“កម្ពុជា​មិន​ទាន់​អាច​ខួង​យក​ធនធាន​ប្រេង​បាន​រហូត​ដល់​ក្រោយ​ឆ្នាំ​២០១៨”

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​មាន​ចំណងជើង​ថា "ក្ដី​រំពឹង​ចំណូល​ប្រេង​សម្រាប់​កម្ពុជា" បង្ហាញ​ថា កម្ពុជា​នៅ​មិន​ទាន់​អាច​ខួង​យក​ធនធាន​ប្រេងកាត​បាន​ទេ រហូត​ដល់​ក្រោយ​ឆ្នាំ​២០១៨ ដោយសារ​ភាគី​ក្រុមហ៊ុន និង​រដ្ឋាភិបាល មិន​ទាន់​ចរចា​ត្រូវ​គ្នា​លើ​ការ​បែងចែក​ផល​ចំណេញ ហើយ​ម្យ៉ាង​ទៀត ដោយសារ​តម្លៃ​ប្រេង​ទៅ​ទីផ្សារ​អន្តរជាតិ កំពុង​បន្ត​ធ្លាក់​ថ្លៃ​ដែល​មិន​អាច​ផ្ដល់​ផល​ចំណេញ​ដល់​ការ​វិនិយោគ​នេះ។

​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ (Resources for Development Consulting) សហការ​ជាមួយ​អង្គការ​អុកស្វាម អាមេរិក (Oxfam America) និង​សម្ព័ន្ធ​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន​អះអាង​ថា ការ​បូម​ប្រេង​ក្នុង​ឈូង​សមុទ្រ​ប្លុក​អេ របស់​ប្រទេស​កម្ពុជា នៅ​ទ្រឹង​រហូត​ក្រោយ​ឆ្នាំ​២០១៨ ដោយសារ​ភាគី​រដ្ឋាភិបាល និង​ក្រុមហ៊ុន រក​ចំណុច​រួម​គ្នា​លើ​នីតិវិធី​នៃ​ការ​បែងចែក​ផល​ចំណេញ​មិន​ទាន់​ឃើញ។

​ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា លោក ដុន ហបប៊ឺត (Don Hubert) មាន​ប្រសាសន៍​ថា ប្រាក់​ចំណូល​ដែល​រដ្ឋាភិបាល​អាច​ទទួល​បាន​ពី​ការ​បូម​ប្រេង អាស្រ័យ​លើ​ទំហំ​ការ​ផលិត ការ​ឡើង​ចុះ​នៃ​ថ្លៃ​ប្រេង ការ​ចំណាយ​លើ​ផលិតកម្ម និង​នីតិវិធី​នៃ​ការ​ដក​ពន្ធ។

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័ក្ដធារ៉ា យល់​ស្រប​នឹង​ការ​រក​ឃើញ​នេះ។ លោក​គូស​បញ្ជាក់​ថា ភាគី​រដ្ឋាភិបាល និង​ក្រុមហ៊ុន គ្រីស អ៊ីនណឺជី (Kris Energy) កំពុង​ខ្វែង​គំនិត​គ្នា​លើ​ការ​បែងចែក​ផល​ចំណេញ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ៖ «ទី​មួយ​ទាក់ទង​នឹង​របប​សារពើពន្ធ ការ​កំណត់​ពន្ធដារ ពន្ធអាករ​ផ្សេងៗ។ ទី​ពីរ​ផ្នែក​ចំណូល​មិន​មែន​សារពើពន្ធ ដែល​ពាក់ព័ន្ធ​នឹង​របប​នឹង​ការ​ដាក់​កំហិត​ទៅ​លើ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ចំណាយ​ប្រេង»

​ដំបូង​ឡើយ ក្រុមហ៊ុន គ្រីស អ៊ីនណឺជី ដែល​បាន​ទិញ​សិទ្ធិ​វិនិយោគ​លើ​គម្រោង​បូម​ប្រេង​ក្នុង​ប្លុក​អេ ពី​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) បាន​ប៉ាន់​ប្រមាណ​ថា ត្រឹម​ឆ្នាំ​២០១៨ ក្រុមហ៊ុន​នឹង​អាច​ចាប់​ផ្ដើម​បូម​ប្រេង​ពី​អណ្ដូងប្រេង​ក្រោម​បាត​សមុទ្រ​កម្ពុជា ដែល​សង្ឃឹម​ថា នឹង​អាច​បូម​បាន​ប្រេង ៧០០​លាន​បារ៉ែល (១​បារែល= ១១៩,២៤​លីត្រ)។

​នៅ​ពេល​នោះ ប្រសិនបើ​ប្រេង​ថ្លៃ ៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល រដ្ឋាភិបាល​អាច​ទទួល​បាន​ផល​ជា​ទឹក​ប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ ក្នុង​រយៈពេល ៦​ឆ្នាំ នៃ​ប្រតិបត្តិការ​ខួង​ប្រេង ៦​ឆ្នាំ​ដំបូង ឬ​ទទួល​បាន ១២៥​លាន​ដុល្លារ ប្រសិនបើ​ប្រេង​ឡើង​ថ្លៃ​ដល់ ៩០​ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ក៏​ប៉ុន្តែ បើ​តាម​ក្រុមហ៊ុន​ផ្ដល់​ទិន្នន័យ​ឈ្មោះ Statista Inc. តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ កំពុង​បន្ត​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ឆ្នាំ​ចុង​ក្រោយ ដែល​ធ្លាក់​ចុះ​ពី ១០៩.៤៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅ​ឆ្នាំ​២០១២ មក​ត្រឹម ៥២​ដុល្លារ​នៅ​ឆ្នាំ​២០១៥។

ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ពី​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ អង្គការ​អុកស្វាម អាមេរិក និង​សម្ព័ន្ធ​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន​សន្និដ្ឋាន​ថា ក្រុមហ៊ុន​រុក​រក​ប្រេង​និង​រដ្ឋាភិបាល មិន​អាច​ទទួល​បាន​ផល​ចំណេញ​នោះ​ទេ ប្រសិនបើ​តម្លៃ​ប្រេង​ធ្លាក់​ក្រោម ៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល។

លោក ដុន ហបប៊ឺត ថ្លែង​ថា តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ គឺ​ពិបាក​ព្យាករ។ យ៉ាងណាក៏ដោយ យោង​តាម​សារព័ត៌មាន ស៊ី.អិន.ប៊ី.ស៊ី (CNBC) តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ អាច​ធ្លាក់​ដាំ​ក្បាល​ចុះ​ដល់ ២០​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅ​ឆ្នាំ​២០១៦ មុន​នឹង​អាច​ងើប​ឡើង​វិញ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។