ក្រសួង​ស្នើ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ផ្ដល់​ឯកសារ​ស្រាវជ្រាវ​របស់​ខ្លួន​​ប្រើ​ជា​សាធារណៈ

ក្រសួង​អប់រំ​យុវជន និង​កីឡា ស្នើ​ដល់​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ និង​ឯកជន ផ្ដល់​ឯកសារ​​បទ​បង្ហាញ​កិច្ចការ​ស្រាវជ្រាវ និង​និក្ខេបបទ​របស់​សាស្ត្រាចារ្យ និង​និស្សិត សម្រាប់​ផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង។

លិខិត​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ បញ្ជាក់​ថា ការ​ប្រមូល​ឯកសារ​ស្រាវជ្រាវ​ទាំង​នោះ ដើម្បី​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ថ្មី ដែល​ក្រសួង​ទើប​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវការ សម្រាប់​ចែកចាយ​ឯកសារ​ទាំង​នោះ​ជា​ធនធាន​អប់រំ​ឲ្យ​កាន់តែ​សម្បូរ​បែប​ដល់​សាធារណជន​ទូទៅ អាច​ស្វែង​រក​បាន​គ្រប់​ពេល និង​គ្រប់​ទីកន្លែង។

គេហទំព័រ​ថ្មី​របស់​ក្រសួង​អប់រំ ជា​មជ្ឈមណ្ឌល​ធនធាន​អប់រំ​អេឡិចត្រូនិក (www.krou.moeys.gov.kh) ដែល​មាន​ឯកសារ​សម្បូរ​បែប​រួមមាន ឯកសារ​ពហុមេឌៀ​អន្តរកម្ម វីដេអូ​អប់រំ កិច្ចការ​ស្រាវជ្រាវ ដើម្បី​លើក​កម្ពស់​ការ​ចែករំលែក​ចំណេះ​ដឹង គ្រប់​កម្រិត​ពី​ថ្នាក់​មត្តេយ្យ រហូត​​ថ្នាក់​ឧត្ដម និង​ការ​ស្រាវជ្រាវ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ជា​មូលដ្ឋាន ស្រប​តាម​ទិសដៅ​កំណែ​ទម្រង់​អប់រំ និង​គោល​នយោបាយ​ស្ដីពី​ចក្ខុ​វិស័យ​ឧត្ដម​សិក្សា​២០៣០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។