ចិន៖ មន្ត្រីមួយចំនួន បង្ហាញការរស់នៅ ក្នុងភាពក្រីក្រ ដើម្បីបិទបាំង អំពើពុករលួយ

ប៉េកាំង៖ មន្ត្រីចិនមួយចំនួន បានក្លាយជាអ្នកជំនាញ ក្នុងការរស់នៅក្នុងភាព សន្សំសំចៃ រស់នៅដោយធ្វើជាគំរូល្អ ខណៈដែលការពិតវាជាការបិទបាំង ទ្រព្យសម្បតិ្តដ៏មហាសាល របស់ជនខិលខូចមួយចំនួន ប៉ុណ្ណោះ រដ្ឋាភិបាលបានព្រមានថា នឹងវែករកមុខមន្ត្រី ខិលខូចទាំងនោះ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រធានាធិបតី ចិន លោក Xi Jinping បានដាក់ចេញនូវយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ ចាប់តាំងពីលោកឡើងកាន់អំណាចកាលរយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានធ្វើការព្រមានដូចមេដឹកនាំមុនៗថា បញ្ហានេះ អាចគំរាមកំហែងដល់បក្សកុម្មុយនីសបាន។

កន្លងមកមានមន្ត្រីរាប់ពាន់នាក់ ត្រូវបានស្ថិតក្រោមការស៊ើបអង្កេត។ សារព័ត៌មានបានឲ្យដឹងថា ក្រុមគ្រួសារមន្ត្រីភាគច្រើនមានប្រាក់រាប់លាន ប៉ុន្តែព្យាយាមជិះកង់ទៅធ្វើការ ដើម្បីទទួលការកោតសរសើរ និងលើកតម្កើន តែការពិតពួកគេ បែរជាចំណាយលុយចូលក្លឹបរាត្រី ចាយវាយយ៉ាងខ្ជះខ្ជាយទៅវិញ។

សូមជម្រាបថា កន្លងមកមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ដែលត្រូវបានដាក់ទោសក្នុងពន្ធធនាគារ ក្នុងអំឡុងនៃការចាត់វិធានការណ៍ប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតី Xi Jinping៕