ចិនធ្វើ សមយុទ្ធយោធា នៅសមុទ្រចិន ខាងត្បូង ស្របពេលដែល ភាពតានតឹងកើត មានកាន់តែខ្លាំង

ប៉េកាំង៖ ប្រទេសចិន បានធ្វើសមយុទ្ធយោធា នៅសមុទ្រ ចិនខាងត្បូង ខណៈដែលភាពតានតឹង កើតមានកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលក្រុង ប៉េកាំងធ្វើការកសាងសំណង់នានា នៅលើដែនដីកំពុង មានជម្លោះនេះ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័តមាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

កន្លងមកប្រទេស ចិន តែងតែជម្នះប្រកាសថា ដែនដីដែលសម្បូរដោយធនធានធម្មជាតិ នៅសមុទ្រចិនខាងត្បូងទាំងនោះ ជាកម្មសិទ្ធរបស់ខ្លួន ដែលបញ្ហានេះបានបង្កជា ជម្លោះជាមួយប្រទេសមួយ ចំនួនដូចជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងប្រុយណេ។

សារព័ត៌មានបានឲ្យដឹងថា នាវាចម្បាំង នាវាមុជទឹក យន្តហោះផ្តល់ការព្រមាន និងយន្តហោះចម្បាំងជាច្រើនគ្រឿង ត្រូវបានដាក់ពង្រាយក្នុងសមយុទ្ធនេះ ដែលលាតសន្ធឹងលើចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

សូមជម្រាបថា កាលពីសប្តាហ៍មុន សហរដ្ឋអាម៉េរិក បានដាក់ពង្រាយយន្តហោះល្បាតប្រភេទ P-8 នៅលើទឹកដីប្រទេស សិង្ហបុរីជាលើកដំបូង ដែលសកម្មភាពនេះត្រូវបានគេចាត់ទុកថា ជាសារផ្ញើរជូនដល់រដ្ឋាភិបាល ក្រុងប៉េកាំង ដើម្បីបង្ហាញការប្រឆាំងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចំពោះចិន ដែលបំពានគោលនយោបាយក្នុងតំបន់៕