នៅ​ក្រុង​បាត់ដំបង​ទៀតហើយ! មានករណីចោរគាស់ផ្ទះចូលលួចទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​​ភូមិ​សុធី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ផ្ទះល្វែង​មួយ​កន្លែង​ដែល​គេ​ដឹង​ថា មាន​ម្ចាស់ផ្ទះ​ជា​អ្នក​រត់​តាក់ស៊ី​ ត្រូវ​បាន​ចោរ​​ធ្វើ​​សកម្មភាព​​កាត់​​ចំរឹង​បង្អួច​​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​​ជា​​ច្រើន ។

បើ​តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​​ឈ្មោះ​ស៊ឹ​ម ចាន់​ទី​កា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី​ឱ្យ​ដឹង​ថា ទ្រព្យសម្បតិ​ក្នុង​​ផ្ទះ ដែល​ត្រូវ​ចោរ​ចូល​កកាយ និង​រុះរើ​យក​​អស់ប្រាក់​​បាត​ចំនួន​ប្រហែល​២០​ម៉ឺន​បាត​, ចិញ្ចៀន​៥​វង់​, ខ្សែ​.កប្លា​ទី​ន​២​ខ្សែ​, បន្តោង​ខ្សែ​.​ក​​៥ ដែល​សរុប​គិត​ជា​ទឹកប្រាក់​អស់​ចំនួន​១​ម៉ឺន​៧​ពាន់​ដុល្លារ​​សហរដ្ឋអាមេរិក នេះ​បើ​តាម​ការ​អះអាង​របស់​ម្ចាស់ផ្ទះ ។

ប្រភព​បន្ត​ថា ករណី​នេះ​មិន​ត្រូវ​បានគេ​ដឹង​ថា ពួក​ចោរ​ដែល​ធ្វើ​សកម្មភាព​​​នោះ​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ហើយ​ក៏​មិនដឹង​ពេល​វេលា​​ដែល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​នោះ​ដែរ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ឱ្យខាងតែបាន​ ។