មេកន្ទុយលេខ ដ៏ធំត្រូវបាន នគរបាលស្រុក កោះធំឃាត់ខ្លួន

កណ្តាល៖ ជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម ក៏ជាមេឆ្នោតកន្ទុយលេខ ដ៏ធំនៅស្រុកកោះធំ ត្រូវបាននគរបាលស្រុកកោះធំឃាត់ខ្លួន រួមទាំងដកហូតវត្ថុតាង មួយចំនួនផងដែរ កាលពីម៉ោង១៧និង ៣០នាទីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

លោកអធិការស្រុកកោះធំបានឲ្យ ដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ដាំង ភឿកវ៉ឹង ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ វៀតណាម រស់នៅ ភូមិ ឃុំកើតហេតុខាងលើបានបើកល្បែង ល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) ។ក្នុងនោះលោកបានធ្វើការដកហូតវត្ថុតាងក្រដាសរាយនាមអ្នក លេងចំនួន ១៩ សន្លឹក , ប្រាក់រៀលចំនួន ២.៧០០.០០០,០០ រៀល ,ប្រាក់ដុល្លារចំនួន ៤០ ដុល្លារអាមេរិក ,ប្រាក់វៀតណាមចំនួន ២.៤៤០.០០០,០០ ដុង ,កំព្យូទ័រយួរដៃ ២ គ្រឿង ,ម៉ាស៊ីនស្កេនចំនួន ០១ គ្រឿង និងHard Disk១។

លោកបានបន្តថា មុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើនោះ ដោយមានប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ថានៅចំណុចផ្ទះជនសង្ស័យបានបើកកត់និងប្រមូលឆ្នោតកន្ទុយលេខនោះ ទើបលោកបានដឹកនាំកម្លាំងចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍សំពៅពូនធ្វើការស្រាវជ្រាវរហូតដល់ប្រទះឃើញជនសង្ស័យធ្វើសកម្មភាពកត់និងប្រមូលនោះក៏បានឃាត់ខ្លួនតែម្តងទៅ រួមតាំងដកហូតវត្ថុតាងបានមួយចំនួនផងដែរ ដើម្បីបញ្ចូនមកកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់។

ចំណែកប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំវិញបាននិយាយថា មេឆ្នោតកន្ទុយលេខម្នាក់នេះបានកត់និងប្រមូលឆ្នោតកន្ទុយយ៉ាងសកម្មបំផុតក្នុងមួយថ្ងៃគេប្រមូលបានរាប់លានរៀល ។ ហើយល្បែងកន្ទុយលេខនេះធ្វើឲ្យកើតមានឡើងនៅអំពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ ដូច្នេះការបង្ក្រាប់ ល្បែងកន្ទុយលេខនេះ គឺជាការរួមចំណែកក្នុងការអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចផងដែរ៕

មេកន្ទុយលេខ ដ៏ធំត្រូវបាន នគរបាលស្រុក កោះធំឃាត់ខ្លួន

មេកន្ទុយលេខ ដ៏ធំត្រូវបាន នគរបាលស្រុក កោះធំឃាត់ខ្លួន