លោក ជា សុ​មេធី គួរពិនិត្យមើល​ទង្វើរ​បស់​កូនចៅ​នៅក្នុង​ខេត្តមណ្ឌលគិរី​ខ្លះ​ផង​

សេចក្ដីរាយការណ៍​ពី​មន្ត្រីរាជការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក យូ ប៊ុន​ស្រៀ​ង មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្តមណ្ឌលគិរី កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក៏ដូចជា​រថយន្ត​ដឹកទំនិញ​គេចពន្ធ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក យូ ប៊ុន​ស្រៀ​ង និង​បក្ខពួក ហើយ​មួយផ្នែក​នៃ​ចំណូល​នោះ​ត្រូវគេ​ដឹងថា មានការ​បែងចែក​ទៅ​ថ្នាក់លើ​ផងដែរ​។ ហេតុនេះហើយ​ទើប​លោក យូ ប៊ុន​ស្រៀ​ង យក​លិខិត​បេសកកម្ម​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ទៀតថា លោក យូ ប៊ុន​ស្រៀ​ង បានដាក់​ពង្រាយ​កូនចៅ​ឲ្យ​ចាំ​ជំរិត​យកលុយ​ពី​រថយន្ត​ដឹកឈើ រថយន្ត​ដឹកទំនិញ ស្រេច​តែ​អំពើ​ចិត្ត​មិន​ខុសពី​កុងត្រូលជជុះ​ឡើយ​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​ពី​១០​ទៅ​១៥​គ្រឿង ដែល​ឆ្លង​កាត់មុខ​ប៉ុស្តិ៍​ឈរជើង​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ក្នុង​ខេត្តមណ្ឌលគិរី ដូច្នេះ​គេ​អាច​ប្រមូលបាន​លុយ​យ៉ាងច្រើន​តាមរយៈ​កុងត្រូលជជុះ​នោះ​។ សូម្បីតែ​រថយន្ត​ដឹក​គ្រឿ​សង្ហា​រឹម​តិចតួច​ក៏ត្រូវ​ចូល​បង់លុយ​ឲ្យ​កូនចៅ​លោក យូ ប៊ុន​ស្រៀ​ង ដែរ​បើ​មិន​ដូច្នេះ​ទេ​អាច​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន ព្រោះ​កូនចៅ​លោក យូ ប៊ុន​ស្រៀ​ង មាន​រថយន្ត​ចាំ​ប្រដេញ​មិន​ឲ្យ​រួចខ្លួន​បានឡើយ​។

មានការ​រិះគន់ថា តួនាទី​របស់លោក យូ ប៊ុន​ស្រៀ​ង គឺ​ចាត់វិធានការ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៅក្នុង​ខេត្តមណ្ឌលគិរី ក៏ប៉ុន្តែ​ជាក់ស្តែង​មន្ត្រីនគរបាល​រូបនេះ បែរជា​ប្រើប្រាស់​តួនាទី​អំណាច​និង​លិខិត​បេសកកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ​។ ដូច្នេះ​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​សកម្ម​ភាពមិនប្រក្រតី​របស់លោក យូ ប៊ុន​ស្រៀ​ង និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​សូម្បីតែ​រថយន្ត​ដឹកទំនិញ​ស្របច្បាប់​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ក៏​កូនចៅ​លោក យូ ប៊ុន​ស្រៀ​ង ជំរិត​យកលុយ​តាម​អំពើ​ចិត្ត​ដែរ​។ ទង្វើ​របស់លោក យូ ប៊ុន​ស្រៀ​ង និង​បក្ខពួក​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ក្នុងខណៈដែល​បទល្មើស​ដឹកជញ្ជូន​ខុសច្បាប់​និង​បទល្មើស​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​៕

12141594_789551107823584_6608851343343249646_nលោក ជា សុមេធី ប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​
8321