មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​រតនគិរី នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដូចគ្នា​

ប្រជាពលរដ្ឋនៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​លោក វង់ សុក្រ​សិរី មកកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​ពុំមាន​ការថយចុះ​នោះទេ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​អូររាំង ស្រុក​កែវ​សីមា ស្រុក​កោះ​ញែក ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​មិន​បង្ក្រាប​នោះទេ​។ ជាពិសេស​លោក វង់ សុក្រ​សិរី បណ្ដោយ​ឲ្យ​កូនចៅ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល ហើយក៏​អាចមាន​ការឃុបឃិត​ពី​អភិបាលខេត្ត​ផងដែរ ទើប​អ្វីៗ​មាន​ភាពរលូន​។

ចំណែក​ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បន្ទាប់ពី​លោក កែប កត់ មកកាន់​តំណែង​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងស្រុក​អណ្ដូង​មាស ស្រុក​អូរ​យ៉ា​ដាវ ស្រុក​លំផាត់ ស្រុក​តា​វែង ស្រុក​វ៉ើ​ន​សៃ ជាដើម​នៅតែ​រាលដាល​ឥតឈប់ឈរ​។ សកម្មភាព​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​ដែន​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ ហើយ​គេ​អាច​ដឹកជញ្ជូន​ឆ្លងកាត់​ក្រុង​បាន​លុង ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ជំនាញ​។ រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​បាន​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។

​សកម្មជន​ការពារ​ព្រៃឈើ​បាន​ឲ្យ​ដឹងថា ការផ្លាស់ប្ដូរ​ឲ្យ​លោក កែប កត់ ទៅធ្វើជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​តែងតាំង​ឲ្យ​លោក វង់ សុក្រ​សិរី មក​ធ្វើជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គឺ​មិន​បានធ្វើ​ឲ្យ​បទល្មើស​ព្រៃឈើ​មានការ​ថយចុះ​នោះទេ​។ ជា​ការពិត​បច្ចុប្បន្ន​ស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី គឺមាន​ការបើក​ដៃ​ពី​មេ​រដ្ឋបាល​ព្រៃឈើ​នៃ​ខេត្ត​ទាំង​២​នេះ​តែម្តង ហើយ​គេ​ថែមទាំង​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​ប្រមូល​ទិញ​ឈើ​ប្រណីត​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ជាបន្ទាន់​ព្រោះ​ពួកគេ​គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​៕

12321619_504881549673924_1055559559896215659_n - Copy - Copy 12321619_504881549673924_1055559559896215659_n - Copy 12321619_504881549673924_1055559559896215659_n