គាត់​ថា​មានកូន​ទើប​រៀបការ តែ​បែរជា​បដិសេធ​

នាង​ខ្ញុំ​បច្ចុប្បន្ន​អាយុ ២៧ ឆ្នាំ មិន​ស្អាត​ប៉ុន្មាន​ទេ ប៉ុន្តែ​គួរឱ្យ​ស្រឡាញ់​មិត្តភក្តិ​ទាំងឡាយ​របស់​នាង​ខ្ញុំ​សុទ្ធតែ​ថា​យ៉ាងនេះ ។ កាលពី ៤ ឆ្នាំមុន នាង​ខ្ញុំ​បាន ស្រឡាញ់​បុរស​ម្នាក់​មាន​រូបរាង​សង្ហា​គួរសម មាន​ការងារ​ត្រឹមត្រូវ និង មាន​សេដ្ឋកិច្ច មធ្យម ។ បន្ទាប់ពី​ស្រឡាញ់គ្នា​បាន​ប៉ុន្មាន​ខែ ទើប​នាង​ខ្ញុំ​ដឹងថា​គាត់​ធ្លាប់មាន​សង្សារ ហើយ​ទំនាក់ទំនង​របស់​ពួកគេ​អូសបន្លាយ ៦ ឆ្នាំ ប៉ុន្តែ​មិនបាន​រៀបការ នោះទេ ព្រោះ​គាត់​មិន​ព្រម ។

នាង​ខ្ញុំ​ធ្លាប់បាន​សួរ​អំពី​ទំនាក់ទំនង​រវាង​គាត់ និង សង្សារ​ចាស់ គាត់​ប្រាប់ថា មាន​មូលហេតុ​ជាច្រើន​ដូចជា​គាត់​ជា​បុរស​សង្ហា ចំណែក​នាង​នោះ​មាន​សម្រស់​មិន​ស្អាត​ត្រូវ​ឪពុកម្តាយ​គាត់ និង មិត្តភក្តិ​រិះគន់ ។ ក្រោយមក​នាង​ខ្ញុំ​ក៏​ដាក់ចិត្ត ស្រឡាញ់​គាត់ ហើយ​យើង​បាន​ដើរ​ហួស​គន្លង​ប្រពៃណី និង បានរស់នៅ​ដូចជា​ប្តី ប្រពន្ធ ។ មួយឆ្នាំ​ក្រោយមក​គាត់​និយាយថា ចង់​មានកូន​ជាមួយ​នាង​ខ្ញុំ​ទើប​រៀបការ​ជា​ក្រោយ ព្រោះ​ខ្លាច​បន្ទាប់ពី​រៀបការ​យើង​មិន​មានកូន​ពិបាក​ដោះស្រាយ ។ នាង​ខ្ញុំ​ស្រឡាញ់​គាត់ ម្យ៉ាង​នាង​ខ្ញុំ​ក៏​ដល់​អាយុ​នឹង​គួរតែមាន​គ្រួសារ ទើប យល់ព្រម​តាម​គាត់ ។

រយៈពេល​ប្រហែល ៧ ខែក្រោយ​មក នាង​ខ្ញុំ​ទិញ​ឧបករណ៍ ពិនិត្យ​ទឹកនោម​ទើប​ដឹងថា​ខ្លួន​កំពុងមាន​ផ្ទៃពោះ នាង​ខ្ញុំ​ក៏​ប្រញាប់​ទូរស័ព្ទ​ប្រាប់ ដំណឹង​ល្អ​ដល់​គាត់ ដែល​កាលណោះ​គាត់​នៅឯ​ខេត្តបាត់ដំបង ព្រោះតែ​ការងារ របស់គាត់​តែង​តម្រូវឱ្យ​គាត់​ចុះ​ទៅតាម​ខេត្ត ។ គាត់​ឆ្លើយថា សបា្តហ៍​ក្រោយ​គាត់ នឹង​ត្រឡប់មក ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង គាត់​បាន​ប្តូរ​គំនិត ហើយ​ប្រាប់​ឱ្យ​នាង​ខ្ញុំ​ទៅយក​កូន​ចេញ ។ ពេលនោះ​នាង​ខ្ញុំ​មាន​អារម្មណ៍​ខឹង​ផង​ខកចិត្ត​ផង ។ នាង​ខ្ញុំ​សួរ​ទៅ​គាត់​ថា ហេតុអ្វី​បានជា​គាត់​និយាយថា​ចង់​មានកូន​ជាមួយ​នាង​ខ្ញុំ​ហើយ បែរជា​ពេលនេះ​មក​បដិសេធ ? គាត់​ថា​គាត់​និយាយ​លេង ហើយ​មិន​មានបំណង​នឹង​រៀបការ​ជាមួយ​នាង​ខ្ញុំ​នោះដែរ ។

