មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង មិន​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ទឹកផុស ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​

ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​ទឹកផុស ទើប​នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ជាក់ស្តែង​បច្ចុប្បន្ន​រថយន្ត​ដឹកឈើ​ទាំង​ធំ​ទាំង​តូច​និង​រថយន្ត​ដឹកអុស​ចេញពី​តំបន់​ក្ដុល ឃុំ​ក្រាំង​ស្គារ ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​តំបន់​នេះ​។

​មន្ត្រី​អាជ្ញាធរ​ភូមិ​-​ឃុំ​ក្នុងស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​មាន​គោយន្ត​ដឹក​កូនឈើ​មិនទាន់​គ្រប់​អាយុ​និង​ដឹកអុស​ចេញពី​តំបន់​ក្ដុល ឃុំ​ក្រាំង​ស្គារ រាប់រយ​គ្រឿង​ហើយ​គ្មាន​ការទប់ស្កាត់​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏ដូចជា​យោធា​និង​កងរាជអាវុធហត្ថ​នោះទេ​។ តាម​ដឹង​ម្ចាស់​គោយន្ត​ដឹក​កូនឈើ​និង​ដឹកអុស​ឆ្លងកាត់​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស តែងតែ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ការកំណត់ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ទឹកផុស គឺជា​អ្នកទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ ពីបទ​ល្មើស​ដឹកជញ្ជូន​កូនឈើ​និង​ដឹកអុស​ចេញពី​ឃុំ​ក្រាំង​ស្គារ​។

ប្រភពពី​ឈ្មួញ​ដឹកជញ្ជូន​កូនឈើ​និង​អុស​ចេញពី​ឃុំ​ក្រាំង​ស្គារ បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លងកាត់​ឃុំ​ក្រាំង​ស្គារ​បាន ពួកគាត់​ត្រូវ​ចំណាយលុយ​ក្នុង​១​គោយន្ត​ពី​១៥​ទៅ​២០​ម៉ឺន​រៀល​ទើប​គ្មាន​ឧបសគ្គ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ជាប់​ព្រំប្រទល់​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ប្រហែល​មានការ​បើកដៃ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​ទឹកផុស ហ៊ាន​ធ្វើ​អ្វីៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ងងើល​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ទឹកផុស បាន​អំពាវនាវ​ថា ប្រសិនបើ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ​ក្នុងស្រុក​ទឹកផុស​ទេនោះ គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​៕

KA-17-12-2015-25 KA-17-12-2015-29 KA-17-12-2015-27