តា​ចាស់​ម្នា​ក់បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​បន្ទាប់ពី​ជិះ​ម៉ូតូ​វ៉ា​ឡាន​ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​តា​ចាស់​ម្នាក់ទៀត​កំពុង​ដឹកឈើ​ប្រណីត​ដួល​បាក់​ចង្កេះ​យ៉ាង​វេទនា​

​ខេត្តរតនគិរី​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ឡើង​វ៉ា​រថយន្ត​១​គ្រឿង​ហើយ​បាន​ជ្រុល​ទៅបុក​នឹង​ម៉ូតូ​គ្រឿង​ដែល​កំពុងបើក​បញ្ច្រាសទិស​គ្នា​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវកែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ភូមិ​សឹក ឃុំ​តា​អង ស្រុក​កូន​មុំ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា កាលពី​វេលា​ម៉ោង​ខាងលើ​ម៉ូតូ​២​គ្រឿង​ជិះ​បញ្ច្រាស ទិស​គ្នា​។ ម៉ូតូ​សង​ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង 1D-6954 ជិះ​ដោយ​បុរស​ចំណាស់​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក ចៃដន្យ​ម៉ូតូ​កែ​១​គ្រឿង​ដឹកឈើ​ប្រណីត​ធ្វើ​ចរាចរណ៍​ពី​លិច​មក​កើត​ក៏​បុក​គ្នា​ចំ​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​លោកតា​វ័យ​ចំណាស់​ម្នាក់​ផ្លោង​ធ្លាក់​ទៅលើ​ចិញ្ចើមផ្លូវ ហើយ​បាន​ស្លាប់​ភ្លាមៗ និង​ភាគី​ម្ខាង​ទៀត​បាក់​ចង្កេះ​។​

​ប្រភព​បាន​បន្តថា លោកតា​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​មាន ឈ្មោះ ខា គិ ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ មានមុខ​របរ​អតីត​ជា​មេឃុំ​ស្រែ​អង្គ្រង​។ រីឯ​ម៉ូតូ​មួយគ្រឿង​ទៀត​អ្នកបើកបរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ម៉េង ហួរ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ក្នុង​ក្រុង​បាន​លុង ដឹកឈើ​ប្រណីត​ចំនួន ៣​ដុំ រងរបួស​បាក់​ចង្កេះ​។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​វាស់វែង​នាំយក​ម៉ូតូ ២​គ្រឿង​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​អូរ​ចេង ហើយ​បាន​បញ្ជូន​អ្នករងរបួស​តាម​រថយន្ត​សង្គ្រោះបន្ទាន់​មក​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ លី វណ្ណ​:

KA-18-12-2015-01 KA-18-12-2015-02 KA-18-12-2015-03 KA-18-12-2015-04 KA-18-12-2015-05