​ឈឺ​ពេល​មាន​ផ្ទៃពោះ គួរ​ជួប​គ្រូពេទ្យ ទោះ​គ្មានអ្វី​ខុស​ប្រក្រតី ក៏​ធ្វើឲ្យ​អ្នក​ធូរ​ចិត្តដែរ​

​ឈឺ​ពេល​មាន​ផ្ទៃពោះ គួរ​ជួប​គ្រូពេទ្យ ទោះ​គ្មានអ្វី​ខុស​ប្រក្រតី ក៏​ធ្វើឲ្យ​អ្នក​ធូរ​ចិត្តដែរ​

​ការឈឺចាប់ និង​អារម្មណ៍​ចម្លែក​ជាច្រើន ដែល​កើតមាន​ក្នុងពេល​មាន​ផ្ទៃពោះ អាចជា​រឿង​ពិបាក ក្នុង​ការសម្រេច​ថា អ្វី​ទៅ​ធម្មតា និង​អ្វី​ទៅ ដែល​ត្រូវ​ទូរស័ព្ទ​ប្រាប់​គ្រូពេទ្យ ឬ​ឆ្មប​។ រោគ​សញ្ញា​មួយ​ចំនួន ប្រហែលជា​ត្រូវ​ការប្រញាប់​ខ្លាំង ឬ​មិន​សូវ​ប្រញាប់​ទេ ដោយ​អាស្រ័យ​ទៅតាម​ស្ថានភាព​ជាក់ស្តែង ឬ​ប្រវត្តិ​សុខភាព និង​រយៈពេល​យូរ​ប៉ុណ្ណា ដែល​អ្នក​មាន​ផ្ទៃពោះ​។ ខាងក្រោម​នេះ គឺជា​រោគសញ្ញា​មិនសូវ​ចាប់អារម្មណ៍ ដែល​អាច​ក្លាយទៅជា សញ្ញា​នៃ​បញ្ហា​មួយ​បាន​។ បើសិន​ជា​អ្នក​មាន​បញ្ហា​អស់ទាំង​នេះ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ឆ្មប​ភ្លាម ៖

​មុន​ឈាន​ដល់​សប្តាហ៍​ទី ៣៧
•​    ​មាន​សម្ពាធ​ក្នុង​អាង​ត្រគាក (​ជា​អារម្មណ៍​មួយ​ដែល​ថា កូន​កំពុងតែ​រុញ​ចុះក្រោម​) ឈឺ​ចង្កេះ (​ជាពិសេស បើសិន​វា​ជា​បញ្ហា​ថ្មី​សម្រាប់​អ្នក​) ឈឺ​រមួលៗ ឬ​ឈឺពោះ​ដូច​មក​រដូវ ឬ​ស្បូន​កន្ត្រាក់ ច្រើន​ជាង​បួន​ដង​ក្នុង​មួយ​ម៉ោង (​ទោះបីជា​មិន​ឈឺ​ក៏ដោយ​)
•​    ​ហូរ​ទឹករំអិល​តាម​ទ្វារមាស​កាន់តែខ្លាំង ឬ​ផ្លាស់ប្តូរ​ប្រភេទ​ទឹករំអិល អាច​ជា​ទឹក​សុទ្ធ សំ​បោរ ឬ​ឈាម (​ទោះបីជា​វា​មាន​ពណ៌​ផ្កាឈូក ឬ​ក្រហមព្រឿងៗ​ដូច​ឈាម​ក៏ដោយ​)​។​

