របាយ​ការណ៍៖ ការ​ប្រែប្រួល​អាកាស​ធាតុ​ប៉ះពាល់​ដល់​សុខមាលភាព​របស់​កុមារ

របាយ​ការណ៍៖ ការ​ប្រែប្រួល​អាកាស​ធាតុ​ប៉ះពាល់​ដល់​សុខមាលភាព​របស់​កុមារ

អ្នក​ថត​រូប​កំពុង​ថត​រូប​របស់​កុមារ​នៅ​លើ​ផ្ទាំង​រូបភាព នៅ​ពេល​ការ​ប្រកាស​ផ្សព្វផ្សាយ​របាយ​ការណ៍។ កាល​ពី​ថ្ងៃពុធ ទី៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ផន បុប្ផា/VOA)របាយ​ការណ៍​របស់​អង្គការ ​Unicef ​ (Unicef) ​ដែល​ចេញ​កាល​ពី​ខែ​វិច្ឆិកា​ បាន​បង្ហាញ​ថា ​មាន​កុមារ​ចំនួន​ជាង​៥០០​លាន​នាក់​រង​ផល​ប៉ះពាល់ ​ដោយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ដែល​រួម​មាន​ការ​រាំង​ស្ងួត​ និង​ទឹក​ជំនន់។ ភ្នំពេញ—

របាយ​ការណ៍​របស់​អង្គការ ​Unicef ​ (Unicef) ​ដែល​ចេញ​កាល​ពី​ខែ​វិច្ឆិកា​ បាន​បង្ហាញ​ថា ​មាន​កុមារ​ចំនួន​ជាង​៥០០​លាន​នាក់​រង​ផល​ប៉ះពាល់ ​ដោយ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ដែល​រួម​មាន​ការ​រាំង​ស្ងួត​ និង​ទឹក​ជំនន់។​ ការ​ប៉ះពាល់​នេះ​អាច​ធ្វើ​ឲ្យ​ខូច​សុខុមាល​ភាព​របស់​កុមារ។​

ការ​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ប្រឈម​របស់​ពិភព​លោក​ ហើយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទំនង​ជា​រង​ការ​ប៉ះពាល់​ខ្លាំង​ពី​ការ​កើន​ឡើង​នៃ​កំដៅ​ផែន​ដី​នេះ។​

សព្វ​ថ្ងៃ​នេះ​មាន​កុមារ​ជាង​៥០០​លាន​នាក់​រស់នៅ​ក្នុង​តំបន់​ ដែល​មាន​ទឹក​ជំនន់​កម្រិត​គ្រោះ​ថ្នាក់​ខ្លាំង។​ ហើយ​មាន​កុមារ​ជិត​១៦០​លាន​នាក់​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​គ្រោះ​រាំង​ស្ងួត​ខ្លាំង។​ នេះ​បើ​យោង​ទៅ​លើ​របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ Unicef ​ដែល​ចេញ​កាល​ពី​ខែវិច្ឆិកា​កន្លង​មក​នេះ។​

របាយ​ការណ៍​នេះ​បាន​និយាយ​ថា​ មាន​ការ​យល់​ស្រប​ខាង​វិទ្យាសាស្ត្រ ​ដែល​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​កើត​ឡើង​ដោយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នោះ​ នឹង​បង្កើន​ភាព​រាំង​ស្ងួត ​ទឹក​ជំនន់​ញឹកញាប់​ ​និង​មាន​បាតុភូត​អាកាសធាតុ​ផ្សេងៗ​ទៀត។ ​ការ​គំរាម​ទាំង​នេះ​នឹង​បង្ក​ឱ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​កុមារ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍ខាង​មុខ​នេះ។ ​បាតុភូត​អាកាសធាតុ​ធ្ងន់ធ្ងរ​អាច​បំផ្លាញ​ ឬ​ប៉ះពាល់​ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់​ ដូច​ជា​សាលា​រៀន​ ​អគារ​សុខភាព​ ​និង​ការ​ដឹក​ជញ្ជូន ហើយ​នឹង​ប៉ះពាល់​ដល់​សុខុមាល​ភាព​របស់​កុមារ។ ​គ្រោះ​រាំង​ស្ងួត​ និង​ទឹក​ជំនន់​អាច​បំផ្លាញ​ដំណាំ​ បង្អាក់​ប្រព័ន្ធ​ទឹក ​និង​ធ្វើ​ឲ្យ​ទឹក​កខ្វក់។​

