ការមានផ្ទៃពោះ នៅសប្តាហ៍ទី ២៧

ការមានផ្ទៃពោះ នៅសប្តាហ៍ទី ២៧

​សប្តាហ៍​នេះ កូន​របស់​អ្នក​ទម្ងន់​ជិត ៩០០ ក្រាម​ហើយ (​ទំហំ​ប៉ុន​ក្បាល​ផ្កា​ខាត​ណាមួយ​តែម្តង​) ហើយ​ចំពោះ​ប្រវែង​ខ្លួន​វិញ បើ​សណ្តូកជើង​ឲ្យ​ត្រង់​គឺ ៣៦ សង់ទីម៉ែត្រ​។ គេ​កំពុងតែ​គេង​ហើយ​ភ្ញាក់ ដោយ​មាន​ចន្លោះពេល​ទៀងទាត់ បើកភ្នែក និង​បិទ​ភ្នែក​។ គេ​ប្រហែលជា​កំពុងតែ​ជញ្ជក់​ម្រាមដៃ​ទៀតផង​។ ជាមួយនឹង​ការលូតលាស់ របស់​ជាលិកា​ខួរក្បាល​កាន់តែច្រើន ឥឡូវនេះ ខួរក្បាល​របស់​កូន កំពុង​មាន​សកម្មភាព​ខ្លាំងណាស់​។ ខណៈពេល​ដែល​សួត​គេ មិនទាន់​ទុំ​នៅឡើយ តែ​វា​អាច​បំពេញ​មុខងារ​បាន​ហើយ (​ជាមួយ​ជំនួយ​ខាង​វេជ្ជសាស្ត្រ​ជាច្រើន​) បើសិនជា​គេ​ត្រូវ​សម្រាល​ពេល​ឥឡូវនេះ​។ ចូរ​កត់ត្រា​នូវ​រាល់​ចង្វាក់​ធ្វើ​ចលនា​ទាំងឡាយណា ដែល​អ្នក​មាន​អារម្មណ៍​ដឹង ហើយ​ការ​ត្អើក​របស់​កូន អាចជា​រឿង​កើតមាន​ជា​ញឹកញាប់​ណាស់​ដែរ​។ រាល់​ការ​ត្អើក​មួយពេលៗ អាច​កើតឡើង​តែ​ពីរ​បី​ដង​ប៉ុណ្ណោះ ហើយ​វា​ដូចជា​មិន​រំខាន​ដល់​កូន​ទេ ដូច្នេះ ចូរ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ទៅ​។

​ត្រីមាស​ទី​ពីរ កំពុងតែ​ខិត​ជិត​ដល់​ហើយ ប៉ុន្តែ នៅពេល​រាងកាយ​បង្កើនល្បឿន​សម្រាប់​ជុំ​ចុងក្រោយ អ្នក​ប្រហែលជា​ចាប់ផ្តើម សម្គាល់​ឃើញ​មាន​រោគសញ្ញា​ថ្មីៗ​មួយចំនួនទៀត​។ ឧទាហរណ៍ ជាមួយនឹង​ការឈឺ​ខ្នង អ្នក​ប្រហែលជា​មាន​អាការៈ​រមួលក្រពើ និង​ពេល​ក្រោយ​។ សរុបសេចក្តី​មក បញ្ហា​អស់ទាំង​នេះ កើតឡើង​ដោយសារតែ​ការឡើង​ទម្ងន់ ហើយ​ស្បូន​ដែល​កំពុង​តែ​លូតលាស់​ធំ​ទៅៗ​នោះ ក៏​កំពុងតែ​ដាក់​សម្ពាធ​ទៅលើ សរសៃ​វ៉ែន​ដែល​រត់​ពី​ជើង ចូល​បេះដូង និង​ទាំង​សរសៃប្រសាទ ចេញពី​ទ្រូង​ទៅ​ជើង​ដែរ​។

​ជា​អ​កុសល្យ ការ​រមួលក្រពើ ប្រហែល​ជា​កាន់តែ​ធ្ងន់​ទៅៗ​ហើយ នៅពេល​ការ​មាន​ផ្ទៃពោះ​កាន់តែ​វិវត្ត​ទៅមុខ​។ ការ​រមួលក្រពើ តែងតែ​កើតមាន​ជា​ញឹកញាប់ នៅពេល​យប់ ប៉ុន្តែ វា​ក៏​អាច​កើត​នៅ​ពេល​ថ្ងៃ​ដែរ​។ នៅពេល​មាន​អាការៈ​រមួលក្រពើ ការ​ប្រឹង​ពន្យឺត​សាច់ដុំ​ស្មងជើង គួរតែ​អាច​សម្រួល​ដល់ ការឈឺចាប់​បាន​មួយចំនួន​ដែរ​។ ​ចូរ​សណ្តូកជើង​ឲ្យ​ត្រង់ បន្ទាប់មក ទាញ​ម្រាមជើង ឆ្ពោះ​មក​ស្មងជើង​ថ្នមៗ​។ ការដើរ​រយៈពេល​ពីរ​បី​នាទី ឬ​ការ​ម៉ាស្សា​ស្មងជើង ពេលខ្លះ ក៏​អាច​មាន​ប្រយោជន៍​ដែរ​។

​វា​ប្រហែលជា​រឿង ដែល​នៅ​ឆ្ងាយ​ពី​ចិត្ត​របស់​អ្នក​បំផុត​ហើយ ប៉ុន្តែ វា​មិនមែន​ឆាប់​ពេក​ដែរ ដែល​ត្រូវ​គិត​អំពី គម្រោង​ក្នុង​គ្រួសារ​។ អ្នក​នឹង​ត្រូវ​សម្រេច​ចិត្ត​មួយចំនួន អំពី​ការគ្រប់គ្រង​នានា ក្រោយ​សម្រាលកូន​រួច មុន​ពេល​កូន​កើត​។ បើសិន​ជា​អ្នក​មាន​គំនិត​ចង់​ចងដៃ​ស្បូន ចូរ​យល់​ថា ការធ្វើ​បែប​នេះ ភាគច្រើន គឺ​ទាមទារ​ឲ្យ​អ្នក ចុះហត្ថលេខា​ទុកជាមុន យ៉ាងហោចណាស់​ក៏ ៣០ ថ្ងៃ​ដែរ​។ ដូច្នេះ បើសិនជា​ត្រូវការ​ជម្រើស ដោយ​ការវះកាត់ ក្នុង​ពេល​សម្រាលកូន​រួច មិនចាំបាច់​ចាំ​យូរ​ពេក​ទេ ក្នុង​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ​ទៅ (​អ្នក​នៅ​តែ​អាច​ប្តូរ​ចិត្ត នៅពេល​ក្រោយ​បាន​ដដែល​)៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។