គន្លឹះដើម្បីការពារបញ្ហាសម្លេង

មនុស្សចំនួនច្រើនប្រើសម្លេងរបស់ខ្លួន ដើម្បីបម្រើការងាររបស់ពួកគេ។ អ្នកចម្រៀង គ្រូបង្រៀន វេជ្ជបណ្ឌិត មេធាវី គិលានុបដ្ឋាយិការ អ្នកលក់ដូរ និងអ្នកធ្វើសន្ទរកថាសាធារណៈ គឺជាក្រុមមនុស្សដែលមានតម្រូវការចាំបាច់នៅក្នុងការប្រើសម្លេងរបស់ពួកគាត់។ ដូច្នេះការប្រើសម្លេងនេះ ធ្វើឱ្យពួកគាត់ប្រឈមខ្ពស់នឹងការវិវឌ្ឍន៍បញ្ហាសម្លេង។ អ្នកជំនាញបានប៉ាន់ប្រមាណថា មនុស្សប្រមាណ ៧,៥លាននាក់មាននូវជំងឺ និងវិបត្ដិសម្លេង។ វិបត្ដិទាំងនេះអាចចៀសវាងបាន ដោយការថែរក្សាសម្លេងរបស់អ្នក។រក្សារាងកាយឱ្យមានសំណើម•ទទួលទានទឹកឱ្យបានច្រើន យ៉ាងតិចឱ្យបាន ៦ ទៅ ៨កែវ ក្នុងមួយថ្ងៃតាមការណែនាំរបស់អ្នកឯកទេស។•កំណត់ការទទួលទានភេសជ្ជៈ ដែលមានផ្ទុកជាតិអាកុល ឬកាហ្វេអ៊ីន ដែលអាចបណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹក និងធ្វើឱ្យខ្សែសម្លេង និងបំពង់ខ្យល់ស្ងួត។ ម្យ៉ាងទៀតជាតិអាកុលក៏ធ្វើឱ្យរលាកភ្នាសរំអិល ដែលលាតសន្ធឹងនៅក្នុងបំពង់កផងដែរ។•សូមប្រើម៉ាស៊ីនផ្សើមក្នុងគេហដ្ឋានរបស់អ្នក ពីព្រោះម៉ាស៊ីននេះមានសារៈប្រយោជន៍ជាពិសេសនៅរដូវរងារ ឬនៅក្នុងអាកាសធាតុស្ងួត។ អ្នកឯកទេសណែនាំ ឱ្យមានភាពសើមប្រមាណ ៣០%នៅក្នុងគេហដ្ឋានរបស់អ្នក។•សូមចៀសវាង ឬកំណត់ការប្រើប្រាស់ឱសថ ដែលធ្វើឱ្យខ្សែសម្លេងរបស់អ្នកស្ងួត រួមមានដូចជាឱសថព្យាបាលជំងឺគ្រុនផ្ដាសាយ ឬឱសថបំបាត់អាការៈទាស់។ ប្រសិនបើអ្នកមានបញ្ហាសម្លេង សូមធ្វើការសាកសួរវេជ្ជបណ្ឌិតថាតើឱសថប្រភេទណា ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកក្នុងការប្រើប្រាស់។រក្សារបៀបរស់នៅ និងរបបអាហារអំណោយផលដល់សុខភាព៖•សូមកុំពិសាបារី និងត្រូវចៀសវាងការស្រូបផ្សេងបារីពីអ្នកដទៃ ពីព្រោះការជក់បារីធ្វើឱ្យរលាកខ្សែសម្លេង។ ម្យ៉ាងទៀត ជំងឺមហារីកខ្សែសម្លេងភាគច្រើនត្រូវបានគេរកឃើញកើតមានចំពោះមនុស្សដែលជក់បារី។•ចៀសវាងការទទួលទានអាហារហឹរ ពីព្រោះអាហារហឹរបង្កឱ្យមានជាតិអាស៊ីដនៅក្នុងក្រពះ ដែលជាតិអាស៊ីដទាំងនោះរំកិលទៅក្នុងបំពង់ក ឬបំពង់អាហារ និងជាហេតុបង្កឱ្យក្ដៅចុងដង្ហើម ឬកើតជំងឺក្រពះ។•សូមដាក់បញ្ចូលធញ្ញជាតិ ផ្លែឈើ និងបន្លែឱ្យបានច្រើនទៅក្នុងរបបអាហាររបស់អ្នក។ ប្រភេទអាហារទាំងនេះមានផ្ទុកនូវវីតាមីនA វីតាមីនE និងវីតាមីនC។ លើសពីនេះទៀត របបអាហារទាំងនេះក៏ជួយរក្សាភ្នាសរំអិល ដែលលាតសន្ធឹងនៅក្នុងបំពង់កឱ្យមានសុខភាពល្អផងដែរ។•សូមលាងសម្អាតដៃរបស់អ្នកឱ្យបានញឹកញាប់ ដើម្បីការពារឆ្លងជំងឺគ្រុនផ្ដាសាយ ឬគ្រុនក្ដៅ។•សម្រាកឱ្យបានគ្រប់គ្រាន់ ព្រោះថាការអស់កម្លាំងល្ហិតល្ហៃផ្នែករាងកាយមានឥទ្ធិពលអវិជ្ជមានដល់សម្លេងរបស់អ្នក។•ធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់។ លំហាត់ប្រាណមានប្រសិទ្ធភាពបង្កើនភាពអំណត់ និងគុណភាពសាច់ដុំ។  លំហាត់ប្រាណផ្ដល់ឱ្យឥរិយាបថមានភាពសមសួន និងសម្រួលដល់ការដកដង្ហើមដែលមានសារៈប្រយោជន៍សម្រាប់ការនិយាយបញ្ចេញសម្លេងបានស្រួលផងដែរ។•ប្រសិនបើអ្នកមានបញ្ហាក្ដៅឆ្អល់ចុងដង្ហើម ឬជំងឺរលាកក្រពះមិនទាន់ជាសះស្បើយ សូមប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការផ្លាស់ប្ដូររបបអាហារ ឬប្រភេទឱសថដែលអាចជួយកាត់បន្ថយអាការៈទាំងនេះ។•សូមចៀសវាងទឹកថ្នាំខ្ពុលមាត់ ដែលមានផ្ទុកជាតិអាកុល ឬសារធាតុគីមីដែលអាចបង្កការរលាក។ ប្រសិនបើអ្នកនៅតែចង់ប្រើទឹកថ្នាំខ្ពុលមាត់ ដែលមានជាតិអាកុល សូមកំណត់ការប្រើប្រាស់ក្នុងការសម្អាតមាត់។ ប្រសិនបើការខ្ពុលមាត់ជាប្រការចាំបាច់ សូមប្រើទឹកអំបិលជាដំណោះស្រាយវិញ។•សូមចៀសវាងការប្រើទឹកថ្នាំខ្ពុលមាត់ដើម្បីព្យាបាលបញ្ហាក្លិនមាត់ដែលកើតមានជាអចិន្រ្ដៃយ៍។ បញ្ហាក្លិនមាត់មិនល្អអាចជាលទ្ធផលបញ្ហា ដែលទឹកថ្នាំខ្ពុលមាត់គ្មានប្រសិទ្ធភាពក្នុងការព្យាបាល ដូចជាការរលាកច្រមុះ រលាកស៊ីណូស រលាកអាមីដាល់ រលាកអញ្ចាញ ឬរលាកសួត ព្រមទាំងបណ្ដាលមកពីការច្រាលជាតិអាស៊ីពីក្នុងក្រពះ៕
គន្លឹះដើម្បីការពារបញ្ហាសម្លេង
អត្ថបទ៖ ដេវីដ