Anthony Lake ​នាយក​ប្រតិបត្តិ​របស់​អង្គការ ​Unicef ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​របាយ​ការណ៍​ដែល​ចេញ​កាល​ពី​ខែ​មុន​នេះ​ថា៖​ «ប្រហែល​ជា​មិន​មាន​ការ​គំរាម​កំហែង​ណា​ធំ​ជាង​ការ​គំរាម​កំហែង ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​កុមារ​ក្នុង​ពិភពលោក​កំពុង​ប្រឈមនោះ​ទេ។ ​វិបត្តិ​សកល​ដ៏​ធំ​នេះមាន​សក្តានុពល​ធ្វើ​ឱ្យ​ខូច​អ្វី​ ដែល​យើង​បាន​ធ្វើ​ឲ្យ​កុមារ​រស់​រាន​មាន​ជីវិត និង​ការ​អភិវឌ្ឍ។ ​វា​និង​បង្ក​គ្រោះ​ថ្នាក់​កាន់តែ​ច្រើន​ពេល​ខាង​មុខ»។​

ខណៈ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​នឹងប៉ះពាល់​ដល់​កុមារ​ជា​រៀង​រាល់​ថ្ងៃ​ ​កុមារ​ទាំង​នេះ​ក៏​នឹង​ប្រឈម​មុខ​ខ្លាំងនឹង​ជំងឺ​ផ្សេងៗ​ ដែល​បន្សល់​ពី​គ្រោះ​រាំង​ស្ងួត​ និង​ទឹកជំនន់។​

Anthony Lake ​បាន​បន្ត​ថា៖​«នៅ​ក្នុង​វិបត្តិ​ទាំងអស់​ កុមារងាយ​រងគ្រោះ​បំផុត។ ការ​ប្រែប្រួល​អាកាស​ធាតុ​ក៏​មិន​ខុស​គ្នា​ដែរ។ ​ខណៈ​ពេល​ដែល​ការ​កើនឡើង​នៃ​គ្រោះ​រាំងស្ងួត​ និង​ទឹក​ជំនន់​ធ្វើ​ឲ្យ​ផលិត​កម្ម​អាហារ​ធ្លាក់​ចុះ​នោះ​ កុមារ​ក៏​នឹង​ទទួល​បន្ទុក​ធំ​បំផុត​នៃ​ភាព​អត់ឃ្លាន​ និង​កង្វះ​អាហា​រូបត្ថម្ភ។ ​ខណៈ​ពេល​សីតុណ្ហភាព​កើន​ឡើង ​រួម​ជា​មួយ​នឹង​ការ​ខ្វះ​ខាត​ទឹក ​និង​ការ​បំពុល​ខ្យល់ កុមារ​នឹង​ជួប​ការ​ប៉ះពាល់​ខ្លាំង​នៃ​ជំងឺ​ ដែល​កើត​ឡើង​ពី​ទឹក​ និង​លក្ខខណ្ឌ​គ្រោះ​ថ្នាក់​នៃ​ផ្លូវ​ដង្ហើម»។​

ភាគ​ច្រើន​នៃ​កុមារ​ប្រហែល​១៦០​លាន​នាក់​រស់​នៅ​ក្នុង​តំបន់ ​ដែល​មាន​គ្រោះ​រាំង​ស្ងួត​ ឬ​រាំង​ស្ងួត​ខ្លាំង​នៅ​ក្នុង​ទ្វីប​អាស៊ី​ និង​អាហ្វ្រិក។​

ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ និង​នៅ​ក្នុង​ពិភពលោក​ ដែល​រង​ការ​ជះ​ឥទ្ធិពល​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ បើ​ទោះ​ជា​ប្រទេស​នេះ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច​ក៏​ដោយ។​

