​​យប់មិញ! ឆេះផ្ទះ​ឈើ​២​ខ្នង​អស់ទាំង​​ស្រុង ​ព្រោះតែ​ភ្លើងទាន​ដែល​ម្ចាស់ផ្ទះ​អុជ​​​ចោល​​​

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​១ និង​ផ្ទះស្លឹក​១ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ក្លាយជា​ផេះ​ផង់​អស់​គ្មាន​សល់ ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ដែល​ហេតុការណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង​០៩ និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ពា​រោង ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

ប្រភព​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ទាំង​២​នេះ ១-​ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ស៊ី​ប្រូ​ស៊ីម៉ងត៍​ជញ្ជាំង​ក្តារ ទំហំ​បណ្តោយ​៨​ម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ​សំ ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។ ផ្ទះ​ទី​២-​ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស្លឹក ទំហំ​បណ្តោយ​៧​ម៉ែត្រ និង​ទទឹង​៦​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ​ស៊ា​ន ធួ​ក ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ដែរ ។

ប្រភព​បន្ត​ថា មូលហេតុ​ដែល​អគ្គិភ័យ​នេះ​កើតឡើង គឺ​ចេញពីផ្ទះ​របស់​ឈ្មោះ​សំ ធី គាត់​បាន​ដុត​ទាន​អុជ​ធូប​សែន​ក្នុង​ថ្ងៃសីល ហើយ​​ពេល​អុជ​ធូប​រួច គាត់​មិន​បាន​ពន្លត់ភ្លើង​ទាន​នោះ​វិញ​ទេ គឺ​ទុក​ចោល​នៅ​ក្នុងផ្ទះ រួច​ក៏​ចេញ​ទៅ​លេង​ផ្ទះ​កូន ដែល​នៅ​ចម្ងាយ​ជាង​១០០​ម៉ែត្រ ខាងជើង​ផ្ទះ​របស់​គាត់ ទើប​បណ្តាល​ឱ្យ​ភ្លើងទាន​នោះ​ឆាបឆេះ​ក្លាយទៅជា​អគ្គិភ័យ​បែប​នេះ​ទៅ ។