លោក សម រង្ស៊ី បញ្ជាក់ថា​ចំនួន​តំណាងរាស្ត្រ ប្រឆាំង​របប​ផ្តាច់ការ​ក្នុង​រដ្ឋសភា​កើនឡើង​ជានិច្ច

​នៅ​ចុង​សប្តាហ៍​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ថ្លែងថា ចំនួន​តំណាងរាស្ត្រ ប្រឆាំង​របប​ផ្តាច់ការ ក្នុង​រដ្ឋសភា កើនឡើង​ជានិច្ច​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​ចំនួន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងនឹង​បន្ត​កើនឡើង​នៅ​អាណត្តិ​ក្រោយ​ទៀត​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា អ្នកខ្លះ​សួរថា​ហេតុអ្វី​បានជា​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​? ចម្លើយ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា គឺ​ដើម្បី​ឡើង​ពី ៥៥ កៅអី​អាណត្តិ​នេះ ដល់​ទៅ​យ៉ាងតិច ៦២ កៅអី អាណ​ត្ដិ​ក្រោយ ដែល​នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​ប្រទេស​កម្ពុ​ជាមិនខាន​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ពន្យល់ថា – អាណ​ត្ដិ ទី ១ (១៩៩៣-១៩៩៨) ៖ ១ នាក់​គត់ (​បុគ្គល សម រង្ស៊ី​)​។ សម រង្ស៊ី ត្រូវគេ​បណ្តេញ​ចេញពី​រដ្ឋសភា ជា​លើក​ទី​១ នៅ​ឆ្នាំ ១៩៩៥​។ – អាណ​ត្ដិ ទី ២ (១៩៩៨-២០០៣) ៖ ១៥ នាក់ ជា​សមាជិក គណបក្ស​សមរង្ស៊ី​។ – អាណ​ត្ដិ ទី ៣ (២០០៣-២០០៨) ៖ ២៤ នាក់ ជា​សមាជិក គណបក្ស​សមរង្ស៊ី​។ សម រង្ស៊ី ត្រូវគេ​បណ្តេញ​ចេញពី​រដ្ឋសភា ជា​លើក​ទី​២ ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៦​។ – អាណ​ត្ដិ ទី ៤ (២០០៨-២០១៣) ៖ ២៩ នាក់ ជា​សមាជិក គណបក្ស​សមរង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស​។ សម រង្ស៊ី ត្រូវគេ​បណ្តេញ​ចេញពី​រដ្ឋសភា ជា​លើក​ទី​៣ នៅ​ឆ្នាំ ២០១១​។ – អាណ​ត្ដិ ទី ៥ (២០១៣-២០១៨) ៖ ៥៥ នាក់ ជា​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​។ សម រង្ស៊ី ត្រូវគេ​បណ្តេញ​ចេញពី​រដ្ឋសភា ជា​លើក​ទី​៤ (!) នៅ​ឆ្នាំ ២០១៥​នេះ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា អាណ​ត្ដិ ទី ៦ (២០១៨-២០២៣) ៖ បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រឹមត្រូវ​ជាង​មុន យ៉ាងតិច ៦២ នាក់ ជា​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់បាន​។​

​ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់ថា​រដ្ឋអំណាច​តែងតែ​រៀបចំ​ការបោះឆ្នោត ដោយ​លួច​បន្លំ​សន្លឹកឆ្នោត​តាមរយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទុច្ចរិត ដូច​នៅ​ប្រទេស​ផ្តាច់ការ​ខ្លះទៀត​។ តែ​ថ្មីៗ​នេះ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ចូល​សភា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​ប្តូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រួចហើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំនឿ លើ​ការបោះឆ្នោត​លើក​ក្រោយ ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួលបាន​យ៉ាងតិច ៦៣ កៅអី លើ ១២៥ (៥០% + ១)៕

12391370_1009794255743974_6951521995191102385_n national-assembly_heng-samrin_cen2​ ​