ចម្លាក់​ស្បែក​ជា​ចម្លាក់​ដែល​ពិបាក​តែ​រកចំណូលបាន​ទាប

សៀមរាប៖ ចម្លាក់​ស្បែក គឺជា​ចម្លាក់​មួយ​ប្រភេទ​ដែល​កំពុង​ទទួល​បានកា​រ​ពេញនិយម​ពី​សំណាក់​ភ្ញៀវទេសចរ។ ជនជាតិ​ចិន និង​ជប៉ុន ជា​អ្នក​ដែល​ចូលចិត្ត​ទិញ​ចម្លាក់​ស្បែក​ច្រើនជាងគេ បើ​ធៀប​ទៅនឹង​ភ្ញៀវទេសចរ​ដទៃ។ យ៉ាងណាមិញ មួយរយៈ​ចុងក្រោយ​នេះ ចម្លាក់​ស្បែក ដែល​គេ​ដឹងថា ជា​ចម្លាក់​ដែល​ពិបាក​មួយ​ក្នុងចំណោម​ចម្លាក់​ផ្សេងទៀត មិនសូវ​លក់ដាច់​ប៉ុន្មាន​នោះទេ ដោយសារ​កំណើន​អ្នកធ្វើ និង​ការ​ឲ្យ​ថ្លៃ​មិន​សមាមាត្រ​គ្នា។

ជាងចម្លាក់​ស្បែក លោក ចាន់ តង ដែល​កំពុង​ប្រកប​អាជីវកម្ម​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​បាន​និយាយថា ការលក់​ចម្លាក់​ស្បែក​របស់លោក កំពុង​ប្រឈម។ ព្រោះថា បរិមាណ​លក់ មានការ​ថមថយ​ជាងពេលមុនៗ ។ លោក ចាន់ តង បន្ថែមថា មាន​ថ្ងៃ​ខ្លះ ចម្លាក់​ស្បែក​របស់លោក លក់​មិនបាន​មួយ​ផង ក៏មាន។ ​ស្ងាត់​ភ្ញៀវ និង​ការ​ឲ្យ​តម្លៃ​ទាប ជា​មូលហេតុ​ពិតប្រាកដ ដែល​លោក​កំពុង​ប្រឈម​នឹង​អាជីវកម្ម​មួយ​នេះ។

លោក ចាន់ តង បន្ថែមថា ចម្លាក់​ស្បែក អាច​លក់បាន​ក្នុងតម្លៃ​ចន្លោះ​ពី ១៥ ទៅ៤៥ ដុល្លារ តាម​ទំហំ និង​ក្បាច់​របស់​វា។ មាន​ចម្លាក់​ខ្លះ លោក ចាន់ តង ត្រូវ​ចំណាយពេល​ពេញ​មួយថ្ងៃ ទាំង​គូរ និង​ដាប់។ មានពេលខ្លះ លោក តង មិនអាច​ធ្វើ​វា​បាន​មួយ​ផ្ទាំង​ផង។ ក្នុង​រូប​មួយ  លោក​ត្រូវ​ចាយ​ពេល​ពី៤ថ្ងៃ ទៅមួយ​សប្តាហ៍ ឫ​កន្លះ​ខែ​ក៏មាន។ លោក​ពន្យល់ថា៖« ជាក់ស្តែង​ចម្លាក់​រូប​សេះ​នេះ គ្រាន់តែ​គូររូប យើង​ត្រូវ​ប្រើពេល​មួយថ្ងៃ​បាត់ទៅហើយ នៅ​ដាប់​ទៀត»។

ក្រៅពី​ប្រើពេល​យូរ​ដើម្បី​គូរ និង​ដាប់​ហើយ​នោះ ស្បែក​ដែល​យកមក​ដាប់ ត្រូវតែ​ជា​ស្បែក​ដែល​ស្ងួត​ល្អ។ សព្វថ្ងៃ ទីផ្សារ​ស្បែក​គោ ដែល​ប្រើ​សម្រាប់​ចម្លាក់​នេះ មានតម្លៃ​ចាប់ពី ៦០០០រៀល ដល់៨០០០រៀល ក្នុង​មួយ​គីឡូក្រាម។ គេ​ត្រូវយក​ស្បែក​ទៅ​ហាល​ចាប់ពី២ថ្ងៃ​ឡើង (ដោយ​ថ្ងៃ​ខ្លះ) ទើប​អាចយ​កម​កដាប់បាន។

សម្រាប់​ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍ ចម្លាក់​ស្បែក​ជា​មុខរបរ​មួយ​ដ៏​ប្រសើរ។ យ៉ាងណា តាម​ការកត់សម្គាល់រ​ប​ស់លោក ចាន់ តង ដែលជា​អ្នក​សម្តែង​សិល្បៈ​ស្បែក​ធំ​មួយរូប​ផង​នោះ មើលឃើញថា វា​មាន​សភាព​ស្ងាត់​ច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ កត្តា​នេះហើយ ធ្វើ​ឲ្យ​មុខរបរ​ប្រចាំថ្ងៃ​របស់លោក កំពុង​ជួប​ហានិភ័យ ដោយសារ​លក់​មិន​ដាច់។ ថ្ងៃ​ខ្លះ លោក​អាច​លក់ដាច់​បាន​មួយ​ផ្ទាំង ឫ​លក់​មិន​ដាច់​សោះ​ក៏មាន។ ទន្ទឹមនឹងនេះ លោក​ត្រូវ​បង់ថ្លៃ​ជួល​តូ​ម​ជាប្រចាំ​ខែ តម្លៃ​ពី១៥ ទៅ២០ដុល្លារ​ផង។

ក្រៅពី​តូប​លក់​ចម្លាក់​ស្បែក​របស់លោក ចាន់ តង នៅ​ប្រាសាទអង្គរវត្ត មាន​តូប​ច្រើន​ទៀត ដែល​កំពុង​ដាប់ និង​លក់​ចម្លាក់​ស្បែក។ សព្វថ្ងៃនេះ ជំនាញ​មាន​យុវជន​ច្រើន ដែល​ចេះ​ឆ្លាក់​ស្បែក។ មាន​សាលារៀន និង​អង្គការ បី​ទៅ​បួន​កន្លែង​នៅ​ខេត្តសៀមរាប បាន​បើក​បណ្តុះបណ្តាល ដើម្បី​បង្កើត​ការងារ​ដល់​កុមារកំព្រា អ្នកក្រីក្រ ជាពិសេស​នោះ​គឺ​លើកស្ទួយ​សិល្បៈ​ខ្មែរ៕