លោកឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញ​សាកសួរ​សុខទុក្ខ ​សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីផ្តល់ថវិការសាងសង់អាគារអន្តេវាសិកដ្ឋាន ផ្តល់សៀវភៅសិក្សា និង សម្លៀកបំពាក់ ដែលសរុបជាង ៦០ម៉ឺនដុល្លា នៅស្នាក់ការកណ្តាល គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជារាជធានីភ្នំពេញ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទៅសាកសួរសុខទុក្ខ សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាអន្តរ ជាតិអាល់រ៉ស់ម៉ាស់ ជាសាលារៀនលំដាប់ស្តង់ដារអន្តរជាតិ មួយដំបូងគេ ដែលមានវត្តមាន នៅលើទឹក ដីនៃខេត្តត្បូងឃ្មុំ ក្នុងឃុំកោងកាង ស្រុកពញាក្រែក ជាគម្រោង ឧបត្ថម្ភរបស់សប្បុរសជននៃរដ្ឋគុយវ៉ែត តាមរយៈអង្គការពិភពលោកនៃក្តីមេត្តា មានតម្លៃប្រមាណ ៤លាន ដុល្លាអាមេរិក។

លោក Muhammad Fuad នាយកអង្គការ បានលើកឡើងថា សាលារៀននេះ មានអាគារសំខាន់ៗចំនួន១០ ក្នុងនោះអាគារ សិក្សា២ អន្តេវាសិកដ្ឋាន២ រោងជាង១ មន្ទីព្យាបាល១ វិហារ១ រោងបាយ១ ការិយាល័យ១ បន្ទប់គ្រូ១ផងដែរ។ រហូតមកដល់ពេលនេះសាលាទើបបានទទួលសិស្ស ចំនួន២២៣នាក់ មានពីថ្នាក់ មត្តេយ្យ ដល់ថ្នាក់ទី៤ កម្រិតបឋម ដែលសិស្សានុសិស្សត្រូវបង់ថ្លៃសិក្សា ពី២៥០ ដុល្លា ទៅ២៧០ដុល្លាក្នុងមួយឆ្នាំ ចំណែកសិស្សដែលស្នាក់នៅនិងហូបចុកក្នុង មជ្ឈមណ្ឌលត្រូវបង់ថ្លៃ ប្រមាណ៥០០ដុល្លា ដែលតម្លៃនេះ គឺមជ្ឈមណ្ឌលបានរាប់រងជូនប្រមាណ៥០ភាគរយឯណោះ។ រឺឯកុមារ កំព្រា១២៥នាក់ ត្រូវបានទទួលរ៉ាប់រងទាំងស្រុងទាំងការសិក្សា ស្នាក់នៅ និងហូបចុកជាដើម។  តាមគម្រោង នឹងបន្តទទួលសិស្សរហូតដល់កម្រិតមធ្យម និង បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

លោកបានបញ្ជាក់ថា ការដាក់ ដំណើរការបង្រៀននេះជាលក្ខណៈបណ្តោះអាសន្នសិន រងចាំការសម្ពោធ ដាក់អោយ ប្រើប្រាស់ ជាផ្លូវការដែល អង្គការមានគម្រោង អញ្ជើញថ្នាក់ដឹក នាំកំពូលៗរបស់រាជរដ្ឋាភិ បាលកម្ពុជា ផ្តល់កិត្តិយស សម្ពោធដាក់ អោយប្រើប្រាស់ជាផ្លូវការនៃមជ្ឈមណ្ឌលសិក្សាមួយនេះ។ លោកឧកញ៉ា អូស្មាន ហាស្សាន់ បានសម្តែងនូវ ការកោតសរសើរចំពោះអង្គកាពិភពលោកនៃក្តីមេត្តា សម្រាប់សាមិទ្ឋផល មជ្ឈមណ្ឌលអប់រំស្តង់ដា ដែលដុះឡើង ក្នុងសហគមន៍នៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដ៏វិសេសមួយនេះ ដែលជាគ្រឹះស្ថានអប់រំដែលបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរមុខមាត់ និងកម្រិតអប់រំជូនដល់កុមារាកុមារី សិស្សានុសិស្ស យុវជន ក្នុងខេត្ត និងសង្គមទាំងមូល អោយបានទទួលការអប់រំជាកម្រិតស្តង់ដា ការប្រើប្រាស់បរិក្ខាសិក្សា និង ឧបករណ៍ពិសោធន៍ទំនើប ដែលមជ្ឈមណ្ឌលរ៉ាប់រងជូនអាហារូបករណ៍៥០% ហើយ១០០%សម្រាប់ កុមារកំព្រា។ លោកឧកញ៉ាក៏បាន ផ្តាំផ្ញើដល់សិស្សានុសិស្សអោយខិតខំសិក្សា រៀនសូត្រឆក់យកឱកាស វិសេសនេះ ដោយនេះជាវ័យ មួយដែល ងាយនឹងចាប់យកការបណ្តុះបណ្តាលអប់រំ ដើម្បីឈានទៅ ចាប់យកជំនាញ វិជ្ជាជីវៈ និងបំនិន ដើម្បីចូលរួមទ្រទ្រង់ និង ស្តារអោយកាន់តែមានការជឿនលឿនឡើង នូវវិស័យអប់រំក្នុងសង្គមជាតិកម្ពុជាទាំងមូល។

បន្ទាប់មក លោកឧកញ៉ា អូស្មាន ហាស្សាន់ បន្តដំណើរទៅសាកសួរទុក្ខប្រជាពលរដ្ឋ និងពិនិត្យការដ្ឋាន សាងសង់វិហារឯស្លាម នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាអំណោយ របស់សប្បុរសជនប្រទេសអារ៉ាប់រួមអេមីរ៉េតលោក Abdul Ghaffar A. Khoory តាមរយៈអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ តាមរបាយការណ៍ វិហារនេះ មានទំហំ 20 គុណ 30 ម៉ែត្រ អាចចូលរួមថ្វាយបង្គំបានប្រមាណ ១០០០នាក់ ហើយចំនាយថវិកាប្រមាណ ១៤ម៉ឺនដុល្លា អាមេរិក ដែលសម្រេចបានការសាងសង់ប្រមាណ៧០ភាគរយហើយ។ គួរបញ្ជាក់ថា នេះជាសាមិទ្ឋផលទី៣ របស់សប្បុ រសជនរូបនេះ ដែលបានកសាងសាមិទ្ឋផលសាសនា ដែលទី១គឺអាគារវិហារឥស្លាមគីឡូម៉ែត្រលេខ៨ ទី២ វិហារឥស្លាមភូមិជរកែង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ប្រជាពលរដ្ឋក្នុងភូមិស្វាយឃ្លាំង បានសម្តែងនូវការកោតសរសើរចំពោះម្ចាស់ជំនួយ ក៏ដូចជាអង្គការ មូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា  ដែលបានដោះស្រាយនូវទុក្ខលំបាក ក្នុងសហគមន៍របស់ពួកគាត់ ហើយក៏បាន ថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានផ្តល់សិទ្ឋិសេរីភាព លើជំនឿសាសនា ហើយចូលរួមគាំទ្រគ្រប់សកម្មភាពនានា ដែលបម្រើដល់វិស័យ សាសនា ទាំងព្រះ ពុទ្ឋសាសនា និង ឥស្លាមសាសនា។