យោង​តាម​ស្ថិតិ​របស់​អង្គការ​ UNDP​ បាន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ប្រជាជន​មួយ​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រជាជន​២២,៦៩៥​នាក់​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ធម្មជាតិ​ ជាពិសេស​ដោយ​សារ​ទឹក​ជំនន់​ និង​គ្រោះ​រាំង​ស្ងួត។​

នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ស្ថិត​នៅ​ក្នុង​បញ្ជី​ប្រទេស​ចំនួន​១០​ ដែល​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ ហើយ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ក៏​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ដែរ។ នេះ​បើ​យោង​ទៅ​តាម​សន្ទសន៍​របស់​អង្គការ​អាល្លឺម៉ង់​ Germanwathc ​ដែល​រៀបចំ​នៅ​ក្នុង​ឆ្នាំ​២០១៥។​ ការ​រាំង​ស្ងួត​នៅ​ក្នុង​ឆ្នាំ​នេះ​បាន​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​កសិករ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​សារ​ប្រជាជន​ប្រហែល​៨០​ភាគរយ​ជា​អ្នក​ធ្វើ​ស្រែ​ចំការ​ពឹង​ផ្អែក​លើ​ទឹក​ភ្លៀង។​

ប្រទេស​កម្ពុជា​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​ផ្នែក​បច្ចេកទេស​ និង​ហិរញ្ញ​វត្ថុ​ពី​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ធន់ធ្ងន់​ ហើយ​ដែលបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន។​

ប្រទេស​កម្ពុជា​ពុំ​មាន​កម្មវិធី​កុមារ ​និង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ឡើយ​ទេ​ បើ​ទោះ​ជា​ការ​ប្រែប្រួល​អាកាសធាតុជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​កុមារ។​

លោក​ សៅ សុភាព​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​បរិស្ថាន​ បាន​និយាយ​ថា៖​«ការងារ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​គឺ​យើង​ធ្វើ​មិន​សំដៅតែ​លើ​កុមារ​ ឬ​ក៏​ស្ត្រី​ទេ​គឺ​យើង​ធ្វើ​សម្រាប់​ផល​ប្រយោជន៍​សាធារណៈ​ទូទៅ។ ច្បាស់​ហើយ​ថា ចំពោះស្ត្រី ​និង​កុមារ​ ​យើង​យក​ចិត្ត​ទុក​ដាក់​ណាស់​ ព្រោះ​យើង​ចាត់​ទុក​ថា​ ជា​ក្រុម​ជន​ងាយ​រងគ្រោះ»។​

លោក​បាន​បន្ថែម​ថា៖​ «យើង​អត់​មាន​កម្ម​វិធី​ ឬ​គម្រោង​អ្វី​ដាច់​ដោយ​ឡែក​សម្រាប់​តែ​ក្មេង​ទេ»។​

លោក​ តឹក វណ្ណារ៉ា​ នាយក​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ បាន​និយាយ​ថា​ លោក​ចង់​ឲ្យ​មាន​កម្ម​វិធី​ផ្តោត​លើ​កុមារ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ។​

«ខ្ញុំ​គិត​ថា ​គួរ​តែ​មាន​កម្មវិធិ​សាកល្បង ហើយ​ពេល​ដែល​យើង​ធ្វើ​ល្អ​ ហើយ​ពង្រីក​បទពិសោធន៍​ទៅ​តំបន់​ផ្សេងៗ ​ដើម្បី​ឲ្យ​គាត់​ចាប់​អារម្មណ៍។​ គាត់​អាច​យក​ទៅ​បន្ត​ការ​អនុវត្ត​ ដើម្បី​ឲ្យ​កុមារ​មាន​ការ​យល់​ដឹង​ហើយ​និង​បណ្តុះ​គំនិត​កុមារ​ឲ្យ​ចេះ​បន្ស៊ាំ​ និង​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​ខ្លួន​គាត់​គឺ​ជា​រឿង​ល្អ»៕