តាំង​ពិ​ព័រ​ណ៌​នៃ​កម្មវិធី​អ៊ិម អូ ស៊ី ១០១ ដើម្បី​បង្កើន​សមត្ថភាព​ក្រុមហ៊ុន​ដែល​ទើបតែ​ចាប់ដំណើរការ​ដំបូង

ភ្នំពេញ: អ៊ិម អូ ស៊ី ១០១ Incubator គឺជា​កម្មវិធី​មួយ​ផ្តួចផ្តើមឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង បង្កើន​សមត្ថភាព តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល ការជំរុញ​លើកទឹកចិត្ត និង​ការបង្ហាត់បង្រៀន អំពី​ទស្សនៈ​ថ្មីៗ​ដល់​ក្រុមហ៊ុន​ដែលមាន​ស្រាប់ និង​ក្រុមហ៊ុន ដែល​ទើបតែ​ចាប់ដំណើរការ​ដំបូង​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា​អធិបតី​នៃ​ការតាំងពិព័រណ៍​ក្រោម​គំនិត​ផ្តួចផ្តើម​នៃ​កម្មវិធី​អ៊ិម អូ ស៊ី ១០១ Incubator នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​កម្មវិធី​នេះ​បានផ្តល់​ការណែនាំ​ដល់​សហគ្រិន​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អំពី​របៀប​ស្វែងរក​ហិរញ្ញប្បទាន របៀប​លក់​ផលិតផល និង​ផ្តល់​ការយល់ដឹង​ដល់​ពួកគេ​អំពី​កត្តា​ផ្សេងទៀត ដែល​ជួយ​ឲ្យ​ពួកគេ​អភិវឌ្ឍ​អាជីវកម្ម​ដំបូង​របស់ខ្លួន​ឲ្យ​ទទួលបាន​ភាព​រីកចម្រើន​។​

​ក្រុម​សហគ្រិន​ចំនួន​៤៧​ក្រុម ត្រូវបាន​ជ្រើសរើស​ចេញពី​កម្មវិធី​បណ្តុះ​គំនិត​អាជីវកម្ម​និង​កម្មវិធី​បណ្តុះបណ្តាល ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​ចូលរួម​ក្នុងការ​តាំងពិព័រណ៍ ដែល​រៀបចំឡើង​ដើម្បី​បង្ហាញ​ពី​គំនិត​ចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ឲ្យ​ដល់​វិនិយោគិន​សាធារណៈ និង​វិនិយោគិន​សក្តានុពល​បាន​យល់ដឹង បន្ទាប់ពី​ពួកគេ​ឆ្លងកាត់​វគ្គ​Boot camp កន្លងមក​។​

​ទោះជា​យ៉ាងណាក្តី អ្នកចូលរួម​ទាំងអស់​គឺជា​អ្នកឈ្នះ​និង​ទទួល​អត្ថប្រយោជន៍​ពី​ការបង្ហាត់បង្រៀន និង​ការផ្តល់​ប្រឹក្សា ចំណែកឯ​ភ្ញៀវ​អញ្ជើញ​ចូល​ទស្សនា​ពិព័រណ៍​
​នឹង​មានឱកាស​ដាក់ពិន្ទុ​លើ​ការដាក់​តាំង​ផលិតផល​នីមួយៗ​
​ក្នុងអំឡុងពេល​នៃ​ការតាំងពិព័រណ៍ ហើយ​ក្រុមហ៊ុន​ទទួលជោគជ័យ​ចំនួន​១០
​នឹងត្រូវ​ជ្រើសរើស​ឲ្យ​ចូលរួម​ការធ្វើ​បទ​បង្ហាញ​ចុងក្រោយ ដែល​ពួកគេ​អាច​បង្ហាញ​ពី​គំនិត​អាជីវកម្ម​របស់ខ្លួន​​ដល់​វិនិយោគិន​កម្ពុជា​នានា​ប្រកបដោយ​សក្តានុពល​។​

​នៅក្នុង​សុន្ទរកថា​ស្វាគមន៍​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការកោតសរសើរ​ដល់គ​ណៈ​វិនិច្ឆ័យ គ្រូ​បង្គោល​ផ្តល់​ប្រឹក្សា គ្រូបង្រៀន អ្នកចូលរួម និង​អ្នកចាត់ចែង​កម្មវិធី ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ក្នុងការ​ធ្វើ​ឲ្យ​កម្មវិធី​អ៊ិម អូ ស៊ី ១០១ Incubator​នេះ ទទួលបាន​ជោគជ័យ ។ លោក​ទេសរដ្ឋមន្ត្រី សង្ឃឹមថា​៖ អ្នកចូលរួម​ទាំងអស់ ដែល​បាន​ឈានដល់​ដំណាក់កាល​នេះ នឹង​ទទួលបាន​ជោគជ័យ​នាពេល​អនាគត​ជាមួយនឹង “​គំនិត​អស្ចារ្យ​” របស់ខ្លួន និង​ជំនាញ ដែល​ពួកគេ​បានទទួល​ក្នុងអំឡុងពេល​វគ្គប​ណ្តុះ​គំនិត​អាជីវកម្ម​ដំបូង និង​អាច​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់ វិនិយោគិន​ក្នុង​ការជួយ​ឲ្យ​ពួកគេ​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ដំបូង និង​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជម្រាបជូន​ថា​៖ ក្រសួងពាណិជ្ជកម្ម​នឹង​រៀបចំ​កម្មវិធី​គំនិត​ផ្តួចផ្តើម​មួយ​ផ្សេងទៀត​ក្នុង​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​៖ “​យុទ្ធនា​ការទិញ ផលិតផល​កម្ពុជា​”៕​

តាំង​ពិ​ព័រ​ណ៌​នៃ​កម្មវិធី​អ៊ិម អូ ស៊ី ១០១ ដើម្បី​បង្កើន​សមត្ថភាព​ក្រុមហ៊ុន​ដែល​ទើបតែ​ចាប់ដំណើរការ​ដំបូង

តាំង​ពិ​ព័រ​ណ៌​នៃ​កម្មវិធី​អ៊ិម អូ ស៊ី ១០១ ដើម្បី​បង្កើន​សមត្ថភាព​ក្រុមហ៊ុន​ដែល​ទើបតែ​ចាប់ដំណើរការ​ដំបូង

តាំង​ពិ​ព័រ​ណ៌​នៃ​កម្មវិធី​អ៊ិម អូ ស៊ី ១០១ ដើម្បី​បង្កើន​សមត្ថភាព​ក្រុមហ៊ុន​ដែល​ទើបតែ​ចាប់ដំណើរការ​ដំបូង