ប្លន់​អ្នកលក់​មាស​ទៀតហើយ នៅ​ផ្សារ​តា​ឡា​ត់ ស្រុក​ភ្នំស្រួច បាញ់សម្លាប់​ប្រជាពលរដ្ឋ​ម្នាក់​

ភ្នំពេញ: ក្រុមចោរប្លន់​ប្រដាប់អាវុធ បាន​ចូល​ប្លន់​តូប​លក់​មាស នៅក្នុង​ផ្សារ​តា​ឡា​ត់ ស្ថិតនៅ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅវេលា​ម៉ោង​ជិត ១១​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ​នេះ ដោយ​បាន​បាញ់​ត្រូវ​ប្រជា​ពល​ម្នាក់ ស្លាប់​នៅនឹងកន្លែង​។​

​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្រុមចោរប្លន់​បាន​យក​គ្រឿងអលង្ការ ដែល​ដាក់តាំង​លក់​នៅក្នុង​ទូរ​អស់​ប្រមាណ​ជា ២០​តម្លឹង​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ក្រុមចោរប្លន់ បាន​គេចខ្លួនបាត់​។

​សមត្ថកិច្ច កំពុងតែ​តាម​ប្រមាញ់​ក្រុមចោរប្លន់​។ ករណី​ប្លន់​នេះ បានកើត​ឡើង ខណៈ​ដែល​លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​យុវជន​នៅ​ស្រុក​ភ្នំស្រួច និង​ធ្វើ​ក្រុង​ពាលី ធ្វើ​វិមានឯករាជ្យ​។​

​សូមជម្រាបថា កាលពី​ចុង​សប្តាហ៍​មុន ករណី​ប្លន់​ប្រដាប់អាវុធ បាន​កើតឡើង​កក្រើក នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ​។

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ក៏បាន​ព្រមាន​បក​ស័ក្តិ​ស្នងការ​នគរបាល​ខេត្ត ដែល​កើតមាន​អំពើ​ប្លន់​ប្រដាប់​អាវុធ បើសិនណា​ចាប់ និង​បង្ក្រាប​ក្រុមចោរប្លន់ មិនបាន​៕​