កូ​រ៉ូ​ឡា​មួយ​គ្រឿង​បើក​បុក​ម៉ូតូ ស្លាប់​១ របួសធ្ងន់​១ និង​បុក​រថយន្ត​តាក់ស៊ី​ក្រឡាប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បោក​ក្បាល​និង​ថ្ម​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​រថយន្ត​កូ​រ៉ូ​ឡា​បើក​បុក​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន ស្រប​និង​គ្នា​នោះ​ដែរ រថយន្ត​តាក់ស៊ី​មួយ​គ្រឿង​បើក​មក ក៏​បាន​គេច​ម៉ូតូ​គុប​មូល​នោះ​បួង​ចង្កូត​រហូត​ដល់​ក្រឡាប់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ កែង​និង​១៥៥ ក្នុង​សង្កាត់​ទទួល​ទំពូង​១ ខណ្ឌ​ចំកា​មន ។

តាម​ប្រភព​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ម៉ូតូ​គុប​មូល​ស៊េរី​ចាស់​មួយ​គ្រឿង គ្មាន​ស្លាក​លេខ​ជិះ​ដោយ​បុរស​២​នាក់​តាម​បណ្តោយ​ផ្លូវ​៤៣២ ក្នុង​ទិស​ដៅ​ពី​កើត ទៅ​លិច  ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​កែង​និង​ផ្លូវ​លេខ​១៥៥ ក៏​មាន​រថយន្ត​កូ​រ៉ូ​ឡា​មួយ​គ្រឿង ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ទៅ​បុក​ម៉ូតូ​គុប​មូល​នោះ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​២​អ្នក​នោះ​ដួល​ម្នាក់​ស្លាប់​នៅ​និង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

បន្ទាប់​មក​រថយន្ត​បង្ក ក៏​បាន​បត់​ឆ្វេង​គេចខ្លួន​បាត់​ទៅ តែ​ស្របគ្នា​នោះ​ដែរ ក៏​មាន​រថយន្ត​តាក់ស៊ី​ម៉ែត្រ ពណ៌​លឿង បើក​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ឃើញ​រថយន្ត​បុក​ម៉ូតូ​នៅ​ពីមុខ ហើយ​រថយន្ត​កំពុង​តែ​លឿន​ផង​នោះ ក៏​បាន​បួង​ចង្កូត​បត់​ឆ្វេង ដើម្បី​គេច​តែ​បែរជា​ក្រឡាប់​ទៅ​វិញ ។

ក្រោយ​ពេល​កើតហេតុ បុរស​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​មន្ទី​ពេទ្យ ចំណែក​សព​ជន​រង​គ្រោះ សមត្ថ​កិច្ច​បាន​ទំនាក់ទំនង​ក្រុម​គ្រួសារ​ឱ្យមក​ទទួលយក​សព ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំនែក​រថយន្ត​និង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​និង​ម៉ូតូ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ការ​ដោះស្រាយ ។