅក្នុង​ការដកដង្ហើម ហើយ​ភ្ញោ​ច​ទៅលើ​សរសៃប្រសាទ nerf phrénique ដែល​ត​ភ្ជាប់​ក​ទៅ​ទ្រូង​រហូត​ដល់​សន្ទះ​ទ្រូង​។ ជាទូទៅ បញ្ហា​ដែល​កើតមាន​នៅ​សួត​តែងតែ​ធ្វើ​ឱ្យ​ឈឺ​សាច់ដុំ​ក និង​ផ្នែក​ខាង​លើ​របស់​រាងកាយ​។​
៣- ថ្លើម និង​ប្រមាត់​
​ជំងឺ​នៅ​ថ្លើម​និង​ប្រមាត់​ធ្វើឱ្យ​មាន​ការឈឺចាប់​នៅ​ក និង​ស្មា​ផ្នែក​ខាងលើ រួម​ទាំង​ផ្នែក​ខាងស្តាំ​នៃ​ដងខ្លួន ផងដែរ ចំ​ពី​លើ​ផ្ចិត​បន្តិច​។ ការឈឺចាប់​នេះ​វា​ស្រដៀង​គ្នា​ទៅ​នឹង​ការឈឺចាប់​ដោយ​ជំងឺ​នៅ​សន្ទះ​ទ្រូង​ដែរ ព្រោះ​ថ្លើម​និង​ប្រមាត់​ស្ថិតនៅ​ជិត​សន្ទះ​ទ្រូង​។ គឺជា​ការឈឺចាប់​ខ្លាំង មិនមែន​គ្រាន់តែ​រឹង​កញ្ចឹងក នោះទេ​។ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ហើយ​។​
៤- ក្រពះ និង​លំពែង​
​ការឈឺ​ផ្ទួនៗ​នៅ​ផ្នែក​ខាងមុខ ឬ​ផ្នែក​ខាងក្រោយ​ដងខ្លួន​ជា​សញ្ញា​បញ្ជាក់​ថា​អាច​មាន​ជំងឺ​ក្រពះ ឬ​លំ  ពែ​ង​។ អ្នកជំងឺ​ប្រហែលជា​៥០%​ដែល​កើត​ជំងឺ​រលាក​លំពែង​ស្រួចស្រាវ​ច្រើន​ឈឺ​នៅ​ខ្នង​។ កាលណា​មាន​ការឈឺ​បែបនេះ អ្នក​ត្រូវ​រវាសរវៃ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​កំណត់​ឱ្យ​ច្បាស់​ថា​មាន​ជំងឺ​លើ​សរី រាង្គ​ណា​ពិតប្រាកដ​។​
៥- ពោះវៀន​តូច​
​ឈឺពោះ​គឺជា​រឿង​ដែល​តែងតែ​កើតមាន​ញឹកញាប់ ក៏​ប៉ុន្តែ​បើ​ឈឺ​ខ្លាំង​នៅត្រង់​ជិតៗ​ផ្ចិត វា​អាច​បណ្តាលមកពី​បញ្ហា​ទាក់ទង​ទៅ​នឹង​ពោះវៀនតូច​ហើយ​។ បើ​នៅ​តែ​ឈឺ​ជាប់ ហើយ​មាន​អា​ការៈចង់​ក្អួតចង្អោរ​ផង អ្នក​ត្រូវ​ឆាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​។​
៦- ពោះវៀន​ធំ និង​ការ​រលាក​ខ្នែង​ពោះវៀន​
​មាន​បញ្ហា​នៅ​ពោះវៀន​ធំ និង​មាន​ការ​រលាក​ខ្នែងពោះវៀន​ច្រើនតែ​ធ្វើ​ឱ្យ​ឈឺចាប់​ក្នុង​ពោះ​។ ការ​រលាក​ខ្នែងពោះវៀន​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បាន ដូច្នេះ​ត្រូវ​ឆាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​។​
៧- តម្រង​នោម​
​បើសិនជា​មាន​ជំងឺ​ទាក់ទង​ទៅនឹង​តម្រង​នោម វា​នឹង​ធ្វើឱ្យ​ឈឺចាប់​នៅ​ផ្នែក​ខាងក្រោម​ខ្នង នៅ​ពោះ នៅ​ចង្កេះ រាលដាល​ទៅ​ដល់​ផ្នែក​ខាងលើ​ភ្លៅ​ថែមទៀត​។ អ្នក​ក៏ត្រូវ​ឆាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ដែរ​។​
៨- ផ្លោក​នោម​
​បញ្ហា​នៅ​ផ្លោក​នោម​ធ្វើ​ឱ្យ​ឈឺចាប់​នៅ​ផ្នែក​ខាងក្នុង​ត្រគាក និង​ក្នុង​ពោះ​ផងដែរ ព្រោះ​ផ្លោក​នោម​ស្ថិតនៅ​ក្នុង​ខ្នង​ផ្នែក​ខាងក្រោម​។ បើសិនជា​ព្រម​គ្នា​នោះ​អ្នក​ក៏​មាន​ការលំបាក​ក្នុងការ​នោម​ទៀតផង អ្នក​ត្រូវ​រវាសរវៃ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ហើយ​។​
៩- អូវែ​រ​
​បញ្ហា​នៅ​ក្រពេញ​អូវែរ​អាច​បង្ក​ការឈឺចាប់​នៅក្នុង​ពោះ​ទាំងសងខាង​។ គីស​នៅក្នុង​អូវែរ​អាច​ធ្វើឱ្យ​ឈឺ​ខ្លាំង នៅ​ខាង​ម្ចាង​នៃ​ពោះ​។ បើសិនជា​មាន​មហារីក​អូវែរ​វិញ វា​អាច​ធ្វើឱ្យ​ស្លាប់​បាន​។ បើសិនជា​អ្នក​មាន​ការឈឺចាប់​ក្នុង​ពោះ អ្នក​ត្រូវ​រវាសរវៃ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​។​
​បើ​តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​នៅក្នុង the Journal of Clinical Endocrinology & Metaboliam ការកើតមាន​គីស​ច្រើន​នៅក្នុង​អូវែរ​អាច​ធ្វើឱ្យ​កើត​ជំងឺ​បេះដូង ទឹកនោម​ផ្អែម ហោ​យ​និង​មហារីក​ស្បូន ទៀតផង​។​
​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។