វិធីសាស្ត្រ​ឆ្លាត​វៃ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​បាន​

វិធីសាស្ត្រ​ឆ្លាត​វៃ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​បាន​

​គេ​និយាយថា ជំងឺមហារីក​ក្រពេញ​អូវ៉ែ​យ៉ាងហោចណាស់​កើតឡើង​លើ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​៦០​នាក់​ក្នុង​សហរដ្ឋអាមេរិក​។ ក្រៅពីនេះ វា​ក៏​ជា​ជំងឺមហារីក​លំដាប់ថ្នាក់​លេខ​៨ ដែល​កើត​ញឹកញាប់​ជាង​គេ​បំផុត ព្រមទាំង​ធ្វើឱ្យ​ស្ត្រី​ជនជាតិ​អាមេរិក​ស្លាប់​ច្រើន​ជាង​គេ​លំដាប់​ថ្នាក់​លេខ​៥​ដែរ​។ ជំងឺ​នេះ​មាន​ការប៉ះពាល់​ស្រដៀង​គ្នា​ទាំង​ស្ត្រី​រស់នៅ​ប្រទេស​អភិ​វឌ្ឈន៍ និង​កំពុងតែ​អភិ​វឌ្ឈន៍​។ ជំងឺមហារីក​ប្រភេទ​នេះ​ភាគច្រើន​រកឃើញ​លើ​ស្ត្រី​វ័យ​ចំណាស់ អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​។ យ៉ាងណាមិញ វា​ក៏​ទំនង​កើត​លើ​ស្ត្រី​វ័យក្មេង​ផងដែរ​។

​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ស្ត្រី​គួរតែ​ព្យាយាម​រក​មើល​រោគសញ្ញា​របស់​វា​ក្នុង​ដំណាក់កាល​ដំបូង ព្រោះ​វា​ជា​ពេលវេលា​ដែល​ងាយ​នឹង​ព្យាបាល​។ ជា​អកុសល ស្ត្រី​កើត​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​ភាគច្រើន​តែ​អាច​រកឃើញ​ជំងឺ​នេះ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ នេះ​ដោយសារ​តែ​ពួកគេ​ភាគច្រើន​តែ​យល់ថា រោគសញ្ញា​ដែល​កើតមាន​នោះ​គ្រាន់តែ​ជា​អា​ការៈនៃការ​មក​រដូវ ឬ​ការ​រាំងរដូវ​ប៉ុណ្ណោះ​។

​រឿង​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​ថា​មាន​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​នោះ​មានដូចជា ពោះ​កាន់តែ​ប៉ោង ញ៉ាំ​ឆាប់​ឆ្អែត ឈឺចាប់​ក្នុង​ពោះ ឬ​អាង​ត្រគៀក នោម​ញឹក​ទាន់ហន់ និង​ធ្លាក់ឈាម​តាម​ទ្វារមាស ឬ​ហូរ​ទឹករំអិល​មិនធម្មតា​ផ្សេងៗ​ទៀត​។

​រឿង​ដែល​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​មានដូចជា អាយុ​ច្រើន ធ្លាប់មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ ប្រវត្តិ​ផ្ទាល់ខ្លួន​កើត​ជំងឺ​មហារីក​សុដន់ ឬ​ចុង​ពោះវៀន​ធំ និង​ឆាប់​មក​រដូវ​ពេក ជាពិសេស​មុន​អាយុ ១២​ឆ្នាំ ឬ​រាំងរដូវ​។ កត្តា​ប្រឈមមុខ​ទាំងនេះ​គឺ​គ្មាន​អ្វី​អាច​កែប្រែ​បាន​ឡើយ​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ ដោយសារ​តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​ចំពោះ​កត្តា​ប្រឈម​មុខ​ទាំង​នេះ មិនមែន​មានន័យថា អ្នក​ដឹង​តែ​ត្រូវ​កើត​ជំងឺ​នេះ​ឡើយ​។ មានរឿង​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​ឱកាស​កើត​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​នេះ​ដូចជា​៖

