​ជំងឺ​ធំៗ​ដែល​មាន​មុខសញ្ញា​សំខាន់​លើ​ស្ត្រី​ខ្លាំងជាងគេ​

​ជំងឺ​ធំៗ​ដែល​មាន​មុខសញ្ញា​សំខាន់​លើ​ស្ត្រី​ខ្លាំងជាងគេ​

​នៅពេល​យើង​និយាយ​អំពី​ការប្រឈមមុខ​ចំពោះ​សុខភាព​នោះ ច្បាស់​ណាស់​ថា​ការប្រឈមមុខ​នោះ​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ទៅតាម​ភេទ​របស់​ពួកគេ​។ ចំពោះ​ស្ត្រី គឺ​ពួកគេ​មាន​ការប្រឈមមុខ​នឹង​ជំងឺ​ច្រើនជាង​បុរស​ខ្លាំងណាស់​។ ដូច្នេះ​ដើម្បី​កុំឱ្យ​ជំងឺ​ទាំងអស់​នោះ​បៀតបៀន​សុខភាព​អ្នក និង​អាច​មាន​ជីវិត​រស់នៅ​បាន​យូរ និង​សុភមង្គល​នោះ អ្នក​គួរតែ​ប្រើប្រាស់​វិធី​ទាំងឡាយណា​ដែល​អាច​ផ្លាស់ប្តូរ​របៀប​រស់នៅ​។ ការយល់ដឹង​អំពី​ជំងឺ​ដែល​អាច​កើតមាន​នៅ​ថ្ងៃ​អនាគត​គឺជា​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ​។

​ជំងឺ​មួយ​ចំនួន​ដែល​មាន​ទិសដៅ​តម្រង់​លើ​មនុស្ស​ស្រី​ខ្លាំង​ជាង​គេ​នោះ​មានដូចជា​៖

​ជំងឺ​បេះដូង​
​បើសិន​ជា​អ្នក​គិតថា ជំងឺមហារីក​សុដន់​គឺ​ជា​ជំងឺ​គំរាម​គំហែង​ដល់​សុខភាព​ស្ត្រី​ខ្លាំង​ជាង​នេះ​ដោយសារ​តែ​វា​ល្បី​យូរហើយ​នោះ ចូរ​គិត​ឡើង​វិញ​ទៅ​។ អ្នកជំនាញ​និយាយថា ជំងឺ​បេះដូង​អាច​នឹង​យក​ជីវិត​ស្ត្រី​ច្រើន​ជាង​ជំងឺមហារីក​ជាច្រើន​ទៀត​ឯណោះ​។ រឿង​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​ដំបូង​គេ​ដើម្បី​កុំឱ្យ​កើត​ជំងឺ​បេះដូង​នោះ​គឺ ការ​ហាត់ប្រាណ​ទៀងទាត់ ជ្រើសរើស​របប​អាហារ​ផ្តល់​សុខភាព ជាពិសេស​អាហារ​មាន​ជាតិ​សរសៃ និង​ខ្លាញ់​ល្អ​ខ្ពស់ និង​ឈប់​ជក់បារី​។

​មហារីក​
​តាម​ការសិក្សា​បានឱ្យដឹងថា ជំងឺមហារីក​គឺជា​ជំងឺ​ដែល​កើតឡើង​ញឹកញាប់​ជាង​គេ​លើ​ជីវិត​របស់​មនុស្ស​ស្រី​លំដាប់ថ្នាក់​ទី​ពីរ​។ ជំងឺមហារីក​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ជំងឺមហារីក​សួត​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឃាតករ​លេខ​មួយ ចំណែកឯ​មហារីក​សុដន់​ទី​លេខ​ពីរ​។ មាន​វិធីសាស្ត្រ​ច្រើនណាស់​ដែល​អាច​ការពារ​ជំងឺ​ហា​រីក​សុដន់​បាន​ដូចជា ការ​ញ៉ាំ​របប​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​បន្លែ​និង​ផ្លែឈើ ព្រមទាំង​មាន​របៀប​រស់នៅ​ផ្តល់​សុខភាព​។

