កម្ពុជា-​ថៃ​ចុះ​អនុស្សរណៈ​មួយ​ចំនួន​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង២

រដ្ឋាភិបាល​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នេះ ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគ​យល់​គ្នា​មួយ​ចំនួន​ទាក់ទិន​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​២។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ក្រោយ​ការ​ចុះហត្ថលេខា​ថា ពិធី​នោះ​បាន​ធ្វើ​នៅ​ចំពោះ​មុខ​លោក និង​លោក​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-o-cha)។

ក្នុង​នោះ​ភាគី​ទាំង​២ បាន​ព្រមព្រៀង​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា-​ថៃ លើក​ទី​២ លើ​កិច្ច​ព្រមព្រៀង​ចំនួន​២ គឺ​ការ​ប្រើប្រាស់​កម្លាំង​ពលករ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា-​ថៃ។ ក្នុង​នោះ​ក៏​មាន​អនុស្សរណៈ​យោគយល់​ចំនួន​២​ដែរ គឺ​ការ​អភិវឌ្ឍ​ច្រក​ទ្វារ​អន្តរជាតិ ស្ទឹង​បត់-ណងអៀន និង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ នេះ លោក ហ៊ុន សែន ក៏​នឹង​ជួប​ជាមួយ​សហគមន៍​ធុរកិច្ច​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។