ជនសង្ស័យ​៣​នាក់ បាន​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​បូក​លើ​នារី​ម្នាក់​

បន្ទាយមានជ័យ: កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ កាល​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​រ៉ា​ចាស់ ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ពីបទ​រំលោភ​បូក បានសម្រេច លើ​នារី​ម្នាក់​។  

 លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថាៈ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ បានធ្វើ​ឡើង តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ ឈ្មោះ រ​.​ស​.​ល អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ មាន​៖១.​ឈ្មោះ សោ ពេទ្យ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​, ២.​ឈ្មោះ រ៉ា ថុល អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត និង​៣.​ឈ្មោះ តឹក ចឺម អាយុ​២០​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​។

​ប្រភព​បាន​បញ្ជាក់ថា នៅ​ម៉ោង​កើតហេតុ ជនរងគ្រោះ បាន​ចេញពី​ធ្វើការ​ដោយ​បើក​ម៉ូតូ ត្រឡប់ទៅផ្ទះ​។ ពេលមកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់ ឈ្មោះ រ៉ា ថុល និង​ឈ្មោះ តឹក ចឺម បាន​យក​កូនកាំបិត មក​ភ្ជង់​នារី​រងគ្រោះ ហើយ​បាន​នាំចូល ទៅក្នុង​អគារ​រ៉ា​ចាស់ រួច​គំរាម​ប្រើប្រាស់​គ្រឿងញៀន និង​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​។ មួយសន្ទុះ​ក្រោយមក ទើប​ជនសង្ស័យ ឈ្មោះ សោ  ពេទ្យ ដែលជា​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត មកដល់ ហើយ​បាននាំគ្នា​ដឹក​នារី​រងគ្រោះ ទៅ​រោង​យាម​មួយកន្លែង នៅមុខ​វត្ត​បា​លិ​លេ​យ្យ បន្ទាប់មក​ជនសង្ស័យ ក៏បាន​ចាប់បង្ខំ​នារី​រងគ្រោះ រំលោភ​បានសម្រេច​ក្នុងពេលនោះ​។

​ក្រោយពី​បាន​រំលោភ​រួច ជនសង្ស័យ​ទាំង​៣​នាក់​នោះ បាន​គេចខ្លួនបាត់​។ លុះ​នៅ​ថ្ងៃទី​១៨​ខែធ្នូ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង បាន​ស្រាវជ្រាវ​ចាប់ខ្លួនបាន​យកមក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​។

​នៅមុខ​អាវុធហត្ថ ជនសង្ស័យ​ទាំង​៣​នាក់​នោះ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​រំលោភ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ តាម​នីតិវិធី​៕V/S

ជនសង្ស័យ​៣​នាក់ បាន​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​បូក​លើ​នារី​ម្នាក់​

ជនសង្ស័យ​៣​នាក់ បាន​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​បូក​លើ​នារី​ម្នាក់​