ប្រទេស​ទួ​គី និង​កម្ពុជា កំពុង​ពង្រឹង​ចំណងមិត្តភាព ទាំង​ខាង​សភា និង​រដ្ឋាភិបាល​

ភ្នំពេញ:
​ចំណង​ការទូត មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ទួ​គី ត្រូវគេ​សង្ឃឹមថា នឹងមាន​ការរីកចម្រើន រឹងមាំ​នាពេល​ខាង​មុននេះ​។ ជាមួយគ្នានេះ​ប្រទេស​ទួ​គី​បានស្នើ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ នៃ​ប្រទេស​ទំ​ង​ពីរ កម្ពុជា​-​ទួ​គី​ឲ្យ​រឹងមាំ និង​ច្រើន​វិស័យ​ថែមទៀត​។​

​ការលើកឡើង​នូវ​សំណើ​នេះ បានធ្វើ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ រវាង លោក អ៊ី​ល ហ៊ាន​កេ​មាល​តុង ( ILhan Kemal Tug ) ឯកអគ្គរដ្ឋទូត​ប្រទេស​ទួ​គី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥  នៅ វិមាន​រដ្ឋសភា​។​

​លោក អ៊ី​ល ហ៊ាន​កេ​មាល​តុង បាន​មានប្រសាសន៍​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ថា ជាការ​ពិត​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ បាន​នឹង កំពុង​បោះជំហាន ទៅ​មុខជា​លំដាប់ ប៉ុន្តែ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំងពីរ កម្ពុជា ទូ​គី​។ ប្រទេស​ទាំងពីរ ត្រូវ​ពង្រឹងពង្រីក ចំណងមិត្តភាព កិច្ច​សហប្រតិបត្តិ​បន្ថែមទៀត ទាំង​ខាង​កិច្ច​ការទូត សង្គម សេដ្ឋកិច្ច និង​វប្បធម៌​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង​ប្រទេស​និង​ប្រជាជន​ទាំងពីរ នឹង​រីកចម្រើន​រឹងមាំ នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ពោលគឺ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅកាន់​ប្រទេស​ទួ​គី នាពេលខាងមុខ​ឆាប់ៗ​នេះ​។​

​លោក អ៊ី​ល ហ៊ាន​កេ​មាល​តុង បាន​ជម្រាប ឯកឧត្តម ឈាង វុន ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី អញ្ជើញ​ទៅកាន់​ប្រទេស​ទួ​គី​នោះ កម្ពុជា​និង​ទួ​គី គ្រោង​នឹង​ជជែក​គ្នា​លើ​កិច្ចសហប្រតិបត្តិការ ខាង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍ ជាដើម​។​

​ចំពោះ​ទំនាក់ទំនង​កិច្ចការ​សភា​ប្រទេស​ទាំងពីរ​វិញ ត្រូវបាន លោក អ៊ី​ល ហ៊ាន​កេ​មាល​តុង គូសបញ្ជាក់ថា រដ្ឋសភា​ប្រទេស​ទួ​គី​កំពុង​រៀបចំ​បង្កើត​ឲ្យ​មាន​ក្រុម​មិត្តភាព​រដ្ឋសភា​ទួ​គី​-​កម្ពុជា ។ នៅពេល​ក្រុម​មិត្តភាព​នេះ ត្រូវបាន បង្កើត នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ រវាង​សភា​ប្រទេស​ទាំងពីរ ឲ្យ​រឹងមាំ​ថែមទៀត​ដោយ​ធ្វើការ​ជំរុញ ឲ្យ​មានដំណើរ​ទស្សនកិច្ច ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញ ទៅមក នៃ  ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​រដ្ឋសភា​ទាំងពីរ ផងដែរ​។​

​លោក ឈាង វុន បាន​ស្វាគមន៍​រាល់​ការលើកឡើង​របស់ លោក​ឯកអគ្គរដ្ឋទូត និង​គាំទ្រ​ដោយ​ក្តី​រីករាយ​បំផុត នៅពេល​ឃើញ​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​រីកចម្រើន ពិសេស​តាមរយៈ​ដំណើរ​ទស្សនកិច្ច របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ដែល​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​ទួ​គី ក្នុងពេល​ខាងមុខ​នោះ​។​

​លោក​ប្រធាន​គណៈកម្មការ បាន​គូសបញ្ជាក់ថា រដ្ឋសភា​កម្ពុជា​បាន​បង្កើត​ក្រុម​មិត្តភាព​ជាមួយ​រដ្ឋសភា បណ្តា​ប្រទេស​ជា​មិត្ត​ជាច្រើន​មកហើយ ក្នុងនោះ​ក៏មាន​ប្រទេស​ទួ​គី​ដែរ​។ ក្រុម​មិត្តភាព​កម្ពុជា​-​ទួ​គី មាន លោក​បណ្ឌិត​រដ្ឋ ជាម យៀប ជា​ប្រធាន ហើយ​ថា សភា​កម្ពុជា សូម​ស្វាគមន៍ នូវ​រាល់​កិច្ច​សហប្រតិបត្តិ រវាង​សភា រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​ប្រទេស​ទាំងពីរ​។​

​ជំនួប​ពិភាក្សា​ខាងលើ បាន​ស្ថិតនៅក្នុង​បរិយាកាស​រីករាយ ដោយ​ភាគី​ទាំងពីរ បាន​សម្តែង​ក្តីសង្ឃឹម​រួមគ្នា​ថា ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ នឹងមាន​ការរីកចម្រើន ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំងពីរ​ប្រទេស ទៅ​ថ្ងៃ​អនាគត​៕​

ប្រទេស​ទួ​គី និង​កម្ពុជា កំពុង​ពង្រឹង​ចំណងមិត្តភាព ទាំង​ខាង​សភា និង​រដ្ឋាភិបាល​

ប្រទេស​ទួ​គី និង​កម្ពុជា កំពុង​ពង្រឹង​ចំណងមិត្តភាព ទាំង​ខាង​សភា និង​រដ្ឋាភិបាល​

ប្រទេស​ទួ​គី និង​កម្ពុជា កំពុង​ពង្រឹង​ចំណងមិត្តភាព ទាំង​ខាង​សភា និង​រដ្ឋាភិបាល​