សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ

រាជធានី​ភ្នំពេញ ៖ ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​របស់​លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចារ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ នា​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ជា​ច្រើន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨-១៩ ធ្នូ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ ។

លោក ស្រីុ ថា​ម​រុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ឱ្យ​ដឹង​ថា អមដំណើរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី រួម​មាន​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ។ និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​មាន​ជា​អាទិ៍ លោក​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន លោក​រដ្ឋមន្ត្រី អ៊ុ​ក រ៉ា​ប៊ុ​ន លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន លោក​រដ្ឋមន្ត្រី អិ​ុ​ត សំ​ហេង លោក សុខ ចិន្តា​សោភា ខ្លួន​ខ្ញុំ និង​លោក កៅ គឹ​ម​ហួ​ន រួម​នឹង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េ​ង ដែល​មាន​សមាជិក​ប្រមាណ​ជា​២០​នាក់ រួម​មាន​ទាំង​សមាគម​មិត្តភាព​កម្ពុជា​-​ថៃ ដែល​មាន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ជា​ប្រធាន ។ ក្នុង​នោះ​ដែរ​ក៏​មាន​លោក​ឧកញ៉ា​មួយ​ចំនួន​ទៀត ដែល​ជា​សមាជិកសមាគម​មិត្តភាព​កម្ពុជា​-​ថៃ ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ដល់ មាន​ពិធី​បដិសណ្ឋារកិច្ច​ទទួល​ផ្លូវការ​នៅ​វិមាន​រដ្ឋាភិបាល បន្ទាប់​មក​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជាមួយ​លោក​ឧត្តមសេនីយ៍ នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចារ ។ នៅ​ពេល​រសៀល​ថ្ងៃ​ទី​១៨ ធ្នូ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ ដែល​មាន​អ្នក​វិនិយោគិន ពាណិជ្ជករ​ថៃ រួម​នឹង​គណៈប្រតិភូ​សរុប​ប្រមាណ​ជាង​៣០០​នាក់ ។

នៅ​ថ្ងៃ​ទី​១៩ ធ្នូ គណៈប្រតិភូ​នៃ​ប្រទេស​ទាំង​២ នឹង​ជួប​ពិភាក្សា​គ្នា​ជា​លើក​ទី​២ ដែល​គោលបំណង​ទស្សនកិច្ច​ផ្លូវការ​នេះ ក៏​ដូច​ជា​ក្នុង​ជំនួប​នេះ​ជួន​ចំ​ពេល​នឹង​ខួប​ទី​៦៥​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដែល​នៅ​ក្នុង​កិច្ច​ជំនួប​នេះ មាន​សកម្មភាព​មួយ​ចំនួន​ដែល​មាន​ក្រុម​សិល្បៈ​របស់​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន​ជាង​៣០​នាក់ នៃ​សិល្បករ សិល្ប​ការិនី​ទៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ចូលរួម​សម្តែង​សិល្ប​រួម​គ្នា នៅ​ក្នុង​ពិធី​នេះ​ក៏​ដូច​ជា ការ​សម្តែង​មួយ​ចំនួន​ទៀត​នៅ​ទីក្រុង​បាងកក ។ ហើយ​នៅ​ពេល​ខាង​មុខ​ទៀត​ក៏​នឹង​មានការ​ប្រកួត​កី​ទ្បា​បាល់ទាត់​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដែល​ការ​ប្រកួត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ។ ហើយ​នៅ​ឆ្នាំ​២០១៦ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី សា​រិ​ន ថង នឹង​យាង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​កម្មវិធី​មួយ​ចំនួន​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​នានា ជា​អ្នក​ជិតខាង​ល្អ ពិសេស​ផ្តោត​លើ​ការ​កសាង​ព្រំដែន ដើម្បី​ឱ្យ​តំបន់​ព្រំដែន​មាន​សុខ​សន្តិភាព ស្ថិរភាព មាន​កិច្ច​ប្រតិបត្តិការ​ប្រកប​របរ​ជាមួយ​គ្នា ដើម្បី​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​រវាង​ប្រទេស​ទាំង​២​ងាយស្រួល​ក្នុង​ការ​ចេញចូល​ទៅ​វិញ​ទៅ​មក ។ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ជាប់​នឹង​ព្រំដែន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ចេញចូល​ទៅ​ធ្វើការ​រវាង​ប្រទេស​ទាំង​២ ។

កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​ផ្តោត​លើ​ចំណុច​សំខាន់​ជា​ច្រើន​ក្នុង​ការ​បើក​ច្រកព្រំដែន​ថ្មី​ៗ​ថែម​ទៀត ដើម្បី​សម្រួល​ដល់​កសិករ​ដែល​រស់នៅ​តាម​ព្រំដែន​ងាយស្រួល​ចេញចូល​ប្រកប​របរ​លក់ដូរ​ទំនិញ ដឹក​ទំនិញ បង្កើន​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ ជា​ពិសេស​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ដែល​ក្នុង​១​ឆ្នាំ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ ហើយ​ខិតខំ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ឱ្យ​ដល់​១​ម៉ឺន​៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​រវាង​ប្រទេស​ទាំង​២​នៅ​ថ្ងៃ​ទី​១៩ ធ្នូ​នេះ អាច​នឹង​មាន​ចុះហត្ថលេខា​ចំនួន​៥ ក្នុង​នោះ​ទី​១-​មាន​សេចក្តីថ្លែងការណ៍​រួម និយាយ​ពី​ទស្សនកិច្ច ទី​២-​ទាក់ទង​នឹង​ការ​បើក​ច្រកព្រំដែន​ស្ទឹង​បត់ ទី​៣-​មាន​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​កសាង​ផ្លូវ ស្ពាន​ពី​ស្ទឹង​បត់​មក​ផ្លូវជាតិ​លេខ​៥ ទី​៤-​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​បញ្ហា​ពលករ​ទៅ​បំពេញការងារ​នៅ​ថៃ និង​ទី​៥-​ទំនាក់ទំនង​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ពាណិជ្ជកម្ម​ព្រះរាជាណាចក្រ​ថៃ ។

តាម​ការ​គ្រោងទុក សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​វិល​ត្រ​ទ្ប​ប់​មក​វិញ នា​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ៕