គង់ វិច្ឆិកា បដិសេធ​បំណងល្អ​របស់​សង្សារ​

តារា​សម្តែង​សម្បុរ​ស្រអែម គង់ វិច្ឆិកា បាន​ជួប​ស្នេហ៍​បុរស​ខ្មែរ​រស់នៅ​អាមេរិក អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកហើយ ពេលនេះ​សង្សារ​របស់​នាង​ក៏បាន​សុំ​នាង​ចូល​ស្តីដណ្តឹង ដើម្បី​រៀបការ​ពេញ​ច្បាប់​ថែម​ទៀតផង ប៉ុន្តែ​បំណងល្អ​នេះ​ត្រូវបាន គង់ វិច្ឆិកា ទាត់ចោល ដោយ​មួល​ហេតុ​នាង​មិនទាន់​ចង់​បោះបង់​អាជីព​សិល្បៈ ។​​ចំណង​ស្នេហ៍​អ្នកសិល្បៈ​មិន​ថា​បាន​រៀបការ​រួច ឬ មិនទាន់​រៀបការ​នោះទេ គឺ​បាន​បែក​គ្នា​ភាគច្រើន ដោយសារតែ​ភាគី​ខាង​ស្រី​មិនអាច​បោះបង់​អាជីព​សិល្បៈ ដែល​ធ្វើឱ្យ​ក្តី​ស្រឡាញ់​របស់​គូស្នេហ៍​ក្លាយ​ជាការ​ប្រចណ្ឌ និង ឈ្លោះ​ប្រ​កែ​គ្នា ព្រោះតែ​ខាង​ប្រុស​មិនអាច​អត់ទ្រាំ​ទទួលយក​គូស្នេហ៍ ឬ ប្រពន្ធ​ដែល​ត្រូវ​បុរស​ផ្សេង​ឱបថើប​បាន ។

គង់ វិច្ឆិកា បដិសេធ​បំណងល្អ​របស់​សង្សារ​

​សកម្មភាព​ទាំង​ពីនេះ ទោះបីជា​សិល្បការិនី​ភាគច្រើន​បានដឹង​ច្បាស់​ថា ជា​រឿង ដែល​ភាគី​ខាង​ប្រុស​ពិបាក​ទទួលយក​ក្តី ប៉ុន្តែ​តារា​ស្រីៗ​មួយចំនួន ក៏បាន​សម្រេចចិត្ត​ជ្រើស​យក​អាជីព​សិល្បៈ​បោះបង់​គូស្នេហ៍ ឬ ប្តី​ក៏មាន​ច្រើន​ដែរ ។ ​ស្រដៀង​គ្នា​នឹង​ការមើលឃើញ​នូវ​សកម្មភាព​ខាងលើនេះ តារា​សម្តែង​វ័យក្មេង​កញ្ញា គង់ វិច្ឆិកា ក៏ត្រូវ​បាន​គេ​មើលឃើញថា នាង​កំពុង​ឈាន​ដើរ​លើផ្លូវ​ដ៏​គ្រោះថ្នាក់​សម្រាប់​ជីវិត​ស្នេហា ជាមួយ​សង្សារ​ជា​បុរស​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក​ផងដែរ ព្រោះ​នៅពេល​ផ្តល់​បទ​ម្ភា​ស​ផ្ទាល់​ជាមួយ​អ្នកយកព័ត៌មាន “​ប្រជាប្រិយ​” នៅក្នុង​ស្ថានីយទូរទស្សន៍​បាយ័ន កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ឆ្លង​ទ្វីប​ជាមួយ​បុរស​ខ្មែរ​រស់នៅ​អាមេរិក​នោះ នាង​បាន​ប្រាប់ថា ក្រោយពី​បាន​សិក្សា​មើលចិត្ត​គូស្នេហ៍​នៅក្រៅ​ស្រុក​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក នៅពេលនេះ នាង និង គូស្នេហ៍​បាន​យល់ចិត្ត​គំនិត​គ្នា​ច្បាស់​មួយរយ​ភាគរយ​ហើយ ។​

គង់ វិច្ឆិកា បដិសេធ​បំណងល្អ​របស់​សង្សារ​

​ ​ផ្ទុយ​ពី​រឿង​ដ៏​ល្អ​នេះ នៅពេល​យើង​សួរនាំ​ពី​ពេលវេលា ដឹក​ដៃគូ​ស្នេហ៍​រោងការ នៅពេលណា​នោះ គង់ វិច្ឆិកា បាន​ប្រាប់ថា ថ្មីៗ​នេះ​គូស្នេហ៍​របស់​នាង​បាន​សុំឱ្យ​ចាស់ទុំ​ចូល​ស្តីដណ្តឹង​នាង​ដើម្បី​រៀបការ​ជា​ប្តី​ប្រពន្ធ នៅពេល​ខាងមុខ​នេះដែរ ប៉ុន្តែ​បំណង​របស់គាត់​ត្រូវ​នាង​មិនទាន់​ទទួលយក​នោះទេ ព្រោះ​នាង​មិនទាន់​ចង់​រៀបការ គឺ​នាង​ចង់​នៅ​ប្រឡូក​អាជីព​សិល្បៈ​បី​ឬ​បួន​ឆ្នាំ​ទៀត​ទើប​គិតគូ​រឿង​រៀបការ ។ គង់ វិច្ឆិកា បាន​បន្តទៀតថា នៅពេល​នាង​ច្រានចោល​សំណើសុំ​រៀបការ​ពី​សង្សារ​នេះដែរ ក៏​មានមតិ​ជាច្រើន បាន​និយាយ​ឱ្យ​នាង​ទទួលយក​ស្នេហា​មួយ​នេះដែរ ព្រោះ​ឱកាស​ចាប់ដៃ​បុរស​ល្អ​ធ្វើជា​ប្តី ក៏​មិន​ងាយ​ចេះតែ​កើតមាន​ដែរ រហូត​មាន​អ្នកខ្លះ​បានបញ្ជាក់​ថា ប្រយ័ត្ន​សង្សារ​ល្អ​ណាយចិត្ត ព្រោះតែ​រង់ចាំ​យូរពេក គាត់​អាច​ទៅ​ស្រឡាញ់​អ្នកថ្មី ហើយ​បោះបង់​នាង​ថែម​ទៀតផង ហើយ​បញ្ហា​នេះ​គឺ​កើតមាន​ជា​ញឹ​ប​ញាប់​ណាស់​សម្រាប់​អ្នកសិល្បៈ ។​