នាង​ខ្ញុំ​នៅតែ​សម្រេចចិត្ត​រក្សាទុក​កូន​នេះ ហើយ​ក៏បាន​និយាយប្រាប់​ឪពុក ម្តាយ​គាត់​ពួកគាត់​ក៏បាន​យល់​ព្រមឱ្យ​រៀបការ ប៉ុន្តែ​សង្សារ​ខ្ញុំ​បែរជា​មិន​ព្រម ទទួល ។ គាត់​បានមករ​កនាង​ខ្ញុំ​ប្រាប់​ឱ្យ​យក​កូន​ចេញ ហើយ​គាត់​នឹង​ឱ្យប្រាក់ ប៉ុន្មាន​លាន​រៀល ដើម្បី​មើលថែ​សុខភាព ។ នាង​ខ្ញុំ​ប្រាប់ថា​ទោះជា​ម្ភៃ សាមសិប លាន​ក៏​មិនត្រូវ​ការ​ដែរ ។ ​បញ្ហា​រយ​ជំពូក​បានកើត​ឡើង ណាមួយ​គ្រួសារ​ក្រីក្រ​រស់នៅ​ម្នាក់ឯង ការងារ ក៏​មិនមាន​ស្ថិរភាព ថែមទាំង​មាន​ផ្ទៃ​ញេះ​ទៀត ប្រហែល​ដោយសារ​នាង​ខ្ញុំ​គិត ច្រើន​ខ្លាំងពេក ទើប​ធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​រង​ផលប៉ះពាល់​នៅពេល​មាន​អាយុ ៥ សបា្តហ៍ ដោយ​មានការ​ហូរឈាម​ច្រើន ។

សបា្តហ៍​ទី ៨ នាង​ខ្ញុំ​ទៅ​មើល​អេកូ​មិនឃើញ​មាន​សញ្ញា​ចង្វាក់បេះដូងរ​បស់​កូន​សោះ គ្រូពេទ្យ​ប្រាប់ថា​កូន​បាន​ស្លាប់​ទៅហើយ ។ រយៈពេល ៦ ខែ​កន្លងផុតទៅ​គាត់​ក៏បាន​មករក​នាង​ខ្ញុំ​ដើម្បី​សុំទោស និង និយាយ​ពាក្យ​ផ្អែមល្ហែម​ដាក់​នាង​ខ្ញុំ ។ ពេលនេះ​នាង​ខ្ញុំ​អាយុ ២៨ ឆ្នាំ មិនមាន អ្នកណា​នៅក្បែរ ហើយក៏​មិន​យកចិត្តទុកដាក់​ចំ​ញេះ​បុរស​ដទៃ បើ​ទោះ​មាន​បុរស​ជាច្រើន​តាម​ស្រឡាញ់ ។ គាត់​មក​មើល​នាង​ខ្ញុំ​រាល់ថ្ងៃ និង តែង​និយាយ​លួង លោម​ស្និទ្ធស្នាល​ដូច​គ្រា​មុន ។ ១ ខែ ២ ខែ កន្លងផុតទៅ គាត់​នៅតែ​មក​ថែទាំ នាង​ខ្ញុំ​ធ្វើឱ្យ​មនោសញ្ចេតនា​គ្រា​ដើម​បាន​ពុះកញ្ជ្រោល​ឡើងវិញ ។

បច្ចុប្បន្ន​នាង​ខ្ញុំ​នៅតែ​ស្រស់ស្អាត​ដូច​កាលពីមុន ហើយ​ក៏មាន​មនុស្ស​ជា ច្រើន​តាម​ចង់បាន ប៉ុន្តែ​ពួកគេ​មិនអាច​ជំនួស​បុរស​ដែល​ធ្លាប់​បានធ្វើឱ្យ​នាង​ខ្ញុំ​ឈឺចាប់​នោះទេ ។ នាង​ខ្ញុំ​កំពុង​ព្រួយបារម្ភ​ជាខ្លាំង​មិនដឹង​ត្រូវ​ទទួលយក​គាត់​វិញ ឬ មួយ​យ៉ាងណា ! សូមជួយ​ផ្តល់យោបល់​ដ​ល់​នាង​ខ្ញុំ​ផង !

