​គយ​ខេត្តសៀមរាប​មិន​បង្ក្រាប​ការនាំ​ចូល​សាំង​គេចពន្ធ​នៅ​ក្រុង​សៀមរាប​

ថ្មីៗ​នេះ លោក សុខ សុ​ដា​រ៉ា មេ​គយ​ប្រចាំខេត្ត​សៀមរាប​បាន​បំភ្លឺ​ប្រាប់​អ្នកយកព័ត៌មាន ថា ប្រេងសាំង​គេចពន្ធ ដែល​មេ​ឈ្មួញ​នាំចូល​យកមក​ស្តុក​ទុក​នៅក្នុង​ក្រុង​សៀមរាប​លោក​មិន​បានដឹង​នោះទេ​។ មន្ត្រី​ដដែល​បាន​ថ្លែង​ការពារ​ខ្លួន​ថា រូបលោក និង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​តាមដាន មើល​ប្រេងសាំង​គេចពន្ធ​ទាំងនោះ​នាំ​ចូលមក​តាម​ប្រភព​ណា​។ តែ​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​រិះគន់ថា ការពិត​លោក សុខ សុ​ដា​រ៉ា មិន​បង្ក្រាប​ការនាំ​ចូល​សាំង​គេចពន្ធ​តែម្តង​ព្រោះ​សកម្មភាព​នាំចូល​សាំង​គេចពន្ធ​បានកើត​ឡើង និង​មានការ​រិះគន់​យូរ​មកហើយ តែ​មន្ត្រី​គយ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ បើទោះជា​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំងៗ​យ៉ាងណាក៏ដោយ​។​

​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​រាយការណ៍​មក​ថា​ប្រេងសាំង​គេចពន្ធ​ដែល​នាំ​មកពី​ប្រទេស​សៀម​ចូល​ក្រុង​សៀមរាប​យ៉ាង​រលូន​យកមក​ស្តុក​ទុក​នៅ​ទីតាំង​ដីឡូត៍​មួយកន្លែង​នៅជាប់​ភូមិគ្រឹះ​សុខា​ណា​រី ស្ថិតក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប តែ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា រថយន្ត​ដឹក​ប្រេងសាំង​គេចពន្ធ​យកមក​ស្តុក​ទុក​នៅ​ចំណុច​ខាងលើ​ឈរជើង​យូរ​ឆ្នាំ​មកហើយ​ដែល​ប្រហែល​ជាមាន​មន្ត្រី​មានអំណាច​នៅ​កាង​ពីក្រោយ ឬ​អាចមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​មន្ត្រី​ខិលខូច​មិន​ខាន ព្រោះ​គេ​មិនដែល​ឃើញ​មាន​មន្ត្រី​គយ ឬ សមត្ថកិច្ច​ជំនាញ​រូប​ណា​ចុះមក​ធ្វើការ​ត្រួតពិនិត្យ ឬ​បង្ក្រាប​ម្តងណា​ឡើយ​។

​ប្រភពព័ត៌មាន​ពី​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹងថា មាន​រថយន្ត​គ្រប់​ប្រភេទ​ដឹក​ប្រេងសាំង​ចូលក្នុង​ទីតាំង​ដីឡូត៍​ចំណុច​ខាងលើនេះ​ជា​រៀងរាល់​យប់ រួចហើយ​ចាក់សោ​របង​ជិត ក្រោយមក​មាន​រថយន្ត និង​ម៉ូតូ​រ៉ឺ​មកជា​ច្រើន​មក​ទទួល​យកទៅ​ចែកចាយ​បន្ត ដើម្បី​យកទៅលក់​នៅតាម​ដងផ្លូវ​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​សៀមរាប និង​ខេត្តសៀមរាប​។ ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​រិះគន់ថា មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គប្បី​ត្រួតពិនិត្យ​ករណី​សាំង​គេចពន្ធ​នៅ​ក្រុង​សៀមរាប​ឡើងវិញ ព្រោះ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​បញ្ហា​នេះ​ច្រើន​ឆ្នាំ​មកហើយ តែ​មន្ត្រី​ថ្នាក់​ខេត្ត ពិសេស​មន្ត្រី​គយ​ខេត្តសៀមរាប​នៅតែ​គ្មាន​សមត្ថភាព​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​៕

2015_12_16ch1-1 2015_12_16ch1-2