ទស្សនា​សត្វ​ផ្សោត​កាំ​ពីរ ខេត្តក្រចេះ​

​អន្លង់​ផ្សោត​កាំ​ពីរ​ជា​កន្លែង​ទេសចរណ៍​ល្អ​បំផុត​សម្រាប់​ភ្ញៀវទេសចរ​ដើម្បី​ទស្សនា​សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ ដែល​ជិត​ផុត​ពូជ​ទៅហើយ​នៅលើ​ភពផែនដី​យើង​នេះ ។ អន្លង់​ផ្សោត​កាំ​ពីរ​ជា​អន្លង់​ដែលមាន​ផ្សោត​រស់នៅ​ច្រើន ជាងគេ​បំផុត​ក្នុង​អាង​ទន្លេមេគង្គ ដែលមាន​ផ្សោត​ប្រហែល ២០ ក្បាល ។ តំបន់​ទេសចរណ៍​ផ្សោត​កាំ​ពីរបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៩ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ដើម្បី​ទស្សនា និង សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ សិក្សា​អំពី​សត្វ​ផ្សោត​ទន្លេមេគង្គ​ជា​ថនិកសត្វ​ទឹកសាប​កម្រ​បំផុត​នៅក្នុង​ពិភពលោក ។

ទីនោះ​ក៏មាន​ទូក​ម៉ាស៊ីន​ផងដែរ​សម្រាប់​ដឹក​ភ្ញៀវទេសចរ​តាម​ទន្លេមេគង្គ​ដើម្បី​ទស្សនា​ផ្សោត​យ៉ាង​ជិត​បំផុត ។ ពេលវេលា​ល្អ​បំផុត​ដើម្បី​ទស្សនា​ផ្សោត​គឺ​ក្នុង​រដូវប្រាំង​នាពេល​ព្រឹក​ព្រលឹម និង ពេល​ល្ងាច ។ ទោះ បី​ជា​ផ្សោត​ផ្លាស់ប្ដូរ​ជម្រក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​តាម​រដូវ​កាល​ក៏ដោយ ប៉ុន្ដែ​អ្នកបើក​ទូក​ម៉ាស៊ីន​ដឹង​យ៉ាងច្បាស់​ថា ពួកវា​ប្ដូរ​ទៅ​រស់នៅ​ទីណា ។ នៅ​តំបន់​ផ្សោត​កាំ​ពីរ​ក៏មាន​ចំណីអាហារ ភេសជ្ជៈ ម្ហូបអាហារ វត្ថុ​អនុស្សាវរីយ៍​ដូចជា​រូបភាព និង ចម្លាក់​ផ្សោត​ឈើ ដែល​លក់​ដោយ​សហគម​ន៍​ក្នុង​តំបន់ ។ កាំ​ពីរ ជា​ឈ្មោះ​ភូមិ​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងកើត​ច្រាំងទន្លេ មេគង្គ ចម្ងាយ ១៥ គីឡូម៉ែត្រ ពី​ទីក្រុង​ក្រចេះ តាមផ្លូវ​ជាតិ​លេខ ៧ ក្នុង​ខេត្ត ក្រចេះ ។

បើ​ធ្វើដំណើរ​ទៅ​ហួស​ភ្នំ​សម្បុក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៧ បន្តិច​នោះ​នឹង​ទៅដល់​កន្លែង​មើល​ផ្សោត​កាំ​ពីរ ដោយនៅ​ទីនោះ​មាន​ផ្សោត​ក្នុង​ទន្លេ​ជាច្រើន​បាន​ហែល​ងើប​អណ្តែត​ខ្លួន​ឲ្យ​ភ្ញៀវទេសចរ​បាន​ទស្សនា ។ ភ្ញៀវ​ដែល​ចង់ឃើញ​ផ្សោត​ទន្លេ គេ​អាច​ឈរ​មើ​លពី​មាត់ច្រាំង​ទន្លេ ឬ អាច​ជួល​កាណូត​ជិះ​ទៅ​មើល​នៅ​កណ្តាលទន្លេ​ជិតៗ​កន្លែង​ផ្សោត​ងើប​នោះ​ក៏បាន ។ ព្រែក​កាំ​ពីរ​មាន​អន្លង់​ពីរ មាន​ផ្សោត​រស់នៅ​សរុប​ប្រហែល ៥០ ក្បាល ។

អន្លង់​ពីរ​នេះ​ទាក់ទាញ​ភ្ញៀវទេសចរ​សម្បើម​ណាស់ ហើយ​សហគមន៍​ក៏បាន​ទាញយក​ផលប្រយោជន៍​ពី​អន្លង់​ផ្សោត​ពីរ​នេះ​ក៏​ច្រើន​ណាស់ដែរ ។ ចំណែក​អន្លង់​ពីរ​ទៀត​នៅ​អូរ​ឈើទាល ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​លាវ​មាន​ប្រមាណ ៥០ ក្បាល ក៏មាន​ការទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនណាស់​ដែរ តែ​ទីនោះ​មិនសូវ​ជា​បាន​ប្រាក់​ច្រើន​ដូច​ព្រែក​កាំ​ពីរ​នោះទេ ។​…

ទស្សនា​សត្វ​ផ្សោត​កាំ​ពីរ ខេត្តក្រចេះ​