ទារកចំឡែក កើតមកគ្រឿងក្នុងនៅក្រៅខ្លួន និងមានដងខ្លួនមួយកំណាត់

មណ្ឌលគិរី៖ មានករណីមួយ គួរឲ្យភ្ញាក់ផ្អើល បានកើតឡើង នៅក្នុងស្រុកកែវសីម៉ា ទារកកើតមក មិនគ្រប់លក្ខណៈ គ្រឿងក្នុងនៅខាងក្រៅដងខ្លួន, មានដងខ្លួនមួយកំណាត់, ជើងមួយចំហៀង, និងមានម្រាមដៃតែមួយប៉ុណ្ណោះ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅមណ្ឌលសុខភាព អូរអាម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង ១៦និង២០នាទី ល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីបង្កើតកូនបែបចំឡែក នេះមានឈ្មោះ ថាង ស្រីនិច អាយុ ២៥ឆ្នាំ និងប្តីឈ្មោះ ជួន រតនៈ មានទីលំនៅ ភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានមកសំរាលកូន នៅមណ្ឌុលសុខភាព អូរអាម ស្រុកកែវសីម៉ា ខេត្តមណ្ឌុលគិរី បានទារកមួយមិនគ្រប់ខែ ហើយបានប៉ុន្មាននាទី ក៏ស្លាប់ទៅវិញ មិនដឹងភេទប្រុស ឬស្រីទេ ទារកនោះមានទម្ងន់ ១,៨០គីឡូក្រាម។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ចំណែកសុខភាពម្តាយទារកនោះ មានសុខភាពធម្មតាទេ។

គ្រូពេទ្យធ្វើការក្នុង មណ្ឌលសុខភាពស្រុក បានឲ្យដឹងថា នេះមកពីម្តាយទារកមិនបានយកចិត្តទុកដាក់ និងថែរក្សាសុខភាព ពេលមានផ្ទៃពោះ ហើយមិនបានមកពិនិត្យសុខភាពរបស់ទារក កំពុងតែពរផ្ទៃ ទើបមានហេតុការណ៍ ចំឡែករបៀបនេះកើតឡើង។

សូមបញ្ជាក់ថា គ្រូពេទ្យសំណូមពរដល់មាតាបីតា ដែលមានប្រពន្ធមានផ្ទៃពោះ សូមមកមន្ទីពេទ្យ ដើម្បីចាក់ថ្នាំបង្ការការពារ ការវិវត្តន៌នៃទារករហូតដល់ពេលប្រសូត្រតែម្តង។ រឿងហេតុទារកកេីតមកមិនប្រក្រតីនេះ មានពីរលើកមកហើយក្នុង ស្រុកកែវសីម៉ានេះ ដោយលើកទីមួយ ទារកកើតមកមានដងខ្លួនពេញលេញ តែចំឡែកត្រង់មានលលាដ៏ក្បាលដល់ទៅពីរ៕