សហរដ្ឋអាម៉េរិក និងគុយបា ផ្តើមទំនាក់ទំនង សេវាកម្ម ហោះហើរ ឡើងវិញ

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក និងគុយបា សម្រេចបាននូវ គម្រោងទ្វេភាគី ក្នុងការផ្តើមឡើងវិញ នូវសេវាកម្មហោះហើរទៅមករវាងប្រទេស ទាំងពីរ នេះបើយោងតាមប្រភព ពីក្រសួងការបរទេស សហរដ្ឋអាម៉េរិក ដកស្រង់ដោយសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រភពដដែលបានឲ្យដឹងថា គម្រោងថ្មីនេះនឹងបន្ត ព្រមទាំងចាប់ផ្តើមឡើងវិញក្នុងការរៀបចំតារាងពេលវេលាហោះហើរ ដែលនឹងជួយសម្រួលការធ្វើដំណើរ បង្កើនជម្រើសសម្រាប់អ្នកធ្វើដំណើរ និងជម្រុញទំនាក់ទំនងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ទំនាក់ទំនងអាកាសចរណ៍ស៊ីវិលកាន់តែរឹងមាំ នឹងជម្រុញការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ នេះបើយោងតាមប្រភពពីសេចក្តីថ្លែងដោយបានបន្ថែមថា គម្រោងថ្មីនេះជាផ្នែកមួយគោលនយោបាយរបស់លោកប្រធានាធិបតីអូបាម៉ា ឆ្ពោះទៅរកទំនាក់ទំនងជាមួយប្រទេស គុយបា ។

សូមជម្រាបថា គម្រោងថ្មីនេះត្រូវបានសម្រេចឡើងក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីប្រធានាធិបតីអូបាម៉ា ប្រកាសពីការផ្តើមឡើងវិញនូវទំនាក់ទំនងការទូតជាមួយប្រទេស គុយបា ដើម្បីបញ្ចប់គោលនយោបាយកាត់ផ្តាច់រវាងប្រទេសទាំងពីរ ដែលបានអូសបន្លាយអស់រយៈជិតប្រាំទសវត្សរ៍៕

សហរដ្ឋអាម៉េរិក និងគុយបា ផ្តើមទំនាក់ទំនង សេវាកម្ម ហោះហើរ ឡើងវិញ