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​

​តាម​សេចក្តី​ដែល​នាង​បាន​រៀបរាប់​ឃើញថា​បុរស​នោះ​គួរតែ​មិនមាន​មុខមាត់​មកជួប​នាង​នោះទេ ព្រោះ​គេ​បានសម្លាប់​កូន​ខ្លួនឯង​ចោល​ដោយ​មិនមាន​ក្តីមេត្តា​សោះ ។ ប៉ុន្តែ​ប្រសិន​គេ​និយាយ​អំពី​មនោសញ្ចេតនា គេ​នឹង​ជឿថា មិន​មានរឿង​អ្វីដែល​នឹង​មិនអាច​កើតឡើង ដូច្នេះ​ទំនាក់ទំនង​ស្នេហា​ដែល​កើតឡើង​វិញ រវាង​នាង និង បុរស​នោះ​ក៏​មិន​ខុសគ្នា​នោះដែរ ស្នេហា​គឺជា​ថ្នាំបន្សាប​អ្វី​បាន​ទាំងអស់ ប៉ុន្តែ​នៅពេល​គេ​ពិនិត្យ​ទៅលើ​បុរស​ម្នាក់​នោះ គេ​នឹង​យល់ថា គេ​ជា មនុស្ស​មិនគួរ​ឱ្យ​ទុកចិត្ត ។

គេ​ធ្លាប់មាន​ស្នេហា​រយៈពេល ៦ ឆ្នាំ ជាមួយ​នារី​ម្នាក់ មុនពេល​មក​ស្រឡាញ់​នាង ប៉ុន្តែ​បែរជា​មិន​ព្រម​រៀបការ ចំណែក​នាង​វិញ​គេ​ធ្លាប់ និយាយថា​នៅពេល​មានកូន​ទើប​រៀបការ ហើយ​ពេល​មានកូន​បែរជា​ឱ្យ​យក​កូន ចេញ ហើយ​ថែមទាំង​ថា​មិនបាន​ស្រឡាញ់ និង មិនមាន​បំណង​រៀបការ​ទៅវិញ ។ ដូច្នេះ​គេ​អាច​ដឹង​ប្រាកដថា​គេ​នោះ​មិនមែនជា​មនុស្ស​ល្អ ។​ ខ្ញុំ​មិនដឹងថា​នាង​នៅ​រំពឹង​អ្វី​ពី​បុរស​ម្នាក់​នោះ​ទៀត​ទេ ។ គេ​មាន​សេដ្ឋកិច្ច​សមល្មម​អាច​ពិចារណា​ទៅលើ​រឿង​អ្វី​ក៏បាន ប៉ុន្តែ​សូម្បីតែ​កូនបង្កើត​របស់ខ្លួន​ក៏​គេ​ដាច់ចិត្ត​ប្រហារ ។

តើ​គេ​អាច​ផ្តល់​សេចក្តីសុខ​ដល់​នាង បន្ទាប់ពី​នាង​បាន​ផ្សះផ្សា និង ប្រគល់​អ្វី​ជូន​គេ​នោះ​ម្តងទៀត​ឬទេ ? តាម​យោបល់​ខ្ញុំគេ​នោះ​មិនបាន​ស្រឡាញ់​នាង​ទេ ។ ប្រសិនបើ​ស្រឡាញ់​នាង​មែន​នោះ គេ​ពិតជា​មិន​ធ្វើឱ្យ​នាង​ឈឺចាប់​រហូតដល់​បាត់បង់​កូន​ក្នុង​ផ្ទៃ បែបនេះ ។ ចូរ​ភ្ញាក់ខ្លួន​ឡើង ! បុរស​ដូច​គេ​មិនអាច​ផ្តល់​ភាពសុខសាន្ត​ដល់​នាង​បាន ឡើយ ។ នៅពេល​នាង​បង្កកំហុស​ដដែល​ម្តងទៀត​នោះ នាង​ប្រហែលជា​ពិបាក​នឹងធ្វើ​ចិត្ត​ឱ្យ​ដូច​មនុស្ស​ធម្មតា ព្រោះថា​ពេលនោះ​នាង​នឹងមាន​អាយុ​កាន់តែច្រើន ហើយក​ម្លោះ​ទាំងឡាយ​នឹងមិន​ហ៊ាន​មក​ក្បែរ​នាង​បន្ទាប់ពី​បានដឹង​រឿង​ទាំងអស់ របស់​នាង ។

ល្អ​បំផុត​នាង​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​បុរស​ម្នាក់​នោះ ហើយ​ស្វែងរក​អនាគត ថ្មី ។ នាង​និយាយថា​នាង​នៅមាន​សម្រស់ មាន​បុរស​ជាច្រើន​តាម​ស្រឡាញ់ ដូច្នេះ​ការស្វែងរក​បុរស​ដែល​ស្រឡាញ់​នាង​ពិតប្រាកដ ចេះ​យកចិត្ត​នាង គឺ​មិនមែនជា​ការលំបាក​នោះទេ ។ សូម​ជូនពរ​នាង​មាន​អនាគត​ល្អ​ជាង​នេះ !

គាត់​ថា​មានកូន​ទើប​រៀបការ តែ​បែរជា​បដិសេធ​