អគ្គនាយកដ្ឋាន​ពន្ធដា​រ​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​លឹម ប៊ុណ្ណា​ដែល​មិន​បង់ពន្ធ​ជូន​រដ្ឋ​

​ថ្មីៗ​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើសុំ​កិច្ចសហការ​ពី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់​ប្រតិបត្តិ​ការនាំចេញ​-​នាំចូល​ទំនិញ​របស់​ក្រុមហ៊ុន​លឹម ប៊ុណ្ណា ផែស្ងួត ដោយ​សំអាងថា​ក្រុមហ៊ុន​នេះ​បាន​ជំពាក់​បំណុល​ពន្ធ​រដ្ឋ និង​មិនទាន់​ចូលខ្លួន​មក​ដោះស្រាយ​នៅឡើយ​។ ក្នុងនោះ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក៏បាន ជូនដំណឹង​ទៅ​អង្គភាព​គយ និង​រដ្ឋាករ​ទាំងអស់​ចាប់ផ្ដើម​អនុវត្តន៍​ផងដែរ​។ ចំពោះមុខ​បញ្ហា​នេះ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏បាន​ជូនដំណឹង​ទៅ​អង្គភាព​គយ និង​រដ្ឋាករ​ទាំងអស់​ត្រូវ​ចាប់ផ្ដើម​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ទន្ទឹមនឹង​ស្នើ​ឲ្យ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​សកម្មភាព​នាំចេញ​-​នាំចូល​ទំនិញ​របស់​ក្រុមហ៊ុន លឹម ប៊ុណ្ណា ដែល​មិន​បង់ពន្ធ​ជួន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏បាន​លើកឡើង​ដែរ​ថា​កន្លងមក​ដោយសា​រ​តែមាន​ការសហការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ចូលខ្លួន​មក​បង់ពន្ធ​ជូន​រដ្ឋ​ជា​បន្តបន្ទាប់​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​តាមរយៈ​លិខិត​របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​បាន​រំពឹងទុក​ថា អង្គភាព​ពាក់ព័ន្ធ ពិសេស​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ប្រតិបត្តិ​ច្បាប់​ស្តីពី​សារពើពន្ធ ការសង​បំណុល​ពន្ធរ​ដ្ឋ និង​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។​

​ជុំវិញ​បញ្ហា​នេះ​ម្ចាស់​សហគ្រាស និង​ក្រុមហ៊ុន​មួយចំនួន​បានលើកឡើង​ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គប្បី​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ក្រុមហ៊ុន លឹម ប៊ុណ្ណា ដែល​ជំពាក់​ពន្ធ​រដ្ឋ​ឲ្យ​បង់ពន្ធ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ស្តីពី​សារពើពន្ធ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការអនុវត្តន៍​ច្បាប់​ចំពោះ​ក្រុមហ៊ុន​លឹម ប៊ុណ្ណ គឺជា​គំរូ​មួយ​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ខិលខូច​ផ្សេងទៀត​គោរព​ច្បាប់ ហើយក៏​ដើម្បី​ចៀសវាង​ការឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​បំបាត់​ពន្ធ​រដ្ឋ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​។​

​គួរបញ្ជាក់​ក្រុមហ៊ុន លឹម ប៊ុណ្ណា ដែល​ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជា​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព​នាំចេញ​-​នាំចូល​ទំនិញគេចពន្ធ ដើម្បី​ជំរុញ​ឲ្យ​មានការ​ចូលមក​បង់ពន្ធ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ក៏មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់​ផងដែរ​។ ក្រុមហ៊ុន លឹម ប៊ុណ្ណា ត្រូវគេ​ដឹងថា​ជា​ក្រុមហ៊ុន​មាន​ឥទ្ធិពល​ក្នុងការ​នាំចេញ​ឈើ​ប្រណីត​ខុសច្បាប់​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​៕

lim-bun-na2មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា8888888884129599_o