ក្រសួងការងារ នឹង​ចុះទៅ​សម្របសម្រួល​ នៅក្រុង​បាវិត​ក្រោយ ពីផ្ទុះការតវ៉ា

បាវិត៖ លោក អ៊ូ សាឃឿន ប្រធានមន្ទីរការងារ ខេត្តស្វាយរៀង ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅរសៀលថ្ងៃនេះថា បន្ទាប់ពីផ្ទុះការតវ៉ានៅតំបន់ សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិតនោះ មកដល់ល្ងាចថ្ងៃនេះ មិនទាន់មានដំណោះស្រាយទេ។ ការងារដែលអាជ្ញាធរត្រូវធ្វើពេលនេះ រងចាំសម្របសម្រួល ធ្វើយ៉ាងណាកុំអោយមានអំពើហិង្សា។

លោករកឃើញថា មូលហេតុ នៃការតវ៉ានេះកើតចេញពីការទាមទារដំឡើងប្រាក់ឈ្នួលបន្ថែមសំរាប់២០១៦ អោយបានដូចឆ្នាំ២០១៥ ពោលគឺបន្ថែម២០ដុល្លារ ពីលើប្រាក់ខែគោល។ នៅឆ្នាំ២០១៦ រោងចក្រតំឡើង អោយបានតែ១២ដុល្លារ ដូចនេះកម្មករគាត់ចង់បាន ដូចឆ្នាំ២០១៥។ កាលពីព្រឹកមិញនេះ អាជ្ញាធរមិនមានការប្រជុំ ជាមួយភាគីជាប់ពាក់ព័ន្ឋទេ តែកាលពីម្សិលមិញបានហៅសហជីពទាំងអស់ ទៅប្រជុំដើម្បីស្វែងរក ដំណោះស្រាយ។ ប៉ុន្តែក្រុមថៅកែរោងចក្រ នៅព្រឹកថ្ងៃនេះ ប្រជុំផ្ទៃក្នុងរបស់ខ្លួន។

លោកបន្ថែមថា នៅព្រឹកមិញនេះ អ្នកចូលបំរើការងារ មានប្រមាណជា៧០% កម្មករមិនមក៣០%។ចំពោះដំណោះស្រាយវិញ នឹងចេញនៅដើមសប្តាហ៍ក្រោយ។ អ្វីដែលជាកង្វល់របស់ក្រសួងការងារ គឺមានកម្មករខ្លះខ្លាចចំពោះ ការគំរាមគំហែងពីកម្មករ ដែលកំពុងធ្វើការតវ៉ា ដើម្បីអោយកម្មករផ្សេងទៀតចូលតវ៉ាដូចខ្លួនដែរ។ ជាមួយគ្នានេះដែរ ក្រុមអ្នកតវ៉ា ចេញពីក្រុមកម្មករមួយក្រុមតូច ដែលបំរើការងាររោងចក្រឈ្មោះឃីងមេឃឺ។ ក្រុមនេះ បានដើរញុះញង់ អោយកម្មករផ្សេងៗទៀត ធ្វើការតវ៉ា។

កាលពីថ្ងៃទី១៨ធ្នូ ក្រោយពីការតវ៉ាពីកម្មករ ក្នុងរោងចក្រប្រមាណជា៣០ ក្នុងចំណោម៤៨រោងចក្រ បាននាំគ្នាវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះ មានក្រុមមួយក្តាប់តូច បានយកដុំថ្មគប់បង្អើលកម្មករឯទៀត ដែលចូលធ្វើការឱ្យចេញមកក្រៅ មិនឱ្យធ្វើការ។ បន្ទាប់មកអាជ្ញាធរបានដាក់កំលាំងការពារ កម្មករដែលរក្សា ជំហធ្វើការដដែល។

លោក ជា មុន្នី ប្រធានសហជីពសេរីកម្មនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា មិនមានអ្នកនៅពីក្រោយខ្នងនៃការតវ៉ានេះឡើយ គឺផ្ទុះចេញពីកម្មករដែលចង់ បានប្រាក់បន្ថែម។ សំរាប់អនុសាសន៍របស់លោកជាមុន្នី គឺចង់អោយមានការសម្របសម្រួលជាបន្ទាន់មួយជាមួយតំណាងកម្មករ។ លោកអ៊ូ សាឃឿន ប្រធានមន្ទីរការងារខេត្តស្វាយរៀង បញ្ជាក់ថា ក្រសួងការងារមិនចង់អូសបន្លាយនៅក្នុងការដោះស្រាយឡើយ ប៉ុន្តែមិនមានតំណាងកម្មករ ឬសហជីពណាចេញមុខ មកជួបជាមួយក្រសួងការងារ តាមរយៈ មន្ទីរការងារខេត្ត។

កាលពីថ្ងៃទី១៧ធ្នូ GMAC បានផ្ញើរលិខិតជូន សម្តេចតេជោហ៊ុនសែន ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នជាប់ពាក់ព័ន្ឋ អោយជម្រុញការអនុវត្តន៍ ច្បាប់កុំអោយមានអំពើហិង្សា ទៅលើអ្នកវិនិយោគ។

រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងថា មានការឃោសនាញុះញង់ បំផុសចលនាអូសទាញបងប្អូនកម្មករ និយោជិក តាមរយៈក្រុមជ្រុលនិយមមួយក្តាប់តូច ឲ្យចូលរួមធ្វើកូដកម្ម ឬ បាតុកម្ម ដើម្បីទាមទរដំឡើងប្រាក់់ឈ្មួលករងារអប្បបរមា។ ការធ្វើកូដកម្ម បាតុកម្មដោយខុសច្បាប់ អាចឈានទៅដល់ការប្រើអំពើហិង្សាផ្សេងៗ ធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ខូចខាតទ្រព្យសម្បត្តិ អាយុជីវិតកម្មករ បាត់ជំនឿទុកចិត្ត ពីអ្នកវិនិយោគ និងជាពិសេសធ្វើឲ្យបាត់បង់ ផលប្រយោជន៍ របស់កម្មករផ្ទាល់។ រដ្ឋបាលខេត្ត និងអនុវត្តតាមគោលការច្បាប់ ដើម្បើថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិកស្លូតត្រង់ និងមានវិការតាមផ្លូវច្បាប់ ចំពោះជនមួយចំនួនតូច ដែលធ្វើឲ្យខូចរបៀបរៀបរយ សន្តិសុខសណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិអ្នកដទៃ និងទ្រព្យសម្បត្តិសាធារណៈ។

នៅក្នុងឆ្នាំ២០១៥នេះ គណៈកម្មការប្រឹក្សាការងារបានពិភាក្សា និងឈានទៅសម្រេចការដំឡើងប្រាក់ឈ្នួលការងារអប្បបរមា ឲ្យបានសមស្របទៅនិង ស្ថានភាព សេដ្ឋកិច្ចនៅកម្ពុជា និងក្នុងតំបន់ ដោយគណៈកម្មកាប្រឹក្សាការងារ សម្រេចដំឡើង ប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និយោជិក១៤០ដុល្លារ ក្នុងមួយខែ  គិតចាប់ពីខែមករា ឆ្នាំ២០១៦តទៅ៕

ក្រសួងការងារ នឹង​ចុះទៅ​សម្របសម្រួល​ នៅក្រុង​បាវិត​ក្រោយ ពីផ្ទុះការតវ៉ា