មន្ត្រី​តុលាការខេត្ត​បន្ទាយមានជ័យ បង្ក​ឲ្យ​មាន​អំពើ​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ពេញបន្ទុក

មន្ត្រី​តុលាការខេត្ត​បន្ទាយមានជ័យ កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​របស់ខ្លួន​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​តវ៉ា​រឿង​ដីធ្លី ដូច្នេះ​លោក អង្គ វង្សវ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គួរពិនិត្យមើល​ឡើងវិញ ហើយ​មិនត្រូវ​បណ្ដោយ​ឲ្យ​មន្ត្រី​តុលាការខេត្ត​បន្ទាយមានជ័យ ប្រព្រឹត្ត​អំពើអាក្រក់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត​ទេ​។ ទន្ទឹមនឹងនេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​គួរ​ចាត់វិធានការ​លើ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ផងដែរ​ព្រោះ​លោក គោ​ស៊ុំ សារឿ​ត មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ​លោក គោ​ស៊ុំ សារឿ​ត ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​នៅពេល​ប្រជាពលរដ្ឋ​តវ៉ា​មុខ​សាលាខេត្ត ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ចាត់វិធានការ​ដោះស្រាយ​ជូន​ពួកគាត់​ប្រកបដោយ​សុវត្ថិភាព​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា តំណាង​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ​ម្នាក់​ត្រូវបាន​សាលាដំបូង​ខេត្ត​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះ​អាស​ន្ត ហើយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​។ ក៏ប៉ុន្តែ​ការដោះលែង​នោះ​មន្ត្រី​តុលាការ​បាន​តម្រូវ​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តវ៉ា​រឿង​ដីធ្លី​របស់ខ្លួន​បន្តទៀត ពិសេស​ការតវ៉ា​ដែល​ខុសច្បាប់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា តុលាការ​កំពុង​រំលោភសិទ្ធិ​មនុស្ស​ព្រមទាំង​ធ្វើឡើង​ដោយ​ខុសច្បាប់​ទៀតផង​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​បញ្ជាក់ថា តំណាង​ប្រជាពលរដ្ឋ​រូបនោះ​យល់ព្រម​ធ្វើ​កិច្ចសន្យា​ជាមួយ​មន្ត្រី​តុលាការ ដើម្បី​បាន​រួច​ផុតពី​ការឃុំខ្លួន​។

​ក្រុមអ្នកច្បាប់​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មន្ត្រី​តុលាការខេត្ត​បន្ទាយមានជ័យ កំពុង​រំលោភ​ទៅលើ​ផ្លូវច្បាប់​ដោយ​ខ្លួនឯង ព្រោះ​នៅក្នុង​ផ្លូវច្បាប់​មិន​អនុញ្ញាត​ឲ្យ​តុលា​ការដាក់​លក្ខខណ្ឌ​ណាមួយ បណ្ដា​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​បុគ្គ​ល លើកលែងតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​។ ដូច្នេះ​លោក អង្គ វង្សវ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​តុលាការខេត្ត​បន្ទាយមានជ័យ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បំពាន​លើ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​តទៅទៀត​។ មានន័យថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ធ្វើបាតុកម្ម​ឬ​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ក៏ដូចជា​បញ្ហា​ផ្សេងៗ​ស្របតាម​អ្វីដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ហើយ​មន្ត្រី​តុលាការ​មិនគួរ​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន ដើម្បី​បំពាន​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឡើយ​៕

ang_vong_vathana_3201​លោក អង្គ វង្សវ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌image