សង្គម​ស៊ីវិល​​​ជួប​តំណាង​សហគមន៍​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​​ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី

សមាគម​អាដហុក បើក​វេទិកា​ជួប​ជា​មួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​តំណាង​ពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​នានា ដើម្បី​ឈាន​ទៅ​សហការ​គ្នា​ដោះស្រាយ​ទំនាស់​ដីធ្លី​ឲ្យ​មាន​ប្រសិទ្ធភាព។

បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះអាង​ថា កំពុង​ប្រឹងប្រែង​រក​ដំណោះស្រាយ​លើ​វិវាទ​ដីធ្លី​នា​មូលដ្ឋាន​នេះ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​ឲ្យ​បាន​ឆាប់។

វេទិកា​ជួប​ជាមួយ​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​របស់​មន្ត្រី​សមាគម​អាដហុក (ADHOC) និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នា​សណ្ឋាគារ​តោមាស ហើយ​មាន​មនុស្ស​ចូល​រួម​រាប់​រយ​នាក់។

​ប្រធាន​សមាគម​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​នោះ​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​រៀបចំ​សិក្ខាសាលា​ស្ដីពី​ការ​អនុវត្ត​ច្បាប់ និង​ការ​លើក​កម្ពស់​សិទ្ធិ​ដីធ្លី ធនធាន​ធម្មជាតិ​ពេល​នេះ ដើម្បី​ផ្ដល់​ឲ្យ​អ្នក​ចូល​រួម​បាន​ជួប​គ្នា​បង្ហាញ​ពី​កង្វល់​ផ្សេងៗ ដល់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ឬ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ជួយ​ស្វែង​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី​នៅ​តាម​សហគមន៍​នីមួយៗ​ឲ្យ​បាន​ឆាប់។

លោក ធន សារាយ៖ «នៅ​ក្នុង​កិច្ចការ​សាធារណៈ​របស់​រដ្ឋ បើ​ថ្នាក់ដឹកនាំ​ខេត្ត ឬ​ស្ថាប័ន​ណា​មួយ​អនុវត្ត​សកម្មភាព​ការងារ​ខុស​ច្បាប់ ឬ​រំលោភ​ច្បាប់ អ្នក​មក​ជំនួស​តួនាទី ឬ​តំណែង​បន្ទាប់ មិន​ត្រូវ​អនុវត្ត​ទង្វើ​ខុស​ឆ្គង​ដូច​អ្នក​មុន​ទៀត​ទេ ហើយ​ត្រូវ​តែ​កែតម្រូវ ឬ​សើរើ​យក​មក​ពិនិត្យមើល​រាល់​កំហុស​ឆ្គង​ទាំង​នោះ​ឡើង​វិញ។ ក្នុង​បើ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ខុស​ឆ្គង ឬ​មិន​ប្រក្រតី​ក៏​ដូចគ្នា​ដែរ គឺ​បើ​ចេញ​ខុស​ដោយ​ប្រការ​ណា​មួយ ត្រូវ​តែ​រឹប​អូស​មក​វិញ»

ក្នុង​ឱកាស​នោះ តំណាង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ពី​កង្វល់​ផ្សេងៗ​ដាក់​ជូន​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​សមាគម​អាដហុក ឲ្យ​ជួយ​ដោះស្រាយ និង​សំណូមពរ​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់៖ «នាង​ខ្ញុំ​សុំ​ចូល​ទៅ​រស់​នៅ​លើ​ដី​ចម្ការ​របស់​នាង​ខ្ញុំ​វិញ នៅ​ក្នុង​ភូមិ​សំរ៉ុង ឃុំ​អូរត្រជាក់ចិត្ត ត្រង់​ចំណុច​អន្លង់បាតខ្ទះ វិញ​ផង។ ព្រោះ​នៅ​ក្នុង​រយៈពេល ៣​ឆ្នាំ ដែល​កូន​ខ្ញុំ​ត្រូវ​តុលា​ការ​ចាប់​ដាក់​គុក គឺ​ការ​រស់​នៅ​រង​ទុក្ខ​វេទនា​ជា​ទី​បំផុត រក​ព្រឹក​ខ្វះ​ល្ងាច ដោយសារ​មិន​មាន​ដី​បង្កបង្កើនផល ដោយសារ​ក្រុមហ៊ុន​រំលោភ និង​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​ដី​ចម្ការ​បង្កបង្កើនផល។ សព្វ​ថ្ងៃ​នេះ គ្រួសារ​ខ្ញុំ​បាន​ជំពាក់​លុយ​ចង​ការ​គេ​ជាង ៣​ពាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​កូន​រួច​ចេញ​ពី​ពន្ធនាគារ»

តំណាង​ពលរដ្ឋ​សហគមន៍​សេអ៊ីប្រាំ លោក ស៊ុន សុផាត ស្ថិត​ក្នុង​ចំណោម​សហគមន៍​ច្រើន​ទៀត សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ចុះ​ពិនិត្យ និង​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​រស់​ន​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ចំនួន ១២៦​គ្រួសារ​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​សកម្មភាព​ឃុបឃិត​រំលោភ​យក​ពី​សំណាក់​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច៖ «ព្រោះ​ដី​នៅ​តំបន់​នោះ​មាន​ផ្ទះ និង​មាន​ដំណាំ​ប្រជាពលរដ្ឋ​ជាក់ស្ដែង និង​រស់​អាស្រ័យ​ផល​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ»

​ត្រង់​ចំណុច​នេះ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់ ស៊ីអិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ រិះគន់​ថា រាល់​ទំនាស់​ដីធ្លី​ដែល​កើតមាន​មិន​តិច​ជាង ២០​សហគមន៍​នៅ​ខេត្ត​នេះ គឺ​ផ្ដើម​ពី​ការ​ឃុបឃិត​រវាង​មន្ត្រី​នៅ​តាម​មន្ទីរ​ជំនាញ​ជាមួយ​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច។

ទោះ​ជា​បែប​នេះ​ក្តី លោក ស្រ៊ុន ស្រ៊ន់ អភិបាល​រង​ខេត្ត​ព្រះសីហនុ ថ្លែង​ក្នុង​សិក្ខាសាលា​នោះ​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ដោះស្រាយ​ទំនាស់​រួច​រាល់​ជា​ស្ថាពរ និង​កំពុង​បន្ត​ដោះ​ឈាន​ដល់​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​ជា​បណ្តើរៗ​រួច​ហើយ។

ចំណែក​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​សេអ៊ីប្រាំ អាជ្ញាធរ​ខេត្ត​ត្រៀម​ចុះ​ពិនិត្យ និង​វាស់ដី​ឈាន​ដល់​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា ស្ងប់​អារម្មណ៍ និង​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ទៅ​តាម​ដំណាក់កាល៖ «សហគមន៍​សេអ៊ីប្រាំ គឺ​យើង​មាន​គោលការណ៍​ឯកភាព​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ចុះ​ទៅ​វាស់វែង​ដី​រស់​នៅ​ជាក់ស្ដែង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​រួច​ហើយ ដោយ​រង់ចាំ​តែ​កំណត់​ថ្ងៃ​ចុះ​អនុវត្ត​កិច្ច​ការងារ​វាស់វែង​ដី បែងចែក​ជូន​ពលរដ្ឋ​តែប៉ុណ្ណោះ»

​យ៉ាងណា​ក៏ដោយ​ចុះ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​ជាង ២០ នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ គឺ​ទំនាស់​ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ការ​ឃុបឃិត​រវាង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ខ្លះ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី​លំនៅឋាន និង​ចម្ការ​ពលរដ្ឋ ជូន​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច ដោយ​រំលោភ​ទៅ​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ធ្លាប់​រស់​អាស្រ័យ​ផល និង​រស់​នៅ​ជាក់ស្ដែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។