បុរស​ម្នាក់​ជិះ​ម៉ូតូ​ប៉ះ​គ្នា​ជាមួយ​ឡាន​ដួល​បោក​ក្បាល​ស្លាប់​​នៅ​ផ្លូវ​ជាតិ​លេខ៤

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​​​​ជិះ​ម៉ូតូ​ប៉ះ​គ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​ហើយ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ពុំ យ៉ា​ណូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្រះ​តា​ដឹ​ម ឃុំ​អង្គរ​សរ ស្រុក​មេ​សាង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ម៉ាក ហុងដា​ ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1D-8323 ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ខាង​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​ប៉ះគ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ស ១​គ្រឿង មិន​ចាំ​ស្លាក​លេខ ដែល​បើក​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​​នឹង​ថ្នល់​បែក​ក្បាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍​ចុះ​មក​ធ្វើការ​វាស់វែង និង​កំពុង​ព្យាយាម​ស្វែងរក​ទំនាក់ទំនង​ទៅ​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