ចិន​គំរាម​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​លក់​អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់

ចិន​គំរាម​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​លក់​អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់

លោក Zheng Zeguang អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​និយាយ​ថា ប្រទេស​ចិន​នឹង​ចាត់​វិធានការ​ចាំបាច់​នានា រួម​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ការ​លក់​សព្វាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់។

ការ​ប្រកាស​របស់​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​កាល​ពី​ថ្ងៃ​ពុធ​ថា​ សហរដ្ឋ​អាមេរិក​គ្រោង​នឹង​លក់​សព្វាវុធ​ក្នុង​តម្លៃ​ទឹក​ប្រាក់​ជាង​១ពាន់​៨រយ​លាន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​នោះ​បាន​នាំ​ឲ្យ​មាន​ការ​តវ៉ា​ជា​ផ្លូវ​ការ​ពី​ប្រទេស​ចិន ដោយ​ប្រទេស​ចិន​បាន​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​ទាំង​នោះ។

អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក Zheng Zeguang បាន​កោះ​ហៅ​ ឧបការី​អាមេរិក​គឺ លោកស្រី Kaye Lee ដែល​ជា​អ្នក​ការ​ទូត​អាមេរិក​កម្រិត​ខ្ពស់​បំផុត​ទី២​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង។ ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា លោក Zheng បាន​និយាយ​ថា «ប្រទេស​ចិន​នឹង​ចាត់​វិធានការ​ដែល​ចាំបាច់​នានា ដោយ​រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដែល​ចួលរួម​នៅ​ក្នុង​ការ​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ផងដែរ»។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ដល់​សភា​អាមេរិក​កាល​ពី​ថ្ងៃពុធ​អំពី​ផែនការ​របស់​ខ្លួន​ក្នុង​ការ​លក់​នាវា​ចម្បាំង​ពីរ​គ្រឿង មីស៊ីល​ប្រឆាំង​រថក្រោះ រថយន្ត​ចម្បាំង​ដែល​អាច​បើក​ក្នុង​ទឹក​បាន​ ហើយ​និង​ប្រព័ន្ធ​មីស៊ីល​ Stinger ដែល​អាច​បាញ់​ពី​ផ្ទៃរាប​ទៅ​អាកាស​បាន។ នេះ​គឺ​ជា​ការ​លក់​សព្វាវុធ​អាមេរិក​លើក​ដំបូង​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ចុងក្រោយ​នេះ។

​ប្រទេស​ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ដែន​ដី​របស់​ខ្លួន ហើយ​បាន​គំរាម​ឈ្លានពាន​កោះ​នោះ ប្រសិន​បើ​កោះ​នោះប្រកាស​ឯករាជ្យ​ភាព​របស់​ខ្លួន​នោះ។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​ការបរទេស​ចិន​បាន​ជំរុញ​រដ្ឋាភិបាល​លោក​អូបាម៉ា​ឲ្យ​លុបចោល​ការ​លក់​សព្វាវុធ​ទាំង​នោះ ហើយ «ធ្វើអ្វី​មួយ​ដែល​មាន​លក្ខណៈ​អំណោយផល​ជាង​នេះ ដល់​ទំនាក់ទំនង​អាមេរិក​ ចិន និង​ការ​អភិវឌ្ឍ​ដោយ​សន្តិវិធី​នៃ​ទំនាក់ទំនង​នេះ»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសអាមេរិក លោក David McKeeby បាន​និយាយ​ថា ការ​លក់​អាវុធ​នេះ អនុលោម​ទៅតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ក្នុង​ការ​ផ្តល់​សព្វាវុធ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់ មាន​សមត្ថភាព​ការពារ​ខ្លួន​បាន៕