​ប្រើ​ថ្នាំ​ពន្យារកំណើត​
​ដោយ​យោង​ទៅ​តាម​ការសិក្សា​បានឱ្យដឹងថា ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យា​កំណើត​យ៉ាងហោចណាស់​៣​ឆ្នាំ គឺ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​៣០ ទៅ​៥០​ភាគរយ​។

​បំបៅ​ដោះ​កូន​
​វា​គឺជា​រឿង​ល្អ​មួយ​ដែល​ត្រូវ​បំបៅ​ដោះកូន ព្រោះ​វា​នឹង​ផ្តល់​ជា ជីវជាតិ​យ៉ាងច្រើន​ដែល​កូន​ត្រូវ​ការលូតលាស់ និង​រីកចម្រើន​គ្រប់​កន្លែង​ទាំងអស់​នៃ​រាងកាយ​។ អ្នកជំនាញ​និយាយថា ការ​បំបៅ​ដោះ​កូន​អាច​កាត់បន្ថយ​ឱកាស​កើតជា​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​បាន​។​

​មានកូន​
​អ្នកជំនាញ​និយាយថា ការ​សម្រាលកូន​ចាប់ពី​ម្នាក់​ឡើង​ទៅ​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​អូវ៉ែ​បាន​។ រឿង​នេះ​កើតឡើង​ជាពិសេស​បើសិន​ជា​កូន​ដំបូង​អ្នក​សម្រាល​មុន​អ្នក​អាយុ ២៥​ឆ្នាំ​។

​សម្រក​ទម្ងន់​
​ការ​ធាត់​ជ្រុល​គឺជា​កត្តា​ប្រឈមមុខ​មួយ​ដែល​អាច​ការពារ​បាន​កុំឱ្យ​កើត​ជា​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។ ហេតុដូច្នេះ​ហើយ អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​ថែរក្សា​ទម្ងន់​ឱ្យមាន​សុខភាព​ល្អ​ដើម្បី​កាត់បន្ថយ​ការកើត​ជំងឺ​នេះ​។ ការ​ហាត់ប្រាណ​ទៀងទាត់ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​អាច​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​មាន​សុខភាព​ល្អ​។

​ជ្រើសរើស​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​
​យោង​ទៅ​តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា ស្ត្រី​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​រយៈពេល​៤​ឆ្នាំ​ឡើង​ទៅ​ត្រូវបាន​គេ​ចាត់ទុក​ថា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​បាន​។ ចូរ​ប្រាកដថា អ្នក​អាច​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat ខ្ពស់​បាន ដូចជា​សាច់ជ្រូក និង​សាច់គោ​ជាដើម​។

​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​
​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាហារ​ស្រស់ៗ​ពិត​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការការពារ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។ ផ្លែឈើ និង​បន្លែ​ដូចជា បឺ​រី​ពណ៌​ខៀវ ផ្លែ​ព្រូន ក្រេន​បឺរី ផ្លែ​ប៉ោម សណ្តែក​ក្រហម និង​ដំឡូងឈ្វៀ​សុទ្ធតែ​សម្បូរ​ទៅ​ដោយ​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ទប់ស្កាត់​ការកើ​ត និង​លូតលាស់​កោសិកា​មហារីក​។

​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​
​ដើម្បី​កាត់បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ អ្នក​ត្រូវ​តែ​ឈប់​ជក់បារី​។ សារធាតុ​គីមី​ជាច្រើន​ក្នុង​ផ្សែង​បារី​គឺ​ជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​។ អ្នកជំនាញ​និយាយថា អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​បើសិន​ជា​អ្នក​មិន​ចង់ឱ្យ​ខ្លួន​កើត​មហារីក​ក្រពេញ​អូវ៉ែ​ទេនោះ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។