ចំណោម​រដ្ឋ​អាស៊ាន ការអភិវឌ្ឍ​មនុស្ស​កម្ពុជា ល្អ​ជាង​មី​យ៉ាន់​ម៉ា​តែប៉ុណ្ណោះ​

​របាយការណ៍​ប្រចាំ​២០១៥​នៃ​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​(UNDP) បាន​បង្ហាញថា​ការអភិវឌ្ឍ មនុស្ស​របស់​កម្ពុ​ជាមាន​លក្ខណៈ​ប្រសើរ​ជាង​មុន ពោលគឺ​កម្ពុជា បាន​ផ្លាស់ប្តូរ​ពី​ចំណាត់ថ្នាក់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​មនុស្ស​ទាប​មកកាន់​ការ​អភិវឌ្ឍន៍​មធ្យម​។ តែបើ​ប្រៀបធៀប ចំណាត់ថ្នាក់​នេះ ទៅនឹង​បណ្តា​រដ្ឋ​អាស៊ាន​ទាំង​ដប់​វិញ ចំណាត់​របស់​កម្ពុជា មាន​លក្ខណៈ​ប្រសើរ​ជាង​មី​យ៉ាន់​ម៉ា​តែប៉ុណ្ណោះ​។

​កម្ពុជា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​១៤៣ ក្នុងចំណោម​ប្រទេស​សរុប​ទាំង​១៨៨ នៃ​របាយការណ៍​ប្រចាំ ឆ្នាំ​២០១៥​ស្តីពី​ការអភិវឌ្ឍ​មនុស្ស​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​ប្រជាជាតិ ។ ការធ្វើ​ចំណាត់​នៃ​ការអភិវឌ្ឍ មនុស្ស ផ្អែកលើ​កត្តា​មួយចំនួន​ដូចជា សុខមាលភាព និង​អាយុរ​ពឹង​រស់ ស្តង់ដារ​នៃ​ការរស់នៅ និង ការទទួលបាន​ការអប់រំ​របស់​ប្រជាជន​។​

​ទោះបីជា​ស្ថានភាព​នៃ​ការអភិវឌ្ឍ​មនុស្ស​កម្ពុ​ជាមាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ក៏ដោយ បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេស​នៅក្នុង​តំបន់​ដែលជា​សមាជិក​របស់​ស​មា​គម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ចំណាត់​នេះ នៅ​ទាប​នៅឡើយ​នោះទេ​។ ខាងក្រោម​នេះ គឺជា​ចំណាត់ថ្នាក់​នៃ​ការអភិវឌ្ឍ​មនុស្ស​នៃ​រដ្ឋ​អាស៊ាន​ទាំង​ដប់​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​UNDP៖
១. សិង្ហ​បុរី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ១១
២. ព្រុយ​ណេ ស្ថិតនៅក្នុង​ចំណាត់​ថា្នក់ ៣១
៣. ម៉ាឡេស៊ី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ៦២
៤. ថៃ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ៩៣
៥. ឥណ្ឌូនេស៊ី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ១១០
៦.​ហ្វីលីពីន ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ១១៥
៧. វៀតណាម ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​១១៦
៨. ឡាវ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ១៤១
៩. កម្ពុជា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​១៤៣
១០. មី​យ៉ាន់​ម៉ា ស្ថិតនៅក្នុង​ចំណាត់ថ្នាក់ ១៤៨៕