រថយន្ត​​មែរ​ហ្សឺ​ដែ​ស GL550 បើក​ដូច​ហោះ​បុក​បង្គោល​ភ្លើង​បាក់​១​ដើម

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​អ្នក​បើករថយន្ត​ស៊េរី​ទំនើប Mercedes GL550 មួយ​គ្រឿង ក្នុង​ល្បឿន​លឿន​ហួសកំណត ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​បាក់​រាប​ដល់​ដី តែ​សំណាងល្អ​មិន​បង្ក​គ្រោះ ថ្នាក់​ដល់​មនុស្ស ចំណែក​អ្នក​នៅ​ក្នុង​រថយន្ត​របួស​បន្តិច​ប​ន្ទួ​ច ។

ហេតុការណ៍​នេះ  កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ធ្នូ  ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៩៣ កែង​និង​ផ្លូវ​លេខ​៣៦៦ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

បុរស​ជា​សន្តិសុខ​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ឃើញរ​ថយ​ន្ទ​ខាងលើ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2-AJ6888 ដែល​ក្នុង​នោះ​មាន​បុរស​ជនជាតិ​ចិន​៣​នាក់​នៅ​ក្នុង​រថយន្ត បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៩៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ទាំង​ស្ថានភាព​ស្រវឹង​ផង​នោះ ស្រាប់តែ​មក​ដល់​ចំណុច​ផ្លូវកែង​លេង​៣៦៦ រថយន្ត​ក៏​បួង​ចង្កូត​បត់​ទៅ​ខាងឆ្វេង​ដៃ​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​រលើង​បាក់​ដល់​ដី និង​ដាច់​ខ្សែភ្លើង​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ។ ចំណែក​រថយន្ត​រង​កា​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ធ្វើ​ឱ្យ​រថយន្ត​ទៅ​មុខ​លែង​រួច ។

ប្រភព​ប​ន្តថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ អ្នក​បើករថយន្ត​រួម​ទាំង​អ្នកដំណើរ​ជាមួយ​នោះ ក៏​ចុះ​ចេញពី​រថយន្ត​គេចខ្លួន​បាត់​អស់​។  ភ្លាម​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ និង​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ។