លោក ថោង សុខាំ​ភូ របូត​តំណែង​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ដោយសារ​អំពើពុករលួយ​

ប្រភពពី​មន្ត្រី​គយ​បម្រើ​ការងារ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​ឲ្យ​ដឹងថា លោក ថោង សុខាំ​ភូ ត្រូវ​របូត​ពី​តំណែង​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ដោយសារតែ​អំពើពុករលួយ​គ្រប់​រូបភាព​ដែល​គាត់​បាន​ប្រព្រឹត្ត​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ថោង សុខាំ​ភូ នឹងត្រូវ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ធំ នាពេល​ឆាប់ៗ​ខាងមុខនេះ ប៉ុន្តែ​នៅ​ខេត្តកំពង់ធំ មិនសូវមាន​ប្រភព​ចំណូល​ច្រើន​ដូច​ខេត្តបន្ទាយមានជ័យ​ទេ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​អំពើពុករលួយ​លួចជាតិ​បំផ្លាញ​ជាតិ​របស់លោក ថោង សុខាំ​ភូ ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​លាតត្រដាង​ជា​សាធារណៈ​។

ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក ថោង សុខាំ​ភូ បាន​ឲ្យ​ដឹងថា ថ្នាក់លើ​បាន​រកឃើញ​កំហុស​យ៉ាងច្រើន​របស់​មន្ត្រី​គយ​រូបនេះ ដែល​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ក្នុងនោះ​មានដូចជា ការ​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម​ឱវាទ​បង្កើត​កុងត្រូលជជុះ​នៅ​ចំណុច​ផ្លូវ​លេខ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកទំនិញ ក៏ដូចជា​ជំរិត​យកលុយ​ពី​ក្រុម​អ្នករត់​តាក់ស៊ី​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ អំពើពុករលួយ​របស់​លោក ថោង សុខាំ​ភូ គឺជា​រឿង​មិនអាច​បិទបាំង​បានទេ ព្រោះ​អ្នករត់​តាក់ស៊ី​បាន​តវ៉ា​បិទផ្លូវ​នៅ​ចំណុច​ផ្លូវ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ជា​បន្តបន្ទាប់​ដើម្បី​បើក​កកាយ​អំពើពុករលួយ​របស់លោក ថោង សុខាំ​ភូ និង​បក្ខពួក​ជា​សាធារណៈ​។

មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ប្រសិនបើ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​សម្រេច​ដក​លោក ថោង សុខាំ​ភូ ចេញពី​តំណែង​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​ហើយ​នោះ មិនគួរ​តែងតាំង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ធំ​នោះទេ​។ ដោយហេតុថា​លោក ថោង សុខាំ​ភូ គឺជា​មន្ត្រី​គយ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​និង​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​។ ជាពិសេស​ករណី​លោក ថោង សុខាំ​ភូ បង្កើត​ច្រករបៀង​តាម​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​គេចពន្ធ រថយន្ត​គេចពន្ធ រថយន្ត​ចង្កូត​ស្ដាំ និង​ឃុបឃិត​ឲ្យ​ឈ្មួញ​យួន​នាំចូល​អាគុយ​ខូចគុណភាព​ពី​ស្រុក​សៀម យកមក​ជួសជុល​រួច​ដាក់លក់​នៅ​ស្រុក​ខ្មែរ​និង​ដឹក​ទៅ​លក់​នៅ​ស្រុក​យួន គឺជា​អំពើពុករលួយ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​មិនអាច​អត់អោន​បានឡើយ​។ អំពើពុករលួយ​របស់​លោក ថោង សុខាំ​ភូ នៅមាន​ជាច្រើន​ករណី​ទៀត​ដែល មនសិការ​ខ្មែរ នឹង​យកមក​ចុះផ្សាយ​ជូន​មិត្ត​អ្នកអាន​ជា​បន្តបន្ទាប់​៕

thong-sokhamphou​​លោក ថោង សុខាំ​ភូ ត្រូវរបូតពីតំណែងដោយសារអំពើពុករលួយ