​សាកលវិទ្យាល័យ ឡុ​ន​ដុន ស្នើ​អាជ្ញាធរ​ជាតិ​អប្សរា ជួយ​បណ្តុះបណ្តាល ផ្នែក​បុរាណវិទ្យា និង​ការគ្រប់គ្រង បេតិកភណ្ឌ​ដល់​និស្សិត​

ភ្នំពេញ: មជ្ឈមណ្ឌល​សិក្សា​អាស៊ី និង​អាហ្វ្រិក ហៅ​កាត់​ថា SOAS (School of Oriental and Africa Studies) នៃ​សាកលវិទ្យាល័យ​ឡុ​ន​ដុន ចក្រភព​អង់គ្លេស បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា ជួយ​បណ្តុះបណ្តាល​ផ្នែក​បុរាណវិទ្យា និង​ការគ្រប់គ្រង​បេតិកភណ្ឌ ដល់​និស្សិត​អន្តរជាតិ ក្នុង​តំបន់​អាស៊ី​។ ការស្នើសុំ​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​ប្រតិភូ​នៃ​សាកលវិទ្យាល័យ​ឡុ​ន​ដុន ដឹកនាំ​ដោយ​អ្នកស្រី សាស្ត្រាចារ្យ Ashley Thomson និង​លោក សុខ សង្វារ អគ្គនាយករង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា តាមរយៈ​សំណើ​នេះ អ្នកស្រី​សាស្ត្រាចារ្យ បញ្ជាក់ថា ដោយ​បទពិសោធន៍​ការងារ ស្រាវជ្រាវ​បុរាណវិទ្យា និង​ការងារ​អភិរក្ស​បេតិកភណ្ឌ​អង្គរ ជាង​២០​ឆ្នាំ​មកនេះ អាជ្ញាធរ​ជាតិ​អប្សរា មាន​មន្ត្រី​ជំនាញ និង​អ្នកបច្ចេកទេស ដែលមាន​សមត្ថភាព ជាច្រើន​។ អ្នកស្រី​មាន​គម្រោង​បញ្ជូន និស្សិត​បុរាណវិទ្យា ដែល​ត្រូវ​សិក្សា​រយៈពេល​៥​ឆ្នាំ នៅ​សាកលវិទ្យាល័យ ដើម្បី​មក​ទទួល ការបណ្តុះបណ្តាល​បន្ថែម ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង ពី​មន្ត្រី​ជំនាញ និង​អ្នកបច្ចេកទេស នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ជាការ​ឆ្លើយតប លោក សុខ សង្វារ បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា ពិតជា​រីករាយ​នឹង​សហការ ជាមួយ​មជ្ឈមណ្ឌល SOAS របស់​សាកលវិទ្យាល័យ​ឡុ​ន​ដុន ក្នុង​គម្រោង​បណ្តុះបណ្តាល​បុរាណវិទ្យា និង​ការគ្រប់គ្រង​បេតិកភណ្ឌ​នេះ​។ អាជ្ញាធរ​ជាតិ​អប្សរា សូម​ស្វាគមន៍​ចំពោះ​គម្រោង​នេះ​។ យើង​មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ ដែល​ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​២០១៤ ដើម្បី​ពង្រឹងសមត្ថភាព បុគ្គលិក​របស់​យើង ជា​បន្ត​ជា​បន្ទាប់​។ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​យកចិត្តទុកដាក់ លើ​ការងារ​បណ្តុះបណ្តាល ធនធានមនុស្ស​នេះ​ខ្លាំងណាស់​។ ជាមួយគ្នានេះ យើង​ក៏​ស្វាគមន៍​និស្សិត​អន្តរជាតិ ដើម្បី​មក​ទទួលយក បទពិសោធន៍​ពី​អ្នកជំនាញ របស់​យើង​ផងដែរ​។​

​គួររំឭកថា តាមរយៈ​បទពិសោធន៍ លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ជាង​២០​ឆ្នាំ កន្លងមកនេះ អាជ្ញាធរ​ជាតិ​អប្សរា បានក្លាយ​ខ្លួន​ជាទី​ស្រង់ បទពិសោធន៍​នៃ​បណ្តា​ប្រទេស ក្នុង​តំបន់​មួយចំនួន ជាពិសេស គឺ​បណ្តា​ប្រទេស ដែលជា​សមាជិក​អាស៊ាន​។ ជាក់ស្តែង ថ្ងៃទី​៣០ ខែតុលា ឆ្នា​២០១៥ មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចែករំលែក​បទពិសោធន៍ ដល់​ក្រុម​អ្នកស្រាវជ្រាវ និង​សាស្ត្រាចារ្យ ប្រមាណ​ជិត ៦០ នាក់ មកពី​ប្រទេស​ចំនួន​៧ ក្នុងចំណោម​១០​ប្រទេស នៃ​សមាជិក​អាស៊ាន​។ នៅ​ថ្ងៃទី​២ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ជាតិ​អប្សរា និង​វិទ្យាស្ថាន​សិក្សា អាស៊ីអាគ្នេយ៍ នៃ​ប្រទេស​សិង្ហ​បុរី កំពុង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បុរាណវិទ្យា និង​អនុវត្ត​កំណាយ​ស្រាវជ្រាវ នៅ​តំបន់​កោះ​កេរ ដល់​និស្សិត​អន្តរជាតិ ចំនួន​១០​រូប ដែល​មកពី​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន រួម​នឹង​កម្ពុជា​ផង​។ ថ្មីៗ​នេះ វេទិកា​យុវជន​លើក​ទី​១ ថ្នាក់​តំបន់​អាស៊ី ស្តីពី​បេតិកភណ្ឌ​ពិភពលោក ក៏​ត្រូវបាន​ប្រារព្ធ​ឡើង នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​ផងដែរ​៕V​/S

​សាកលវិទ្យាល័យ ឡុ​ន​ដុន ស្នើ​អាជ្ញាធរ​ជាតិ​អប្សរា ជួយ​បណ្តុះបណ្តាល ផ្នែក​បុរាណវិទ្យា និង​ការគ្រប់គ្រង បេតិកភណ្ឌ​ដល់​និស្សិត​

​សាកលវិទ្យាល័យ ឡុ​ន​ដុន ស្នើ​អាជ្ញាធរ​ជាតិ​អប្សរា ជួយ​បណ្តុះបណ្តាល ផ្នែក​បុរាណវិទ្យា និង​ការគ្រប់គ្រង បេតិកភណ្ឌ​ដល់​និស្សិត​

​សាកលវិទ្យាល័យ ឡុ​ន​ដុន ស្នើ​អាជ្ញាធរ​ជាតិ​អប្សរា ជួយ​បណ្តុះបណ្តាល ផ្នែក​បុរាណវិទ្យា និង​ការគ្រប់គ្រង បេតិកភណ្ឌ​ដល់​និស្សិត​