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​តើ​អ្នក​មាន​ដឹង​ទេ​ថា មនុស្ស​ស្រី​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើន​ជាង​បុរស​ដែរ​ទេ​? ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​ជា​ស្ត្រី​នោះ​មាន​រហូត​ដល់​៦០​ភាគរយ​ឯណោះ​។ ការ​ហាត់ប្រាណ​ទៀងទាត់ ញ៉ាំ​អាហារ​ផ្តល់​សុខភាព ឈប់​ជក់បារី និង​ការពិនិត្យ​សុខភាព​ទៀងទាត់​ពិតជា​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។

​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD)
​ជំងឺ​ប្រភេទ​នេះ​កើតឡើង​ដោយសារ​តែ​ជំងឺ​មួយចំនួន​ដែល​កំពុងតែ​ប៉ះពាល់​លើ​ផ្លូវដង្ហើម ដូច​ជា​ជំងឺ Emphysema និង​ការ​រលាក​ទងសួត​រ៉ាំរ៉ៃ  ដែល​វា​ទាំងពីរ​នេះ​កើតឡើង​ដោយសារតែ​ការជក់បារី​។ កាលពី​ឆ្នាំ ២០០០ ជំងឺ​នេះ​ឃើញ​កើតឡើង​មនុស្ស​ស្រី​ច្រើន​ជាង​បុរស​។ មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបង្ការ​ជំងឺ​នេះ​គឺ​ឈប់​ជក់បារី​។

​ជំងឺ​ទឹកនោម​ផ្អែម​
​អ្នកជំនាញ​និយាយថា ក្នុងចំណោម​ប្រជាជន​អាមេរិក​២៦​លាន​នាក់ ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​នោះ មាន​១២,៦​លាន​នាក់​ហើយ​ជា​មនុស្ស​ស្រី​អាយុ​ចាប់ពី​២០​ឆ្នាំ​ឡើង​ទៅ​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា ជំងឺ​នេះ​អាច​បង្ការ​បាន ជាពិសេស​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​តែម្តង តាមរយៈ​ការ​ញ៉ាំ​អាហារ និង​របៀប​រស់នៅ​ផ្តល់​សុខភាព​។

​ជំងឺ​តម្រងនោម​
​ជីវិត​អាច​នឹង​ស្ថិតក្នុង​ភាពគ្រោះថ្នាក់​នៅពេល​ដែល​តម្រង​នោ​មលែង​ថ្វើការ ព្រោះ​វា​នឹង​ទុក​ជាតិពុល​ក្នុង​ឈាម​កាន់តែច្រើន​។ អ្វី​ដែល​ជា​ការពិត​នោះ​គឺ​ជំងឺ​តម្រងនោម​នោះ​មិន​មាន​រោគសញ្ញា​ឱ្យដឹង​ក្នុងដំណាក់កាល​ដំបូង​ទេ​។ ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ យក​ល្អ​គួរតែ​ដោះស្រាយ​បញ្ហា​ដូចជា លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​ទឹកនោម​ផ្អែម​សិន​។

​ជំងឺ​ពុក​ឆ្អឹង​
​ជំងឺ​នេះ​ត្រូវបាន​គេ​សម្គាល់​ដឹង​តាមរយៈ​ការ​ចុះខ្សោយ​នៃ​កំហាប់​ឆ្អឹង និង​នាំឱ្យ​ឆ្អឹង​នោះ​បាក់​បាន​ដោយ​ងាយ​។ ការ​កង្វះ​វីតាមីន D របៀប​រស់នៅ​បែប​ស៊ី​ដេកៗ និង​ការ​រាំងរដូវ​គឺជា​ដើមហេតុ​នៅ​ពីក្រោយ​ជំងឺ​ពុក​ឆ្អឹង​ហើយ​។ អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា អ្នក​មាន​ជំងឺ​នេះឡើយ​លុះត្រាតែ​មាន​ការ​បាក់បែក​ឆ្អឹង វាស់​កំហាប់​ឆ្អឹង និង​ថតកាំរស្មីអ៊ិច​រកមើល​បញ្ហា​ផ្សេងៗ​។ ការ​ហាលថ្ងៃ​គ្រប់គ្រាន់ ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន D និង​កាល់ស្យូម ការ​ហាត់ប្រាណ​ដោយ​ការលើក​ទម្ងន់ និង​ការថែរក្សា​ទម្ងន់​ឱ្យនៅ​សុខភាព​ល្អ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ជំងឺ​ពុក​ឆ្អឹង​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។