គង់ វិច្ឆិកា បដិសេធ​បំណងល្អ​របស់​សង្សារ​

​ទោះ​ជាមាន​អ្នកជិតខាង​បានចង្អុលបង្ហាញ​បែបនេះ​ក្តី ប៉ុន្តែ​តារា​សម្តែង គង់ វិច្ឆិកា ក៏បាន​បញ្ជាក់ប្រាប់​យ៉ាង​មាន​ទំនុកចិត្ត​ថា គូស្នេហ៍​របស់​នាង​គាត់​ជា​បុរស​មានចិត្ត​ស្មោះ និង មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ហើយ​នាង​ក៏បាន​មើលចិត្ត​គាត់​បាន​ច្រើន​ដែរ​គឺ​គាត់​ស្រឡាញ់​នាង​ស្មោះ ។ ចំពោះ​បញ្ហា​នាង​មិនទាន់​ចង់​រៀបការ​នោះ ព្រោះ​ចង់​បន្ត​អាជីព​សិល្បៈ ពួកយើង​បាន​និយាយ​គ្នា​អស់ហើយ ហើយ​គាត់​ក៏​មិន​រារាំង ឬ​ប្រចណ្ឌ​នឹង​នាង​ដែរ គឺ​គាត់​មានតែ​ឱ្យ​តម្លៃ​នាង ព្រោះ​នាង​ក៏​មិនសូវ​ទទួល​ថត​ខ្សែភាពយន្ត​ណា ដែលមាន​ឈុត​ឆាក​ស្នេហា​ជ្រាលជ្រៅ ដែល​ធ្វើឱ្យ​គាត់​ប្រកាន់​ដែរ ។​ ​តារា​សម្តែង គង់ វិច្ឆិកា មាន​ទំនុកចិត្ត​លើ​សង្សារ​របស់​នាង យ៉ាង​មុតមាំ ហើយ​ពេល​អ្នកយកព័ត៌មាន​រប​ស់​យើង​សួរថា បើ​អូស​បន្លាយពេល​រៀបការ​យូរពេក តើ​នាង​មិន​ខ្លាច​ដូច​ពាក្យចាស់​ពោលថា “​ឃ្លាតឆ្ងាយ​ណាយចិត្ត​” ទេ​ឬ បើ​សង្សារ​នៅ​ឆ្ងាយ​មិនសូវ​បាន​ជួប​មុខ​គ្នា​បែប​នេះនោះ ? ។

គង់ វិច្ឆិកា បដិសេធ​បំណងល្អ​របស់​សង្សារ​

ចំណុច​នេះ គង់ វិច្ឆិកា បាន​ប្រាប់ថា នាង​មិន​ខ្វល់​នឹង​រឿង​ដូច្នេះ​ទេ បើ​ព្រោះតែ​រឿងនេះ​ធ្វើឱ្យ​ពួកយើង​មិនបាន​ជួបគ្នា ហើយ​រស់នៅ​ជាមួយគ្នា ជា​ប្តី​ប្រពន្ធ​នោះ គឺ​ចាត់ទុកថា​យើង​គ្មាន​និ​ក្ស័យ​នឹង​គ្នា​ទៅ​ចុះ ព្រោះ​នាង​ក៏​មិន​ខូចខាត​អ្វី​ដែរ ។ បញ្ចប់​ការសួរនាំ​ពី​រឿង​ស្នេហា គង់ វិច្ឆិកា ក៏បាន​បញ្ជាក់ប្រាប់​ពី​ការងារ​សិល្បៈ​ដែរ​ថា នៅពេលនេះ នាង​ទើប​ថត​បញ្ចប់រឿង “​កំលោះ​ស្រុកស្រែ ស្នេហ៍​ក្រមុំ​ឡប់​” ហើយ​នាង​ក៏បាន​ធ្វើ​កិច្ចសន្យា ថត​ខ្សែភាពយន្ត​ភាគ​ថ្មី​មួយ​រឿង​ទៀត ដែល​កំពុង​ចុះ​ថត​ផងដែរ តែ​នាង​មិនទាន់​ប្រាប់​ចំណងជើង​បានទេ ព្រោះ​ខាង​ក្រុមហ៊ុន​មិនទាន់​អនុញ្ញាត ៕ ​ចន្ថា