​គ្រប់​ពេល​ទាំងអស់​
•​    ​កូន​កំពុងតែ​ធ្វើ​ចលនា ឬ​ធាក់​តិច​ជាង​ធម្មតា​
•​    ​ឈឺ​ពោះ ឬ​តឹង​ពោះ​ខ្លាំងក្លា ឬ​ជាប់​រហូត​
•​    ​ហូរឈាម ឬ​ហូរ​ទឹក​តាម​ទ្វារមាស​
•​    ​ឈឺចាប់ ឬ​ក្រហាយ​ពេល​នោម នោម​តិច ឬ​មិន​នោម​សោះ​
•​    ​ក្អួត​ជាប់​រហូត ឬ​ខ្លាំងក្លា ឬ​ក្អួត​កើត​ជា​មួយ​ការឈឺចាប់ ឬ​ក្តៅខ្លួន​
•​    ​ក្តៅខ្លួន​ចាប់ពី ៣៧,៧ អង្សារ​សេ​ឡើងទៅ​។
•​    ​ព្រឹល​ភ្នែក ឬ​ភ្នែក​មើលឃើញ​ពី​រៗ
•​    ​ឈឺ​ក្បាល​ជាប់​រហូត ឬ​ធ្ងន់ធ្ងរ ឬ​ការឈឺ​ក្បាល​ទាំងឡាយណា ដែល​មាន​ជាប់ទាក់ទង​នឹង​ការ​ព្រឹល​ភ្នែក និយាយ​ឡុ​លៗ ឬ​ស្ពឹក​។
•​    ​ហើម​មុខ ឬ​ជុំវិញ​ភ្នែក ហើម​ជើង ហើម​ប្រអប់ជើង ឬ​កែងជើង​ធ្ងន់ធ្ងរ ឬ​ភ្លាមៗ ឬ​ឡើង​ទម្ងន់​ភ្លាមៗ (​ច្រើនជាង ៦ គីឡូ​ក្នុង​មួយ​សប្តាហ៍​)
•​    ​ឈឺ​ស្មងជើង ឬ​ជើង​ជាប់​រហូត ឬ​ឈឺធ្ងន់ធ្ងរ ដែល​មិន​អាច​បាត់​ទៅ​វិញ នៅពេល​បត់​កែងជើង និង​ទាញ​ម្រាមជើង​មកទល់នឹង​ច្រមុះ ឬ​ជើង​ម្ខាង​ហើម​ខ្លាំង​ជា​ម្ខាង​ទៀត​។
•​    ​មាន​ការប៉ះទង្គិច​នៅលើ​ពោះ​
•​    ​សន្លប់ ឧស្សាហ៍​វិលមុខ បេះដូង​ដើរ​ញាប់ ឬ​ញ័រ​ទ្រូង​
•​    ​ពិបាក​ដកដង្ហើម ក្អក​ធ្លាក់​ឈាម ឬ​ឈឺទ្រូង​
•​    ​ទល់លាមក​ធ្ងន់ធ្ងរ ដែល​ទាក់ទង​ទៅ​នឹង​ការ​ឈឺពោះ ឬ​រាគ​ធ្ងន់ធ្ងរ រយៈពេល​ច្រើនជាង ២៤ ម៉ោង​។​
•​    ​រមាស់​ពេញ​ខ្លួន​ខ្លាំងក្លា និង​ជាប់​រហូត​
•​    ​ទោះបីជា​វា​មិនមែន ជា​រឿង​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​ក៏ដោយ (​ដូច​ជា​ការ​មាន​ជំងឺហឺត​ធ្ងន់ធ្ងរ ឬ​ផ្តាសាយ ដែល​កាន់តែ​ពិបាកៗ​ទៅ ច្រើន​ជាង​ធូរស្រាល​មក​វិញ​) ក៏​អ្នក​ត្រូវតែ​ទូរស័ព្ទ​ទាក់ទង​គ្រូពេទ្យ​ដែរ​។​

​ទោះបីជា​អ្នក មិនឃើញ​រោគសញ្ញា​របស់​អ្នក ដូច​អ្វី​ដែល​រៀបរាប់​ខាងលើ​ក៏ដោយ ចូរ​ជឿជាក់​ទៅលើ សភាវៈគតិ​របស់​អ្នក ហើយ​ទាក់ទង​មក​គ្រូពេទ្យ គ្រប់​ពេល​ដែល​អ្នក​បារម្ភ អំពី​ការ​មាន​ផ្ទៃពោះ​។ ពេលនោះ បើសិនជា​មាន​បញ្ហា​អ្វីមួយ អ្នក​នឹង​មាន​គេ​ជួយ​ភ្លាម​។ បើសិនជា​គ្មាន​អ្វី​ខុស​ប្រក្រតី​ទេ វា​ក៏​ធ្វើឲ្យ​អ្នក​ធូរចិត្ត​វិញ​ដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។