ប្រធាន​មន្ទីរ​បញ្ចកោណ​ធ្វើ​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​ទៅ​កាន់​កងទ័ព​ជួរ​មុខ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន

ប្រធាន​មន្ទីរ​បញ្ចកោណ​ធ្វើ​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​ទៅ​កាន់​កងទ័ព​ជួរ​មុខ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន

​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា.​ Ash Carter ​បាន​ប្រាប់​សម​ភាគី​អាហ្វហ្គានីស្ថាន​នៅ​ទីក្រុង Jalalabad ថា សហរដ្ឋអាមេរិក​«នៅ​ជាមួយ​អ្នក» ហើយ​ថា​ សហរដ្ឋ​អាមេរិក​គាំទ្រ​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ក្នុង​ការ​កសាង​សមត្ថភាព​របស់​ពួក​គេ។

លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា.​ Ash Carter កាល​ពី​ថ្ងៃ​សុក្រ ​បានអញ្ជើញ​ទៅ​ទស្សនា​ប្រទេស​អាហ្វហ្គានីស្ថាន​ (Afghanistan)​ ដោយ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ជា​មុន​ដែល​នៅទី​នោះ​លោក​បាន​ជួប​ជាមួយ​ពួក​មេបញ្ជាការ​យោធា​ស.រ.អា.​និង​ពួក​មន្ត្រីអាហ្វហ្គានីស្ថាន។

​ទស្សនកិច្ច​នេះ​មាន​ឡើង​នៅ​ពេល​ក្រុម​នយោបាយ​អាហ្វហ្គានីស្ថាន​ថ្មី​មួយ​ដាក់​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ឱ្យ​ចាត់​វិធានការ​ច្រើន​ជាង​មុន​ដើម្បី​ធ្វើ​ឱ្យមាន​ស្ថិរភាព​ដល់​ប្រទេស​នេះ​ ដែល​ខ្ទេច​ខ្ទាំ​ដោយសារ​សង្គ្រាម។​

លោក ​Carter បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន ​នៅ​ពេល​មាន​ការ​បះបោរ​ខ្លាំង​ជាង​មុន​ដោយ​ពួក​តាលីបង់​និង​មាន​កង្វល់​ថ្មីៗ​អំពី​ពួក​អ្នក​ស្មោះ​ត្រង់​នឹង​ពួ​ក​រដ្ឋ​ឥស្លាម​ ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​នេះ​ដែល​នាំ​ឱ្យ​មាន​ការ​សាំញ៉ាំ​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​អន្តរជាតិ​ដឹកនាំ​ដោយ​ស.រ.អា.​ដើម្បី​ធ្វើឱ្យ​ប្រទេស​នេះ​មាន​ស្ថិរភាព។​

លោករដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​អាមេរិកាំង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ចាឡាឡាបាដ (Jalalabad) ដែល​ជា​ធានី​នៃ​ខេត្ត ​Nangarhar នៅ​ប៉ែក​ខាង​កើត​ប្រទេស​ដែល​ទាហាន​ស.រ.អា.​រាប់​រយ​នាក់​បាន​ឈរជើង​នៅទី​នោះ។​

ពួក​ជ្រុល​និយម​លម្អៀង​ទៅ​ខាង​ពួករដ្ឋ​ឥស្លាម​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​ក​ម្លាំង​សន្តិសុខក្នុង​មូលដ្ឋាន​នៅ​ក្នុង​ខេត្តនេះ​ ហើយ​បាន​និយាយថា ​ពួក​នេះ​បាន​វាយ​ដណ្តើមកាន់កាប់​ស្រុក​ដាច់​ស្រយាល​មួយ​ចំនួន។​ មូលដ្ឋាន​ស.រ.អា.​នៅ​ក្នុង​ក្រុង​ Jalalabad ​ដែល​មាន​ឈ្មោះ​ថា​ Operating Base Fenty​ មាន​ទាក់​ទិន​នឹង​សកម្មភាព​ខាង​ហ្វឹក​ហ្វឺន ​ខាង​ភ័ស្តុភារ ​និង​ខាង​ប្រឆាំង​នឹង​ភេរវកម្ម​ នៅ​ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​យ៉ាងមាំ​របស់​អង្គការ​អូតង់​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន៕